Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៥

ខេត្តសៀមរាប៖សម្ដេច មហាមន្រ្ដី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមនឹងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំ ព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត ដែលព្រះរាជពិធីនេះ នឹងប្រារព្ធទៅនៅថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥ នៅខាងមុខប្រាសាទអង្គរវត្ត។

ក្នុងឱកាសចុះពិនិត្យនោះ សម្ដេច មហាមន្រ្ដី គុយ សុផល បានបង្ហាញថា ការជ្រើសរើសមុខប្រាសាទអង្គរវត្ត ធ្វើជាទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធីនេះដោយសារតែទីតាំងនោះ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធរវាងកេរដំណែលប្រវត្តិសាស្ត្រ និងព្រលឹងបុព្វបុរសខ្មែរ។ អង្គរវត្ត ជាទឹកដីដ៏ស័ក្ដិសិទ្ធនៃព្រលឹងបុព្វបុរសខ្មែរ និងជាទីតាំងដ៏រុងរឿងនៃប្រទេសខ្មែរកាលពីសម័យបុរាណ។ ដូច្នេះទីតាំងនៅទីនោះមានអំណោយផលល្អសម្រាប់ការប្រារព្ធព្រះរាជពិធីនេះបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា។ ហើយព្រះរាជពិធីនេះដែរ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជាថែមទៀតផង។

សម្ដេច មហាមន្រ្ដី បង្ហាញទៀតថា ព្រះរាជពិធីនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ ហើយវាក៏បានឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ និងប្រពៃណីដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ ដែលប្រជាជនតែងតែប្រារព្ធធ្វើតាមស្រុកតាមភូមិនីមួយៗ។

សម្ដេច មហាមន្រ្ដី ជឿជាក់ថា ការប្រារព្ធព្រះរាជពិធីនេះនៅទីនេះ ក៏ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មខ្មែរបុរាណទៅកាន់ពិភពលោក ក៏ដូចជាការទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសកម្ពុជាផងដែរ។ ក្នុងន័យនេះ សូមឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ និងសហការជិតស្និទ្ធ ដើម្បីបំពេញភារកិច្ចទៅតាមមុខជំនាញឯកទេសរបស់ខ្លួនឆ្ពោះទៅសម្រេចលទ្ធផលល្អប្រសើរលើការងារសន្តិសុខសណ្ដាប់ធ្នាប់ បដិសណ្ឋារកិច្ច ទីតាំង ពេលវេលា និងសកម្មភាពពាក់ព័ន្ធសំខាន់ៗក្នុងពេលប្រារព្ធព្រះរាជពិធី៕SRP

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២៥

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបនិងរៀបចំកម្មវិធីដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណ:គំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១២ ខែមីនាខាងមុខនេះ។

កិច្ចប្រជុំត្រៀមរៀបចំ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម តោ គឹមស៊ាន និង លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សានេះ គឺដើម្បីត្រៀមរៀបចំអបអរសាទរ និងលើកទឹកចិត្តដល់ កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ របស់អង្គភាពជ័យលាភីទាំង៣ ប្រចាំឆ្នាំ២០២៤ របស់ខេត្តសៀមរាប ក៏ដូចជាផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ អំពីការប្រកួតប្រជែងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។ សម្រាប់ក្បួននឹងដង្ហែចេញពីសាលាខេត្ដសៀមរាប ជាមួយការរៀបចំខ្លឹមសារសារសំឡេង និងអបដោយពាក្យស្លោកដ៏មានអត្ថន័យផ្សេងៗគ្នាផងដែរ។

សូមជម្រាបថា ជ័យលាភីទាំង៣ ដែលនឹងរៀបចំពិធីដង្ហែនេះរួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស និង ពានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ៧ ទូទាំងប្រទេស គឺវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក និងសាលាមត្តេយ្យសិក្សាធនធានអង្គរ។

ការវាយតម្លៃនេះ គឺដើម្បីពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យគោលទាំង៨ សម្រាប់ការវាយតម្លៃ និងការទទួលស្គាល់បេក្ខភាពផ្តល់សេវសាធារណៈគំរូ រួមមាន៖១.ស្តង់ដាសេវាសាធារណៈ, ២.ស្តង់ដានិយាមនៃការផ្ដល់សេវាសាធារណៈសម្រាប់អង្គភាព, ៣.ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងអង្គភាព, ៤.ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព, ៥.ការរៀបចំ និងកែលម្អបរិស្ថានក្នុងអង្គភាព, ៦.ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ, ៧.ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ អាជ្ញាធរ និងសហគមន៍ និង៨.ការផ្តួចផ្តើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរការល្អប្រសើរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២៥

ខេត្តសៀមរាប៖ក្នុងនាមឯកឧត្តម ប្រាក់​ សោភ័ណ​ អភិបាលខេត្តសៀមរាប លោក​ យុន​ លីនណេ​ អភិបាលរងខេត្ត​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA​ ដែលបានបន្តគម្រោងទីក្រុងឆ្លាតវៃដល់ខេត្តសៀមរាបជំហាន២​ មានរយៈពេល ៣ឆ្នាំ ដែលនឹងចាប់ផ្តើមពីខែសីហា ឆ្នាំ២០២៥ រហូតដល់ខែឧសភា ឆ្នាំ២០២៨។ ទន្ទឹមនឹងនេះ លោក​ អភិបាលរងខេត្ត​ក៏បានថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេស Jica​​ ខេត្តសៀមរាប​ ដែលបានជួយសម្របសម្រួល គាំទ្របច្ចេកទេស និងរៀបចំឱ្យទីក្រុងឆ្លាតវៃជំហាន១ បានជោគជ័យតាមការគ្រោងទុក។

លលោកអភិបាលរងខេត្តបានបន្តថា រដ្ឋបាលខេត្តសៀមរាបសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារបច្ចេកទេស​ Jica​ នឹងបន្តសហការក្នុងការសម្របសម្រួលរៀបចំ និងគាំទ្រគម្រោងទីក្រុងឆ្លាតវៃជំហាន២នេះឱ្យទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។

លោកអភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធិចុះហត្ថលេខាលើកំណត់ហេតុ​នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ជំហាន២
បន្ទាប់ពីភាគីទាំងពីបានប្រជុំពិភាក្សាគ្នាជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលសម្រាប់កែសម្រួល និងរៀបចំផែនការសម្រាប់អនុវត្តគម្រោងទីក្រុងឆ្លាតវៃសៀមរាប ជំហាន២រូចមក។

សូមជម្រាបថា នៅថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំលេខ១ សាលាខេត្តបានរៀបចំពិធីហត្ថលេខាលើកំណត់ហេតុ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត​ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាបជំហាន២ រវាងរដ្ឋបាលខេត្តដឹកនាំដោយលោក យុន លីនណេ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ប្រាក់​ សោភ័ណ​ អភិបាលខេត្ត ជាមួយភាគីជប៉ុន ចៃការ (Jica) ដឹកនាំដោយលោក​ អាបេ​ ម៉ាសានូរិ​(ABE Masanori) ប្រធានក្រុមការងារអភិវឌ្ឍន៍ទីក្រុង និងតំបន់ នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នៃភ្នាក់ងារចៃការ (Jica)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២៥

ខេត្តសៀមរាប៖ស្ត្រីម្នាក់អ្នកបណ្ដើរកង់ឆ្លងផ្លូវបានបាត់បង់ជីវិតខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយសារម៉ូតូបុក។

ហេតុការណ៍បានកើតឡើង នៅរសៀល ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥ នៅចំណុច ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២៧៨_២៧៩ ស្ថិតនៅក្នុងភូមិជីគាក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។

សមត្ថកិច្ចបានប្រាប់ ទីភ្នាក់សៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃចន្ទនេះថា គ្រោះថ្នាក់ចរាចរណ៍បង្កដោយម៉ូតូម៉ាកC125 ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1B-1320  បើកបរដោយឈ្មោះ សន ផាន ភេទប្រុស អាយុ៤៤ ឆ្នាំ ទីលំនៅភូមិសំបួរ ឃុំពង្រក្រោម ស្រុកជីក្រែង (របួសស្រាល) បើកបរក្នុងទិសដៅពីកើតទៅលិច បុកអ្នកបណ្ដើរកង់ឆ្លងផ្លូវម្នាក់។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះឡាច សូ ភេទស្រី អាយុ ៦៩ឆ្នាំ ទីលំនៅភូមិជីគាក ឃុំគៀនសង្កែ ស្រុកសូទ្រនិគម។ មូលហេតុ អ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿន ចំណែកអ្នកបណ្ដើរកង់ ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២៥

ប្រសាសន៍ឯកឧត្តម សុខ សប្បាយណា៖ “ អង្គរសង្ក្រាន្ត ធ្វើឡើងក្នុងគោលបំណង ផ្តល់ឱកាសឱ្យពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្មផលិតផល សិប្បកម្ម និងសេវាកម្ម នានា ទទួលបានប្រយោជន៍ធុរកិច្ចពីកំណើនទេសចរណ៍”

ប្រសាសន៍ឯកឧត្តម សុខ សប្បាយណា៖” កម្មវិធីពិសេសថ្មីមួយនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងឆ្នាំនេះគឺមានឈ្មោះថា ចង្វាក់បេះដូងអង្គរ ( Angkor comes to life)។

ប្រសាសន៍ឯកឧត្តម សុខ សប្បាយណា៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ ២០២៥ មាន ៣៨ កម្មវិធី ៣៤ ក្រុមការងារ និងយុវជនស្ម័គ្រចិត្តប្រមាណ ៥០០០ នាក់

សន្និសីទសារព័ត៌មានស្ដីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ “ស្នាមញញឹមសាទរសង្ក្រាន្ដឆ្នាំថ្មី” រៀបចំដោយស.ស.យ.ក. បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០២៥។ សន្និសីទសារព័ត៌មាននេះមានការចូលរួមដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិអង្គរសង្ក្រាន្ដ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សារា ជាពិសេសអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

ឯកឧត្តមសប្បាយណា ប្រធានក្រុមការងារប្រតិបត្តិបានមានប្រសាសន៍ថា គោលបំណងនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តគឺដើម្បីជួបជុំយុវជន និងមហាជន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ជាមហាគ្រួសារខ្មែរ។ បន្ថែមពីនេះ
អង្គរសង្រ្កាន្តក៏មានគោលបំណង រម្លឹក និងធ្វើឱ្យរស់រវើកឡើងវិញនៃ “មរតកបេតិកភណ្ឌអរូបី នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបី” ដែលធ្វើ ឱ្យ“អង្គរមានជីវិត” ជាពិសេសនោះគឺផ្តល់ឱកាសឱ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់ និងទទួលបានបទពិសោធ បន្ថែមអំពី ភាពរុងរឿង ល្បី ល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាផ្តល់ឱកាសឱ្យពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្មផលិតផល សិប្បកម្ម និងសេវាកម្ម នានា ទទួលបានប្រយោជន៍ធុរកិច្ចពីកំណើនទេសចរណ៍។

ឯកឧត្តមបានបន្តថាក្នុងឆ្នាំ ២០២៥ នេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងមានកម្មវិធីចំនួន ៣៨ ក្រុមការងារ៣៤ និងយុវជនស្ម័គ្រចិត្តចំនួនប្រមាណ ៥០០០ នាក់ ដើម្បីធ្វើយ៉ាងឱ្យព្រឹត្តិការព៍នេះប្រព្រឹត្តទៅដោយរលូន និងមានភាពទាក់ទាញ។ ឯកឧត្តមបានរំលេចបន្ថែមថា កម្មវិធីពិសេសថ្មីមួយនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងឆ្នាំនេះគឺមានឈ្មោះថា ចង្វាក់បេះដូងអង្គរ ( Angkor comes to life)។

សូមជម្រាបជូនថាចង្វាក់បេះដូងអង្គរ គឺជាការសម្តែងទស្សនីយភាពរយៈពេល ៣ថ្ងៃ ដែលនឹងបង្ហាញពីភាពប្រសព្វគ្នានៃការរម្លឹក ធ្វើឱ្យរស់រវើក និងផ្សារភ្ជាប់ជីវិត នៃមរតកបេតិកភណ្ឌអរូបី នៅលើទីតាំងនៃមរតកបេតិកភណ្ឌ និងផ្តល់ឱកាសដ៏ពិសេសជូនប្រជាពលរដ្ឋ “មួយដងក្នុងមួយជីវិត” ក្នុងការទស្សនាការសម្តែងក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលនឹងបង្កើតជាការចងចាំ ក្តីស្រឡាញ់ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page42 Page43 Page44 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!