ខេត្តមណ្ឌលគិរី៖សេចក្ដីរាយការណ៍បានឲ្យថាឈ្មួញរកស៊ីឈើម្នាក់ឈ្មោះឆាយ មានអំណាច យ៉ាងខ្លាំងក្នុងការបង្កើនសកម្មភាព ដឹកជញ្ជូនឈើតាមរថយន្តជាច្រើនគ្រឿង ចេញពីខេត្តមណ្ឌលគិរី ទៅបាត់ដំបង ដោយគ្មានអ្នកបង្ក្រាបនោះទេ។
យោងតាមលិខិតរបស់រដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានឲ្យដឹងថា បានអនុញ្ញាតឱ្យ លោកស្រីអៀម ស៊ីណា ប្រធានក្រុមហ៊ុន ណេង ណា អ៉ិនវេសម៉ិនឯក ដឹកជញ្ជូនឈើចេញពីស្រុកកោះញែកខេត្តមណ្ឌលគិរី ឆ្ពោះទៅខេត្តបាត់ដំបង។ ក៏ប៉ុន្តែសកម្មភាពដឹកជញ្ជូនឈើនេះ ត្រូវបានគេដឹងថាឈ្មោះឆាយ ជាអ្នករត់ការ ជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធតាមបណ្តាខេត្តទាំងអស់ ដើម្បីសម្រួលក្នុងការដឹកជញ្ជូនឈើឲ្យបានរលូន។
ជាក់ស្ដែងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ មានរថយន្តយីឌុបដឹកឈើ ជាច្រើនគ្រឿងចេញពីខេត្តមណ្ឌលគិរី ឆ្លងកាត់ខេត្តស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយជ័យ ឆ្ពោះទៅចែកចាយដល់ខេត្តបាត់ដំបង ដោយមិនមានការទប់ស្កាត់ត្រួតពិនិត្យបង្ក្រាបពីអាជ្ញាធរជំនាញពាក់ព័ន្ធនោះឡើយ។ ប្រការដែលអាជ្ញាធរជំនាញពាក់ព័ន្ធមិនមានឆន្ទៈក្នុងការត្រួតពិនិត្យបង្ក្រាបបែបនេះ ត្រូវបានគេសង្ស័យថាត្រូវរ៉ូវគ្នាជាមួយពួកឈ្មួញ។
ជុំវិញការដឹកជញ្ជូនឈើនេះសមត្ថកិច្ចខេត្តឧត្ដរមានជ័យ បានបព្ជាក់ថា រថយន្តយីឌុបដឹកឈើខាងលើ គឺមានច្បាប់រួចហើយ ដឹកចេញពីមណ្ឌលគីរី ទៅខេត្តបាត់ដំបង។
លោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មបានប្រាប់អ្នកសារព័ត៌មានថាលោកមិនបានដឹងរឿងនេះទេ ព្រោះខាងខណ្ឌរដ្ឋបាលព្រៃឈើ មិនបានប្រាប់លោកឡើយ។ មានការលើកឡើងថា ក្រុមហ៊ុនដែលមានលិខិតអនុញ្ញាតក្នុងការដឹកជញ្ជូនឈើនេះ ត្រូវបានគេសង្ស័យថា ប្រមូលទិញឈើដោយអនាធិបតេយ្យពីក្រុមឈ្មួញ។
ពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនឈើនេះ បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីតំណាងក្រុមហ៊ុន និងអាជ្ញាធរជំនាញពាក់ព័ន្ធនៅឡើយទេ។ ប៉ុន្តែករណីនេះ ប្រភពបានអះអាងថារថយន្តដឹកឈើទាំងនេះ មានលិខិតអនុញាត្តត្រឹមត្រូវ៕SRP