ខេត្តបាត់ដំបង៖ក្នុងឱកាសចុះសំណេះសំណាល និងសួរសុខទុក្ខជាមួយកងកម្លាំងការពារព្រំដែន ក្នុងស្រុកសំឡូត និងស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើដល់កងកម្លាំងការពារព្រំដែនទាំងអស់ បន្តគោរពតាមបទបញ្ជាដែលថ្នាក់លើ បានដាក់មក បន្តពង្រឹងសាមគ្គីភាពគ្នា នៅក្នុងអង្គភាពរបស់ខ្លួន និងជាពិសេសបន្តហ្វឹកហាត់ សមត្ថភាពរបស់ខ្លួនឲ្យកាន់តែល្អប្រសើរជាលំដាប់ និងជាពិសេសត្រូវខិតខំប្រឹងប្រែងបម្រើការពារប្រជាពលរដ្ឋ ព្រោះភារកិច្ចរបស់យើងគឺបម្រើការពារប្រជាពលរដ្ឋ មិនមែនមកបន្ថែមបន្ទុបលើពួកគាត់ឡើយ។ លោកថា ត្រូវបន្តក្នុងការការពារព្រំដែនឲ្យបានគង់វង្ស និងរក្សាឲ្យបាននូវទឹកដីនេះ ដោយមិនត្រូវឲ្យប្រទេសណាឈ្លានពានបានឡើយ។
លោកក៏បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់កងកម្លាំងការពារព្រំដែនក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារព្រំដែន ការពារបូរណភាពទឹកដី និងជាពិសេស មិនត្រឹមតែមានភារកិច្ចការពារព្រំដែនតែមួយមុខទេ ក្នុងនោះក៏បានចូលរួមចំណែកក្នុងការការពារសុខសន្ដិភាពជូនប្រជាពលរដ្ឋ និងការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ផងដែរ៕SRP