ខេត្តសៀមរាប៖លោក គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងភូមិសាស្ត្រស្រុកជីក្រែង ចំនួន ៦០គ្រួសារ (ក្នុងនោះប៉ះពាល់ធ្ងន់ទាំង ៦០ខ្នង) ករណីរងគ្រោះនេះកើតឡើងកាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥កន្លងទៅ។
ពិធីចែកអំណោយនៅធ្វើនៅបរិវេណវត្តសុវណ្ណារាម (ហៅវត្តថ្មី) ស្ថិតក្នុងភូមិសំបូរ ឃុំពង្រក្រោម ស្រុកជីក្រែង។
មានប្រសាសន៍នាឱកាសនោះ លោកអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលតែងតែចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ស្របតាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែគាំទ្រយ៉ាងខ្ជាប់ខ្ជួនក្នុងការកៀរគរមូលនិធិសប្បុរសធម៌សម្រាប់សាខា កក្រក ខេត្តសៀមរាប ដើម្បីជួយដល់ជន ងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយ ឬគ្រោះធម្មជាតិជាយថាហេតុ ដូចយ៉ាងខ្យល់កន្ត្រាក់ និងឧបទ្ទវហេតុផ្សេងៗ។ល។
លោកបន្តថា បន្ទាប់ពីទទួលបានព័ត៌មានអំពីខ្យល់កន្ត្រាក់នេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមការងារ ដើម្បីចុះពិនិត្យជាបន្តបន្ទាប់ និងរៀបចំអំណោយមនុស្សធម៌ជូនបងប្អូននាពេលនេះ។
ឆ្លៀតក្នុងឱកាសនោះ លោកបានសម្តែងនូវការសោកស្តាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ ដ្បិតអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខូចខាតរបស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ និងគិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស័ង្កសី១០សន្លឹក និងថវិកា៥ម៉ឺនរៀល៕SRP