ខេត្តព្រះវិហារ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាបើទោះបីជាមានការរឹតបណ្តឹងពីសំណាក់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ស្កាត់បទល្មើសព្រៃឈើយ៉ាងណាក៏ដោយ ក៏សកម្មភាពដឹកជញ្ជូនឈើនៅខេត្តព្រះវិហារនៅតែបន្តកើតមានយ៉ាងគគ្រឹកគគ្រេងបំផុតដោយមិនមានអ្នកបង្ក្រាបនោះទេ។
សេចក្ដីរាយការណ៍បានបន្តថាក្រុមឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ ខ្លាំងក្លាជាងមុនទៅទៀតព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ ជាអ្នកបើកដៃ។ ព្រោះថាប្រសិនបើជាមន្ត្រីទាំងនោះមិនឃុបឃុតគ្នាបើកដៃទេនោះ ក៏ពួកឈ្មួញមិនហ៊ានធ្វើសកម្មភាពបានដោយរលូនដែរ។
ប្រភពបានឲ្យដឹងទៀតថា លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលក្រុមឈ្មួញបង្កើនសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ចូលទៅខេត្តកំពង់ធំ យ៉ាងពេញបន្ទុកទាំងយប់ទាំងថ្ងៃ។ទន្ទឹមនឹងនេះលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏រក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើដែលកើតឡើងយ៉ាងអនាធិបតេយ្យនោះដែរ។
មជ្ឈដ្ឋាននានាបានលើកឡើងថា ករណីឈ្មួញអាចប្រើប្រាស់រថយន្តសាំយ៉ុងនិងរថយន្តច្រើនប្រភេទទៀតដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ចូលទៅខេត្តកំពង់ធំ គឺមានការឃុបឃិតបើកដៃពីលោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ផងដែរ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុករវៀង បានឲ្យដឹងថា ការដែលលោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង រងការរិះគន់ថាបានឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុក សង្ស័យមានការសម្របសម្រួលពីសំណាក់លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ។ ចំណែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ សម្ងំទទួលផលប្រយោជន៍ យ៉ាងសុខស្រួលក្នុងខណៈដែលព្រៃឡង់ និងព្រៃព្រះរកា ខេត្តព្រះវិហារ រងការបំផ្លាញយ៉ាងមហន្តរាយ។
តាមការបង្ហើបពីក្រុមឈ្មួញដែលដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ បានឲ្យដឹងថា ពួកគេបង់លុយតាមការកំណត់របស់មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធទើបអាចចៀសផុតពីការបង្ក្រាបហើយដឹកជញ្ជូនឈើទៅដល់គោលដៅ ដោយគ្មានការរំខាន។ បញ្ហានេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនិងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរបណ្តែតបណ្តោយតទៅទៀតឡើយព្រោះប្រធានមន្ទីរកសិកម្ម និងមេរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ កំពុងបណ្តោយឲ្យឈ្មួញដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុក។
ជាក់ស្តែងមានឈ្មួញឈើជាច្រើននាក់ដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងគំហុក ប៉ុន្តែបែជាមិនមានអ្នកបង្ក្រាបទៅវិញ។ បើតាមប្រភពបានរាយការណ៍ថាក្រុមឈ្មួញសម្រុកដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦២ យ៉ាងអនាធិបតេយ្យ ប៉ុន្តែគ្មានអ្នកបង្ក្រាប។
បើតាមសេចក្ដីរាយការណ៍ថាឈ្មួញទាំងនោះដូចជាឈ្មោះឃឿន ឈ្មោះឆាត ឈ្មោះបញ្ញា និងឈ្មោះធី ជាដើម។ ក្រៅពីឈ្មួញទាំង៤នាក់ខាងលើក៏មានឈ្មោះជាច្រើននាក់ទៀតផងដែរ ដែលបានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារទៅខេត្តកំពង់ធំ។ ក្នុងនោះឈ្មួញឈើឈ្មោះធី មានរថយន្តសាំយ៉ុងកែច្នៃតទ្រុងប្រវែង៦ម៉ែត្រចំនួន៤គ្រឿង សម្រាប់ដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ យកទៅស្តុកទុកនៅព្រំប្រទល់ខេត្តព្រះវិហារកំពង់ធំ និងដឹកបន្តទៅចែកចាយតាមដេប៉ូនានាក្នុងខេត្តកំពង់ធំផងដែរ៕SRP