Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២៥

នគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចម៉ូតូ ,ទូរស័ព្ទ​ និងគ្រឿងអលង្ការ

ខេត្តសៀមរាប៖ដោយការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កា​ បង្រ្កាបរាល់បទល្មេីសគ្រប់ប្រភេទ​ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ ហួត​ សុធី​ ស្នងការ​នគរបាលខេត្តសៀមរាប​។

លោកឧត្តមសេនីយ៍ទោ​ ហួត​ សុធី​ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ថានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១២,០០នាទី មានជនរងគ្រោះឈ្មោះ JEAN MOREL ភេទប្រុស អាយុ៧៧ឆ្នាំ ជនជាតិបារាំង សញ្ជាតិខ្មែរ មុខរបរទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្រ្តី ស្នាក់នៅផ្ទះជួល ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប បានមកដាក់ពាក្យបណ្ដឹងរាយការណ៍ជូនសមត្ថកិច្ចយើងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៧,០០នាទី នៅចំណុចភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលទៅក្នុងផ្ទះរបស់ខ្លួន លួចយកម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឃ្លិច សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1KM 9284 ដែលមានលេខតួ ៨០៨២៨៤៨ ,ទូរសព្ទចំនួន០១គ្រឿង ម៉ាកIPHONE XS MAX ពណ៌ខ្មៅ ចំនួន០១គ្រឿង ,នាឡិកា ម៉ាកKALVIN KLEIN ចំនួន០៥គ្រឿង ,IPAD MINI4 ពណ៌មាស ចំនួន០១គ្រឿង ,អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ចំនួន០១សន្លឹក និងសោរមួយចង្កោម រួចគេចខ្លួនបាត់។​

លោកឧត្តមសេនីយ៍ទោ​ ហួត​ សុធី​ បន្តថា ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញ​ ដឹកនាំបញ្ជារផ្ទាល់ដោយ​ លោកវរសេនីយ៍ឯក​ ដា​ ចំរេីន​ អធិការនគរបាលក្រុងសៀមរាប​ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញាបាន ទើបនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១,០០នាទី នៅចំណុចបន្ទប់ជួល នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ រួមទាំងវត្ថុតាង (នាឡិកាចំនួន០៣គ្រឿង ,IPAD ចំនួន០១គ្រឿង ,ម៉ាកIPHONE XS MAX ពណ៌ខ្មៅ ចំនួន០១គ្រឿង) យកមកសួរនាំ ក្រោយពីសាកសួរជនសង្ស័យឈ្មោះ រ៉ុត រ៉ុង បានឆ្លើយសារភាពថា ៖​ ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ និងលួចសម្ភារៈខាងលើ  ពិតប្រាកដមែន និងបានយកម៉ូតូ ចំនួន០១គ្រឿង ម៉ាកហុងដាឃ្លិច សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០២១ យកលក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដោយមានចូលរួមសហការពី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ​កម្រិតស្រាល​ និងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ បានបន្តស្រាវជ្រាវយកម៉ូតូរបស់ជនរងគ្រោះ​ នៅក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​។
-វត្ថុតាងរួមមាន៖​ ទូរស័ព្ទ ចំនួន០៤គ្រឿង ,IPAD ចំនួន០១គ្រឿង,​ នាឡិកា ចំនួន០៣គ្រឿង,​ ម៉ូតូរបស់ជនរងគ្រោះ​ ម៉ាកហុងដាឃ្លិច​ ចំនួន០១គ្រឿង​ និងម៉ូតូជនសង្ស័យធ្វើសកម្មភាពចំនួន០១គ្រឿង​ ។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
+ទី០១ឈ្មោះ រ៉ុត រ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតភូមិពន្លឺព្រះផុស ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប   និងទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
+ទី០២ឈ្មោះ ម៉ុន វិច្ឆិកា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតរាជធានីភ្នំពេញ និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ឯបក្សពួកជនសង្ស័យ​ដែលរត់គេចខ្លួន​ កំពុងស្រាវជ្រាវបន្ត​។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ​ ដេីម្បីបន្តនីតិវិធី។ ចំណែកវត្ថុតាងដកហូត​ បានប្រគល់ជូនជនរងគ្រោះវិញផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២៥

កិច្ចសហប្រតិបត្តិការដ៍យូរអង្វែងរវាងសាធារណរដ្ឋបារាំង និងរដ្ឋបាលខេត្តសៀមរាប តាមរយៈការអនុវត្តគម្រោងនានា

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Jacques Pellet អគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តម Jacques Pellet អគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការដ៍យូរអង្វែងរវាងសាធារណរដ្ឋបារាំង និងរដ្ឋបាលខេត្តសៀមរាប តាមរយៈការអនុវត្តគម្រោងនានា នៅក្នុងខេត្តសៀមរាប លើវិស័យអប់រំ និងវិស័យកសិកម្មជាដើម។ ជាមួយគ្នានោះ ឯកឧត្តម បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តសៀមរាប ដែលបានគាំទ្រក្នុងការរៀបចំការតាំងពិព័រណ៍ទិវាបុណ្យនិយាយភាសាបារាំងនិង ការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលជាការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាការពង្រឹងជំហររបស់ប្រទេសកម្ពុជានៅក្នុងសហគម Francophonie។

ទន្ទឹមនឹងនេះ​ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរឡេីង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២៥

លោកស ថាវី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចូលខ្លួន ពាក់ព័ន្ធករណីឆបោក

លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួនទៅតុលាការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីឆបោកទិញដីជាង១០ហិកតា នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ក្នុងដីកាបង្គាប់ឲ្យចូលខ្លួនដែលចេញដោយលោក កូយ សៅ បានបញ្ជាក់ថា លោក ស ថាវី បានទទួលប្រាក់ពីគេចំនួន២០ម៉ឺនដុល្លារ នៅអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ក្នុងអំពើឆបោកតាមរយៈការទិញ លក់ដីជាង១០ហិកតា ដែលមានទីតាំងស្ថិតនៅភូមិសំរោង ភូមិសំរោងជើង ភូមិសំរោងត្បូង និងភូមិសំរោងកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដែលជននេះអះអាងថាដីនោះជាកម្មសិទ្ធិរបស់ខ្លួនបានពីការ ប្រមូលទិញពីប្រជាពលរដ្ឋ។

ដីកាដដែលនោះ បានកំហិតថា ក្នុងករណីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បុគ្គលឈ្មោះ ស ថាវី មិនចូលខ្លួនទៅកាន់តុលាការទេនោះ ចៅក្រមស៉ើបសួរ នឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្ដង។

ជុំវិញករណីនេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោក ស ថាវី នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២៥

មរណៈភាពរបស់លោកឡៅ ឡឹង ដោយសារធ្លាក់ពីលេីផ្ទះ

ខេត្តសៀមរាប៖យោងតាមរបាយរាយការណ៍បឋមបានឲ្យដឹងថា  នៅវេលាម៉ោង០៧:០០ នាទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក ទទួលបានព័ត៌មាន ពីពលរដ្ឋថាមាន ករណី មនុស្សធ្លាក់ពីលេីផ្ទះស្លាប់ នៅក្នុងបរិវេណរបងផ្ទះ ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

របាយការណ៍បានបន្តថា សពជនរងគ្រោះ
មានឈ្មោះ ឡៅ ឡឹង ភេទប្រុស ឆ្នាំកំណេីត ០៣/០៦/១៩៧៧ មុខរបរលក់គ្រឿងសំណង់ ទីកន្លែងកំណើត នៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និងរស់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

ក្នុងរបាយការណ៍បានបន្តទៀតថា យោងតាមវិដេអូ ក្នុងកាមេរា សុវត្ថិភាព ជនរងគ្រោះ បានធ្លាក់ចុះពីលើមកក្រោម នៅវេលាម៉ោង២២:៥៧ នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ តាមការសន្និដ្ឋានបឋម ជនរងគ្រោះស្រវឹងស្រា រអិលជើងធ្លាក់ពីលើផ្ទះកម្ពស់៧.២ ម៉ែត្រ ចុះមកក្រោម បោកក្បាលលើកការ៉ូឡាទីធ្លាក្នុងបរិវេណរបងផ្ទះ បណ្តាលឲ្យស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២៥

ឯកឧត្តម ប៉ែន បូណា៖ នយោបាយ “ឈ្នះឈ្នះ” គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំយើង

ក្រោយពីទទួលបានព័ត៌មានស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើងជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែ ក៏មានបងប្អូនយើងមួយចំនួនហាក់មិនអស់ចិត្តចំពោះព័ត៌មាននេះ។

ខ្ញុំសូមបងប្អូនពិចារណាលើចំណុចមួយចំនួនដូចតទៅ៖

ទី១៖ ការបញ្ចៀសសង្គ្រាមដ៏ធំមួយកុំឱ្យផ្ទុះឡើងដោយភាគីទាំងពីរសុខចិត្តសម្រួលកម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះ-ឈ្នះ មួយទៀត ដែលថ្នាក់ដឹកនាំយើងសម្រេចបានសម្រាប់ប្រទេសជាតិនិងប្រជាជនយើង។ បើសិនជាសង្គ្រាមនេះផ្ទុះឡើងមែន វាមានទំហំធំជាងសង្គ្រាមព្រះវិហារឆ្ងាយណាស់។ មើលតែសព្វាវុធទាំងសងខាងទៅដឹងហើយ។ បើវាផ្ទុះមែន៖ តើអាយុជីវិតកងទ័ព និងប្រជាជនស្លូតត្រង់ប៉ុន្មាននាក់ដែលត្រូវបាត់បង់? ប៉ុន្មាននាក់ដែលរងរបួស? ទ្រព្យសម្បត្តិអ្វីខ្លះដែលត្រូវបំផ្លាញ? តើត្រូវចំណាយថវិកាប៉ុន្មានទៅលើសង្គ្រាមមួយនេះ? អាចនិយាយបានថា ក្រោយពេលផ្ទុះសង្គ្រាមនេះ ប្រទេសទាំងពីរនឹងខ្ទេចខ្ទាំ ហើយធ្លាក់ខ្លួនយ៉ាប់យ៉ឺនកាន់តែខ្លាំងក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបភាពច្របូកច្របល់យ៉ាងខ្លាំង។

ទី២៖ ក្រោយពេលផ្ទុះសង្គ្រាមរួចហើយ តើបញ្ហាព្រំដែនទាំងប៉ុន្មានអាចដោះស្រាយបានឬទេ? ចម្លើយ គឺមិនអាចដោះស្រាយបានទេ។ មានន័យថា សង្គ្រាមនេះក្រៅពីបង្កការខូចខាតដ៏ធំមហិមាសម្រាប់ប្រទេសទាំងពីរ នៅតែមិនអាចដោះស្រាយបញ្ហាបានដដែល។ ដូច្នេះ ការបញ្ចៀសសង្គ្រាមដែលមានតែលទ្ធផល«ចាញ់ចាញ់»បែបនេះគឺជាផលចំណេញដ៏ធំមួយ។

ទី៣៖ ដំណោះស្រាយបញ្ហាព្រំដែននៅតែមិនអាចចៀសរួចពីការចរចាទ្វេភាគី និងយន្តការច្បាប់អន្តរជាតិដដែល។ ពាក្យបណ្តឹងរបស់កម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) ក៏នៅតែធ្វើដដែល។ ដីរបស់យើងនៅតែត្រូវបានការពារ និងទាមទារតាមផ្លូវច្បាប់អន្តរជាតិ និងតាមយន្តការផ្សេងទៀតដែលអាចធ្វើទៅបាន។ ចំណុចណាដែលអាចចរចាគ្នាបាន យើងនៅតែបន្តចរចាគ្នាតាមយន្តការដែលមានស្រាប់ដដែល។ ថ្នាក់ដឹកនាំរបស់យើងបានបញ្ជាក់ច្បាស់ថា យើងចង់បានព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ដែលជានយោបាយសន្តិភាពនិយម។

ទី៤៖ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បាននិងកំពុងដើរតួនាទីជាគំរូនៃសន្តិភាពក្នុងតំបន់និងក្នុងពិភពលោកតាមរយៈនយោបាយ«ឈ្នះឈ្នះ»របស់សម្តេចតេជោ និងការបន្តរក្សាសុខសន្តិភាពបានយ៉ាងល្អរបស់សម្តេចធិបតី។ ដូច្នេះ ការបញ្ចៀសសង្គ្រាមមួយដែលអាចចៀសវាងបាន គឺជាមហាជោគជ័យមួយទៀតសម្រាប់ប្រទេសជាតិនិងប្រជាជនយើង។

ទី៥៖ ក្នុងនាមកូនខ្មែរ យើងទាំងអស់គ្នាសុទ្ធតែមានទឹកចិត្តស្នេហាជាតិយ៉ាងពុះកញ្ជ្រោល និងប្តូរផ្តាច់ការពារបូរណភាពទឹកដីដោយរួមគ្នាជាធ្លុងមួយ ជាសំឡេងតែមួយដែលបង្កើតបានជាខឿនការពារជាតិដ៏រឹងមាំបំផុត។ យើងក៏មានមោទនភាពយ៉ាងខ្លាំង និងមានភាពកក់ក្តៅណាស់ដែលមានថ្នាក់ដឹកនាំយើងជាពិសេស គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានលះបង់មួយជីវិតដើម្បីបុព្វហេតុការពារទឹកដីនិងប្រជាពលរដ្ឋខ្មែរ។ យើងក៏មានមោទនភាពយ៉ាងក្រៃលែងដែលបានឃើញកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលប្តូរផ្តាច់យកអាយុជីវិតទៅប្តូរដើម្បីការពារបូរណភាពទឹកដី។

ទី៦៖ យើងមានសំណាងបានរស់នៅក្នុងសុខសន្តិភាព។ យើងផ្តល់តម្លៃដល់សន្តិភាពនិងស្ថាបនិកសន្តិភាពរបស់យើង ហើយពាក្យថា «អរគុណសន្តិភាព» ត្រូវបានព្យួរនៅគ្រប់ទិសទី។ ដូច្នេះ យើងទាំងអស់គ្នាគួរតែមានមោទនភាពនិងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំនៃយើងដែលអាចបញ្ចៀសសង្គ្រាមបាន។ កុំដល់ពេលមានសង្គ្រាមទើបយើងនាំគ្នានឹកស្តាយស្រណោះសន្តិភាព។

ទី៧៖ បេសកកម្មការពារបូរណភាពទឹកដីនៅវែងឆ្ងាយទៅមុខទៀតដែលទាមទារឱ្យយើងទាំងអស់គ្នាបន្តរួមគ្នាជាធ្លុងមួយគាំទ្ររាជរដ្ឋាភិបាលនិងកងទ័ពយើងដោយឥតងាករេ។ ដំណោះស្រាយបញ្ហាបូរណភាពទឹកដីប្រកបដោយទំនុកចិត្តដែលរាជរដ្ឋាភិបាលកំពុងធ្វើគឺ យន្តការតុលាការអន្តរជាតិដែលយើងទាំងអស់គ្នាផ្តល់ការគាំទ្រជាឯកច្ឆ័ន្ទ។ ដូច្នេះ យើងត្រូវតែបន្តជឿជាក់និងគាំទ្ររាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅរបស់យើង។ រាជរដ្ឋាភិបាលយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពទឹកដីតាមមធ្យោបាយសន្តិភាព តែម៉ឺងម៉ាត់ និងប្តូរផ្តាច់បំផុត។

ទី៨៖ យើងទាំងអស់គ្នាប្រាកដជាចងចាំជានិច្ចនូវពាក្យសន្យាជាឧឡារឹករបស់ថ្នាក់ដឹកនាំយើងគឺ«ប្តេជ្ញាការពារបូរណភាពទឹកដីមិនឱ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រ» និង «ការពារសុខសន្តិភាពឱ្យបានទោះជាក្នុងតម្លៃណាក៏ដោយ»។ នេះគឺជាតម្លៃនៃជាតិសាសន៍យើង ពោលគឺ ថ្លៃថ្នូរ ទន់ភ្លន់ សុភាពរាបសារ តែដាច់ខាតនិងម៉ឺងម៉ាត់មិនឱ្យបរទេសប្រមាថ៕

អត្ថបទដោយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page29 Page30 Page31 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!