Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២៥

អង្គភាពប្រឆាំងអំពើពុករលួយ បង្ហាញលទ្ធផលស៉ើបអង្កេត និងស្ដាប់ចម្លើយរបស់លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកប្រាក់រាប់លានដុល្លារ

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញបាយការណ៍វឌ្ឍនភាព នៃការស៉ើបអង្កេត និងស្ដាប់ចម្លើយរបស់លោក ស៊ាន បូរ៉ាត អតីតអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ពាក់ព័ន្ធនឹងអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកប្រាក់រាប់លានដុល្លារ។

តាមរយៈរបាយការណ៍របស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី ACU បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក កែវ នាថមុនី ប្រធាននាយកដ្ឋាន កិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ និងថ្នាក់ដឹកនាំមន្ត្រី ក្នុងនាយកដ្ឋានបានដឹកនាំស៊ើបអង្កេតករណីលោក ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព. ពាក់ព័ន្ធនឹងអតីត ឧកញ៉ា ឡេង ចាន់ណា។
ACU បានការស្តាប់ចម្លើយលោក ស៊ាន បូរ៉ាត ចំនួន១៥៧កំណត់ហេតុ (ក្នុងរយៈពេល៤២ថ្ងៃ), បានបើកមើលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ លោក ស៊ាន ប៊ូរាត និងបានជូនភរិយា លោក ស៊ាន បូរ៉ាត ប្រកាសទ្រព្យសម្បត្តិ និងបំណុលបន្ថែម ព្រមទាំងបានឆែកឆេរការិយាល័យធ្វើការរបស់លោក ស៊ាន បូរ៉ាត។

របាយការណ៍ដដែលបានបញ្ជាក់ថា លោក អ៊ុក សំណាង (ជំនួយការលោក ស៊ាន បូរ៉ាត) ក្នុងរយៈពេល២៤ថ្ងៃ បានស្តាប់ចម្លើយ ចំនួន១២៥កំណត់ហេតុ, លោក ស៊ិន សុខគា អតីតស្វាមី លោកស្រី ឡេង ចាន់ណា និងជាប្រធានក្រុមហ៊ុនពុះដីឡូតិ៍ ឈ្មោះ SMKN Sokea City Property ក្នុងរយៈពេល៣ថ្ងៃ ស្តាប់ចម្លើយ ៤២កំណត់ហេតុ។

លោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានបន្ថែមថា លោក ស ថាវី ក្នុងរយៈពេល១ថ្ងៃ ស្តាប់ចម្លើយបាន៨កំណត់ហេតុ, អ្នកស្រី ធាម លីណា (ភរិយា លោក ស ថាវី) ក្នុងរយៈពេល៤ថ្ងៃ បានស្តាប់ចម្លើយ ចំនួន៣២កំណត់ហេតុ។

ក្នុងរយៈពេល៤ថ្ងៃ (៨-១១ ខែកញ្ញា ឆ្នាំ ២០២៥) ក្រុមការងារលោក កែវ នាថមុនី ជាច្រើនក្រុមបានចុះទៅពន្ធនាគារខេត្តសៀមរាប ដើម្បីស្តាប់ចម្លើយជនត្រូវចោទ ១០រូប សរុបមានចំនួន ៤៥៤កំណត់ហេតុ ស្តាប់ចម្លើយ
១៖ឡេង ចាន់ណា ១១៣កំណត់ហេតុស្តាប់ចម្លើយ,
២៖ ចាន់ ឃឹម ៨៤កំណត់ហេតុស្តាប់ចម្លើយ, ៣៖ ផុន សាមាន ៥៦កំណត់ហេតុស្តាប់ចម្លើយ, ៤៖ ពិត សុថារិទ្ធ ១០កំណត់ហេតុស្តាប់ចម្លើយ, ៥៖ ប៊ី ពិសិដ្ឋ ៣៨កំណត់ហេតុស្តាប់ចម្លើយ,
៦៖ អ៉ឹម ស្រីវុទ្ធ ៥០កំណត់ហេតុស្តាប់ចម្លើយ, ៧៖ សយ កុសល ២៥កំណត់ហេតុស្តាប់ចម្លើយ,
៨៖ រ៉េត សុធីតា ១៩កំណត់ហេតុស្តាប់ចម្លើយ, ៩៖ ស៊ាង អួន ៣៥កំណត់ហេតុស្តាប់ចម្លើយ និង១០៖ ឃុច ចំរើន ២៤កំណត់ហេតុស្តាប់ចម្លើយ។

សូមជម្រាបថា អតីតឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលានស៊ីធី ត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទល្មើសព្រហ្មទណ្ឌចំនួន៣ រួមមាន៖ ១៖ បទឆបោកមានស្ថានទម្ងន់ទោស, ២៖ បទមិនបំពេញកាតព្វកិច្ចឧបករណ៍ ដែលអាចជួញដូរបាន និង៣៖ បទសម្អាតប្រាក់ កាលពីដើមខែមីនា ឆ្នាំ២០២៤។ បន្ទាប់មក លោកស្រីត្រូវបានប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

របាយការណ៍នេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៣ អាណត្តិទី៤ ក្រោមអធិបតីភាពរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី២ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២៥

ប៉ូលិសផ្កាយ២គង់​ វុទ្ធី ចូលបំភ្លឺ ករណីយកលុយ​២លាន​ដុល្លារ​ រត់ការមិនបានសម្រេច

ភ្នំពេញ៖តាមរយៈបណ្ដាញសារព័ត៌មានក្នុងស្រុកបានចុះផ្សាយជាបន្តបន្ទាប់ថានៅព្រឹក​ថ្ងៃទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០២៥​ លោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ អគ្គនាយករងនៃអគ្គ​នាយកដ្ឋាន​អត្តសញ្ញាណកម្ម​ បានចូល​ខ្លួន​បំភ្លឺដល់​ក្រុមប្រឹក្សា​វិន័យ​ នៃ​ អគ្គ​នាយកដ្ឋានអត្តសញ្ញាណកម្ម​ ពាក់ព័ន្ធ​ករណី​យកលុយ​ជនរងគ្រោះ​ ២លាន​ដុល្លារ​ ដេីម្បី​រត់ការការងារ​មិនបានសម្រេច​ហើយបែជាមិនព្រមប្រគល់លុយ​ជូន​ជនរងគ្រោះវិញ​។

ករណីនេះលោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ បាន​បដិសេដ​មិនបាន​ឆបោក​ជនរងគ្រោះ​ ដូច​សារ​ព័ត៌មាន​បានផ្សាយនោះទេ​ តែ​បាន​ទទួលស្គាល់ថា​ នៅ​ខ្វះ​លុយ​ជនរងគ្រោះ​ប្រមាណ​ ២លានដុល្លារ​ពិត​ប្រាកដមែន​។ ជាមួយគ្នានេះដែរជនរងគ្រោះ​ នឹង​ចូល​បំភ្លឺនៅ​ អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណកម្មនៅព្រឹកស្អែកដោយយក​ឯកសារ​ជា​ភស្តុតាង​ទៅជាមួយផង​ដែរ។ នៅ​រសៀលថ្ងៃទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០២៥​ នេះ​ អគ្គាធិការដ្ឋាន​ ក្រសួង​មហាផ្ទៃ​ ក៏បាន​អញ្ជេីញ​លោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ ទៅបំភ្លឺផងដែរ​។

សូមជម្រាបថា លោកឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ អគ្គនាយក​រង​ នៃ​ អគ្គនាយក​ដ្ឋាន​ អត្តសញ្ញាណ​កម្ម​ បាន​ទទួល​ប្រាក់​ចំនួន​ ២លាន​ដុល្លារ​ ដេីម្បី​រត់​ការ​ការងារ​អោយ​ជនបរទេស​។ ប៉ុន្តែចាប់​តាំង​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ ទទួល​បានលុយ​ពី​ជនរងគ្រោះ​ហើយ​ មានរយះពេល​ជាង​ ១ឆ្នាំ​ហើយ​ លោក​មិនបាន​ធ្វើ​ការ​អោយជនរងគ្រោះ​បានសម្រេច​ទេ​ ហេីយ​លុយ​ ២លាន​ដុល្លារ​ ក៏​មិនព្រម​ប្រគល់​ជូន​ជនរងគ្រោះ​វិញដែរ។

ជុំវិញការបែកធ្លាយរឿងអាស្រូវរត់ការមិនបានសម្រេចនេះ ពីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីលោកឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ អគ្គនាយក​រង​ នៃ​ អគ្គនាយក​ដ្ឋាន​ អត្តសញ្ញាណ​កម្ម​ បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២៥

សម្ដេចតេជោ ហ៊ុន សែន៖ បញ្ហាព្រំដែនកម្ពុជា-ថៃ បានដើរហួសពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ព្រោះបានប្តឹងទៅ ICJ និងក្រុមប្រឹក្សាសន្ដិសុខ UN

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលជាតួអង្គសំខាន់ផ្ដួចផ្ដើមចរចាសម្របសម្រួលជាមួយគ្រប់ភាគីទាំងអស់ រហូតឈានទៅបង្កើតបានទាំងស្រុងនូវកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១ បានប្រតិកម្មចំពោះអ្នកដែលលើកឡើងឲ្យយកបញ្ហាព្រំដែនកម្ពុជា-ថៃ ប្ដឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដើម្បីកោះប្រជុំបន្ទាន់លើបញ្ហាព្រំដែននេះ។

ក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី៥ នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ គឺបានដើរហួសពីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសហើយ ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ(ICJ) និងក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ព្រមទាំងវេទិកាអន្ដរជាតិនានាដទៃទៀត។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស មិនមានសមត្ថកិច្ចក្នុងការដោះស្រាយ ឬសម្របសម្រួលបញ្ហាព្រំដែនរវាងកម្ពុជា-ថៃឡើយ ហើយធាតុចូលរបស់កិច្ចព្រមព្រៀងនេះ បានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ។ ម្យ៉ាងទៀតកិច្ចព្រមព្រៀងនេះ ក៏អស់សុពលភាពនៅពេលសភាធម្មនុញ្ញ បានក្លាយទៅជាសភាជាតិ បង្កើតរដ្ឋាភិបាល និងបានបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវមានអ្នកអំពាវនាវឲ្យប្ដឹងទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស កោះប្រជុំជាបន្ទាន់ ទាក់ទិននឹងការឈ្លានពានរបស់ប្រទេសជិតខាង។ ប៉ុន្ដែសួរថា សហប្រធានគាត់ព្រមទេ? សាកល្បងសួរទៅឥណ្ឌូនេស៉ី និងបារាំងមើល តើគេព្រមកោះដែរទេ? ហើយហត្ថលេខីទាំងឡាយគេព្រមចូលរួមទេ ហើយដោះស្រាយរបៀបម៉េច […] នេះ! បានទៅហួសពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ (ICJ) និងក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងវេទិការអន្ដរជាតិដទៃទៀត»។

ទាក់ទិននឹងបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវបានសម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃកម្ពុជា គូសបញ្ជាក់ថា បានឈានដល់ដំណាក់កាលមួយនៃការធូរស្រាលហើយ បន្ទាប់ពីភាគីទាំងពីរកម្ពុជា-ថៃ បានបញ្ចប់នូវកិច្ចប្រជុំសំខាន់ៗប៉ុន្មានថ្ងៃមកនេះ ដែលទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ហើយក៏ឈានទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពមួយនៅថ្ងៃទី២៦ ខែតុលាខាងមុខ រវាងនាយករដ្ឋមន្ដ្រីកម្ពុជា និងនាយករដ្ឋមន្ដ្រីថៃ នៅប្រទេសម៉ាឡេស៊ី ក្នុងកិច្ចប្រជុំកំពូលអាស៊ាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២៥

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា-ថៃ ជាម្ចាស់ហត្ថលេខី កំពុងមានទំនាស់ជាមួយគ្នា ដូច្នេះ កិច្ចព្រមព្រៀងទីក្រុងបារីសមិនអាចយកមកដោះស្រាយជម្លោះបានទេ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអះអាងថា កិច្ចព្រមព្រៀងទីក្រុងបារីសមិនអាចយកមកដោះស្រាយជម្លោះខ្មែរ-ថៃបានទេ ព្រោះកម្ពុជា-ថៃ ដែលជាម្ចាស់ហត្ថលេខី កំពុងមានទំនាស់ជាមួយគ្នានឹងលើកយកហេតុផលពីការគោរពអធិបតេយ្យភាពគ្នាយកត្រូវតែរៀងៗខ្លួន។

ឆ្លើយតបទៅនឹងអ្នកចង់ឱ្យយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសទៅដោះស្រាយជាមួយថៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា«ឥឡូវមានអ្នកអំពាវនាវឱ្យប្ដឹងទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងបារីស កោះប្រជុំជាបន្ទាន់ទាក់ទិនជាមួយនឹងការឈ្លានពានរបស់ប្រទេសជិតខាង ត្រូវហើយ ប៉ុន្តែសួរថា សហប្រធានគាត់ព្រមទេ ? សាកល្បងសួរទៅឥណ្ឌូនេស៊ី និង ទៅបារាំងមើល៍ តើគេព្រមកោះទេ ? ហើយហត្ថលេខី ទាំងឡាយគេព្រមចូលរួមទេ ? ហើយដោះរបៀបម៉េច ? បើខាងថៃគេថា យើងរំលោភដីគេ យើងថាគេរំលោភដីយើង ចឹងគេៗ គោរពអធិបតេយ្យ របស់ខ្មែរតើ ប៉ុន្តែខ្មែរ ទៅឈ្លានពានគេ អើ យើងៗថា គោរពអធិបតេយ្យ របស់ថៃតើ ប៉ុន្តែថៃឈ្លានពានយើង ចោទគ្នាតែរបៀបហ្នឹង ដោះស្រាយបានទេ ? វាដោះស្រាយមិនបានទេ ? ឥឡូវដំណើរការឈានទៅរកការស្រុះស្រួលគ្នា ដែលប្រជុំប៉ុន្មានថ្ងៃនេះ វាមានការស្រុះស្រួលច្រើនហើយ ហើយអាចនឹងថ្ងៃទី២៦នេះ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព»។

ប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាខាងលើ ធ្វើឡើងក្នុងកិច្ចប្រជុំព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំលើកទី៤ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥៕ ផ្សាយ៖ កន ចំណាន

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២៥

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសម្រេចស្នើសុំឱ្យផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿងជនប្រព្រឹត្តបទល្មើស ឈ្មោះ ឈឹម ឆែម ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយការស្រាវជ្រាវ ប្រមូលភស្តុតាង និងការស្ដាប់ចម្លើយ បានរកឃើញថា ឈ្មោះ ឈឹម ឆែម ពិតជាបានបង្កហិង្សាដោយចេតនាទៅលើជនរងគ្រោះពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ តុលា ២០២៥

សម្ដេចតេជោហ៊ុន សែន មានការខកចិត្តចំពោះអំពើ
មិនគប្បីរបស់លោកKO1

https://t.me/srpeoplenews
https://t.me/srpostnews
#SRP #ខេត្តសៀមរាប #សៀមរាបប៉ុស្ដិ៍

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នៅយប់ថ្ងៃទី 20 ខែតុលា ឆ្នាំ 2025 នេះ បានបង្ហោះសារតាមរយៈទំព័រ ទំព័រផេកfacebook ថា៖

ខ្ញុំទើបបានមើលវីដេអូមានរយៈពេល
ជាង៨នាទីរបស់ក្រុមដែលដឹកនាំដោយលោកKO1ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។

ខ្ញុំពិតជាមានការខកចិត្តចំពោះអំពើ
មិនគប្បីរបស់បងប្អូនទាំងនេះពិសេស
សម្រាប់លោកKO1តែម្តង។
ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសពីស្នេហាជាតិនិងជា
របៀបក្រុមនិយមជ្រុលហួសហេតុ។
ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើ
ពហិការមិនប្រើប្រាស់ទំនិញថៃមាន
ស្ទើរតែ៩៩ភាគរយទៅហើយមិនថា
ប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរ
នៅក្រៅប្រទេសនោះទេ។

ចំណោទបញ្ហានៅត្រង់អាជីវកលក់ដូរ
ដែលមានទំនិញថៃនៅសល់តើឲ្យពួក
គាត់យកទៅណា? ដុតបំផ្លាញចោល
ឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញ?ប្រសិនបើ Ko1 មានប្រាក់សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វប្រសើរជាងដុតចោលដូចKo1បានធ្វើដែលមានក្នុងវីដេអូនេះ។បើមនុស្សមិនទទួលទាន ទុកឲ្យសត្វសុីប្រសើរជាងដុតឬកំទេចចោល។

ខ្ញុំសូមឲ្យKo1បញ្ឈប់សកម្មភាពបែប
ឆ្កួតៗនេះជាបន្ទាន់និងចូលរួមពង្រឹង
តម្លៃសិលធម៌ សុជីវធម៌ គុណធម៌និង
ភាពថ្លៃថ្នូររបស់ជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២៥

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគូសបញ្ជាក់ការបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥, បានអនុញ្ញាតឱ្យ ឯកឧត្តម Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើន នៅកម្ពុជា រួមទាំង អាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តមបានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងម៉ាឡេស៊ី និងកម្ពុជា និងបានគូសបញ្ជាក់ការបន្តគាំទ្ររបស់ម៉ាឡេស៊ីក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ សម្ដេចបវរធិបតីបានសម្តែងការពេញចិត្តចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី។

សម្តេចបវរធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានពិភាក្សាក្នុងការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសំខាន់ៗ មានជាអាទិ៍៖ ឧស្សាហកម្មហាឡាល់ ដើម្បីបម្រើដល់តម្រូវការនៃប្រជាជនមូស្លីម និងប្រជាជនទូទៅ; វិស័យទេសចរណ៍ រួមទាំង ទេសចរណ៍វេជ្ជសាស្ត្រ; ការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), កសិកម្ម, ហិរញ្ញវត្ថុ និងធនាគារ ជាដើម។ សម្តេចបវរធិបតីបានលើកទឹកចិត្តស្ថានទូតម៉ាឡេស៊ី នៅភ្នំពេញ បន្តសហការជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីសម្រេចគម្រោងកិច្ចសហប្រតិបត្តិការខាងលើ។

ក្នុងឱកាសខាងលើ សម្តេចបវរធិបតីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ ព្រមទាំង ថ្លែងអំណរគុណជូនចំពោះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលការតាមដានការអនុវត្តបទឈប់បាញ់ ក៏ដូចជាជូនចំពោះប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ដែលបានចុះតាមដានការអនុវត្តបទឈប់បាញ់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២៥

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សូមបងប្អូនជនជាតិថៃ និងជនជាតិដទៃទៀតដែលរស់នៅកម្ពុជា បន្តរួមរស់ដោយសុវត្ថិភាពនិងសន្តិភាព

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ទៀ សីហា នៅមុននេះបន្តិចបានបង្ហោះសារមួយទាក់ទងនឹងវីដេអូដែលជាការប្រមាទសម្ដេចតេជោហ៊ុន សែន។ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានសរសេរយ៉ាងដូច្នេះថា៖ ការបង្ហោះវីដេអូ មានសមត្ថកិច្ច និងប្រជាជនមួយចំនួន បានយករូបថ្នាក់ដឹកនាំប្រទេសកម្ពុជាមកលេងសើចបែបនេះ តើមានបំណងអ្វី?
១-ចង់បង្ហាញថា ប្រជាជនថៃ និងកងកម្លាំងស្អប់ថ្នាក់ដឹកនាំកម្ពុជា?
២-មិនចង់ឱ្យបញ្ចប់ការប៉ះគ្នានៅព្រំដែនកម្ពុជា-ថៃ ដែលបាននាំគ្នាអនុវត្តបទឈប់បាញ់ ៦៩ថ្ងៃមកនេះ
៣-ក្រុមអគតិមួយចំនួន ចង់ឱ្យប្រជាជាតិខ្មែរស្អប់ប្រជាជនថៃ ដល់កម្រិតមួយដែលមិនអាចវិលមកវិញបាន

ខ្ញុំតែងតែគិតថា ប្រជាជនថៃមានការសិក្សាល្អ មានភាពថ្លៃថ្នូរ ប្រទេសជឿនលឿនជាប់លំដាប់ថ្នាក់ក្នុងអាស៊ាន តែមើលទៅខ្ញុំគិតខុសហើយ វាក៏នៅមានក្រុមដែលមិនបានស្គាល់ពិភពលោកខាងក្រៅដែរតើ។

ប្រជាជនកម្ពុជាលែងប្រកាន់ហើយ ចំពោះពួកក្រុមទាំងនេះ រឿងបង្អាប់ រឿងសម្តែង មើលងាយគេ(Bully) ឬ don’t thai to me គឺដោយសារក្រុមនេះហើយ ដែលធ្វើឱ្យពិភពលោកមើលឃើញជ្រុងខ្មៅងងឹតរបស់ប្រទេសថៃ(dark side of thailand)។

សូមបងប្អូនជនរួមជាតិ កុំយកតម្រាប់តាម កម្ពុជាយើងមិនឈានដល់កម្រិតអសីលធម៌ គ្មានសុជីវធម៌ បែបក្រុមនេះទេ។ ខ្ញុំស្រឡាញ់ រាប់អានមនុស្ស មិនប្រកាន់ជាតិសាសន៍នោះទេ សូមបងប្អូនជនជាតិថៃ និងជនជាតិដទៃទៀតដែលរស់នៅកម្ពុជា បន្តរួមរស់ដោយសុវត្ថិភាព និងសន្តិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២៥

សម្ដេចតេជោហ៊ុន សែន សូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឱ្យសោះ

ខាងក្រោមនេះជាសំណេរដើមទាំងស្រុងរបស់សម្ដេចតេជោហ៊ុន សែន៖
នេះឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់?
សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។

កន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។

ខ្ញុំបានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។

ខ្ញុំបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឱ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឱ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។

ខ្ញុំសូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឱ្យសោះ។

ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។

ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។

សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា។ ខ្ញុំនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់។

ខ្ញុំគួរតែអរគុណអ្នកដឹកនាំថៃម្ដងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វិលលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឱ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា។

យើងមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ សូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។ យើងដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឱ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល។
សូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ។

ចុងក្រោយខ្ញុំចង់ជម្រាបទៅបងប្អូនពិសេសបងប្អូននៅជិតព្រំដែនថៃ សូមប្រញាប់ប្ដូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខបងប្អូន នឹងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគំរាមដូចករណីអគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈកាលពីពេលមុន។ ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិយើង។

ខ្ញុំសូមភ្ជាប់វីដេអូដែលជនជាតិថៃ ដាក់តាំងរូបខ្ញុំដើម្បីបាញ់យករង្វាន់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ តុលា ២០២៥

ភ្នំពេញ៖ក្រុមមន្ត្រីជំនាញបានបើកប្រតិបត្តិការចុះត្រួតពិនិត្យសាច់​ក្លាសេ រកឃើញចំនួន​៣មុខ​ សាច់មាន់​ សាច់ទា​ សាច់​ជ្រូក​ សរុប​ចំនួនជាង​២៤៤​ តោន ចំនួន​ ២ទីតាំង​ នៅ​សង្កាត់​ ច្រាំង​ចំរេះ១​ ខណ្ឌឬស្សីកែវ​។

ការចុះពិនិត្យនៅថ្ងៃនេះដោសមត្ថកិច្ច​ចម្រុះ​រួមមាន​មន្រ្តី​គយចល័ត​តំបន់​១​ មន្ត្រី​ ក.ប.ប​ ក្រសួង​ពាណិជ្ជកម្ម​ មន្រ្តី​នគរបាល​សេដ្ឋកិច្ច​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ រួមទាំង​មន្ត្រី​មូលដ្ឋាន​។ ទីតាំងសាច់​ក្លាសេ​នេះត្រូវបានរាយការណ៍ថា ជារបស់​ ឧកញ៉ា​ អ៉ឹម​ សុផាន់ណា​រឹទ្ធ​ ហៅ​ចែទូច​។

សេចក្ដីរាយការណ៍បានហើយដឹងថា លទ្ធផល​ពិនិត្យ​ មន្ត្រី​គយ​ចល័តតំបន់​ ១​ អះអាង​ក្នុង​កំណត់ហេតុថា​ ទំនិញ​ទាំងអស់​បានបង់​ពន្ធ​គ្រប់​ចំនួន​។ ដោយឡែក​ មន្ត្រី​ ក.ប.ប​ ដែល​ជា​មន្ត្រី​ជំនាញ​ពិនិត្យ​គុណភាព​បាន​បញ្ជាក់​ប្រាប់​បណ្ដោះអាសន្ន​ថា​ សាច់​ក្លាសេ​ទាំងអស់​ ទាំង​អស់​គ្មាន​សារធាតុ​គីមី​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទេ​។ ប៉ុន្តែ​មន្ត្រី​ ក.ប.ប​ បានយក​សំណាក​សាច់​ក្លាសេ​ទាំងនោះ​ទៅមន្ទីរ​ពិសោធ​ធំ​ដេីម្បី​បញ្ជាក់​គុណភាព​ច្បាស់​លាស់​ ត្រូវ​ការ​ពេល​ ២ថ្ងៃ​ ទេីបដឹង​លទ្ធផល​។

ជុំវិញករណីនេះចម្ងល់​មន្រ្តី​ចូល​រួម​ ក្រៅ​ពពីមន្ត្រី​គយចល័ត​ និង​ មន្រ្តី​ ក.ប.ប​ មន្រ្តី​ពាក់ព័ន្ធ​ដែល​បានចូលរួម​ គ្មាន​សិទ្ធិ​សុំថត​ចម្លង​សន្លឹក​ពន្ធ​គយដេីម្បីពិនិត្យផ្ទៀងផ្ទាត់ទេ​ បាន​ត្រឹម​មន្ត្រី​គយប្រាប់​ថាបានបង់​ពន្ធគ្រប់​ប៉ុណ្ណោះ​។

ដេីម្បីផ្ដល់​ជំនឿជឿជាក់​ មន្ត្រីគយ​ចល័ត​គួរ​បង្ហាញ​ក្រដាសពន្ធ​ជាសាធារណៈដេីម្បី​អោយ​មហាជន​អស់​ចិត្ត។ ចចំណែកការពិនិត្យ​គុណភាព​សាច់​គួរតែ​ មន្រ្តី​ជំនាញ​មក​ពី​ក្រសួង​សុខាភិបាល​ ឬ​ វិទ្យាស្ថាន​ប៉ាស្ទ័រ​ យកសំណាក​ទៅ​ពិនិត្យ​ទេីប​យុត្តិធម៌​។ បេី​តាមរយៈ​មន្ត្រី​ ក.ប.ប​ ប្រជាពលរដ្ឋ​ គ្មាន​ការជំនឿ​នោះទេ​ ព្រោះ​មន្រ្តី​ទាំងនោះ​អាចស្និតស្នាល​ជាមួយ​ឈ្មួញ​ដូចបងប្អូនទៅហេីយ​។ ជាពិសេស​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ គួរ​បេីកការស៊េីបអង្កេត​ករណី​ គេចពន្ធគយ​ជាហូរហែរ​ធ្វើឲ្យ​រដ្ឋ​បាត់​ចំណូល​យ៉ាង​ច្រើន​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ តុលា ២០២៥

ចិន.ខ្មែរចំនួន៨នាក់ ត្រូវបានចាប់ខ្លួន ករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់, ជនដៃដល់ជនជាតិចិន និងខ្មែរ សរុបចំនួន៨នាក់ត្រូវបានចាប់ខ្លួន ខណៈជនរងគ្រោះត្រូវបានរំដោះដោយសុវត្ថិភាព

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលបណ្តឹងតាមរយៈទូរស័ព្ទដៃ ដោយមានករណីបង្ខាំងមនុស្សខុសច្បាប់ និងជម្រិតទារប្រាក់ បង្កដោយជនសង្ស័យមួយក្រុមជនជាតិចិន ជិះរថយន្ត ១គ្រឿង ម៉ាកTOYOTA ALPHARD ពណ៌ស បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ឈ្មោះ JACKY TANG SAI TING ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន សញ្ជាតិកាណាដា ចេញពីសណ្ឋាគារមួយកន្លែង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មការា រាជធានីភ្នំពេញ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ខេត្តព្រះសីហនុ និងខេត្តកណ្តាល ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណរបស់ក្រុមជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការជួយសង្រ្គោះជនរងគ្រោះខាងលើនៅចំណុចស្ថិតក្នុងផ្លូវ៥៨ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រហូតនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៧និង៤០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៨នាក់រួមមាន៖

១៖ ឈ្មោះ ZHU LI MIN ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន
២៖ ឈ្មោះ HE YE ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន
៣៖ ឈ្មោះ HE SHUAI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន
៤៖ ឈ្មោះ WANG HUA XIE ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន
៥៖ ឈ្មោះ យឿន វឌ្ឍនា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ
៦៖ ឈ្មោះ ដោម សីហា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ
៧៖ ឈ្មោះ យ៉ា ចំរុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ
៨៖ ឈ្មោះ វ៉ែន ដាវីត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។

ដោយជួយសង្គ្រោះបានជនរងគ្រោះម្នាក់ទៀតដែលក្រុមជនសង្ស័យកំពុងធ្វើការបង្ខាំង មានឈ្មោះ MA CHANG ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិចិន នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កញ្ញា ២០២៥

ករណីយោធាថៃបិទព្រំដែនជាឯកតោភាគី៖ សម្ដេចតេជោហ៊ុន សែន អះអាងថា ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ

សម្ដេចតេជោហ៊ុន សែន នៅព្រលប់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានបង្ហោះសារដូចខាងក្រោម៖

តាមពិតខ្ញុំមិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជីវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ។

ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺការបើកច្រកព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកនេះមានការនិយាយច្រើន ដែលខាងកម្ពុជាភាគច្រើនចេញពីបងប្អូនអ្នកលេងបណ្តាញសង្គម ឯសម្រាប់អ្នកនយោបាយ ឬអ្នកដឹកនាំកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល មិនមានអ្នកណាចេញមកនិយាយទេ។ ក្រឡេកមើលទៅប្រទេសថៃ មានគ្រប់មជ្ឈដ្ឋានចេញមកនិយាយយ៉ាងច្រើនដែលតាំងពីលើដល់ក្រោមនិយាយតែពីបន្តបិទ។

ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើកមិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង)។

ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ។

ខ្ញុំគួរតែអរគុណថៃ ដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះទំនិញថៃនាំចូលមិនបាន ធ្វើឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះនឹងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។

ជាង៣ខែអត់ទំនិញថៃទីផ្សារកម្ពុជាមានស្ថិរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ។

សម្រាប់សំណូមពរជប៉ុនដែលវិនិយោគនៅថៃផងនៅកម្ពុជាផង ដែលត្រូវការដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ សូមជប៉ុនធ្វើទំនាក់ទំនងជាមួយភាគីថៃ ព្រោះភាគីកម្ពុជាបានផ្តល់ការយល់ព្រមរួចហើយ។ ខ្ញុំសូមបងប្អូនជនរួមជាតិ មេត្តាអត់ធ្មត់ និងទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលបន្តដោះស្រាយដោយសន្តិវិធី។ យើងមិនអាចយកសង្រ្គាមដើម្បីបញ្ចប់សង្គ្រាមបានទេ៕

In truth, I do not wish to make any statements regarding the Cambodia-Thailand conflict, which is currently being addressed under a ceasefire agreement intended to prevent the loss of life among military personnel and civilians, and to ensure that both public and private property, as well as infrastructure, are not destroyed in the event of renewed warfare.

However, what I do wish to speak about is the reopening of the Cambodia-Thailand border checkpoint. In recent times, there has been considerable public discussion, mostly from Cambodian social media users. Meanwhile, political figures, military leaders, and civil administrators have remained silent on the matter.

Looking at Thailand, we see voices from all levels of society, from top to bottom, speaking out repeatedly about maintaining the closure. Since the Thai military unilaterally shut the border, Cambodia has never requested its reopening. We simply informed the Thai side that, (as Thailand closed it, they should be the ones to reopen it. There is no need for negotiation with Cambodia, and once Thailand reopens its side, Cambodia will follow five hours later.)

This is Cambodia’s firm position and it will not change. Cambodia will not lower itself to beg Thailand to reopen the border. Even if Thailand decides to keep it closed for another 100 years, Cambodia will not perish.

I should express gratitude to Thailand. Their unilateral border closure has prevented the import of Thai goods, which in turn has led to significant growth in Cambodian domestic products. Cambodian citizens who love their country have come together to support and consume locally made goods, which will contribute to long-term economic development.

For over three months without Thai imports, Cambodia’s markets have remained stable, with an adequate supply of goods and low inflation. In macroeconomic terms, economic management has been effective.

Regarding Japan’s request as it has investments in both Thailand and Cambodia to transport goods across the Cambodia-Thailand border, Japan should contact the Thai side, as Cambodia has already granted its approval.

I respectfully urge my fellow citizens to remain patient and allow the Royal Government to continue resolving this matter through peaceful means. We cannot end war with war.

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 Page2 Page3 Page4 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ស្នេីដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ដោះស្រាយបញ្ហាដីធ្លី ឱ្យអស់លទ្ធភាព​ មុននឹងរុញមកឱ្យខេត្តដោះស្រាយ​ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ស្នេីដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ដោះស្រាយបញ្ហាដីធ្លី ឱ្យអស់លទ្ធភាព​ មុននឹងរុញមកឱ្យខេត្តដោះស្រាយ​ ចុះផ្សាយថ្ងៃទី ៥ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×