ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន៣នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសក្នុងឧបវហេតុគ្រោះអគ្គិភ័យនៅយប់មិញ។
លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ថ្លែងនៅកន្លែងកើតហេតុថា ភោជនីយដ្ឋាន (អេលីត)នេះ មិនទាន់បានបើកដំណើរការនៅឡើយទេ ប៉ុន្តែរយៈពេល៣ថ្ងៃមកនេះ បុគ្គលិកបានចាប់ផ្ដើមធ្វើការសាកល្បង និងហាត់សម ដើម្បីស្នើសុំទៅអាជ្ញាធរបើកឡើងវិញ តែជាអកុសល ក៏កើតហេតុអគ្គិភ័យនេះតែម្តង។ លោកថាករណីអគ្គិភ័យនេះ ដំបូងឡើយបុគ្គលិកបានធ្វើការសាកឧបករណ៍ ក៏មានការឆ្លងចរន្តអគ្គិសនី ហើយបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ដែរតែមិនអាចជួយបាន ទើបសុំការអន្តរាគមន៍ពីសមត្ថកិច្ច។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប ដែលបានចុះទៅពិនិត្យ និងដឹកនាំបញ្ជាផ្ទាល់បានថ្លែងថា អគ្គិភ័យតែងតែកើតឡើងគ្រប់ពេល ប្រសិនបើយើងមានការធ្វេសប្រហែស។ ដូច្នេះសូមឲ្យក្លិបកម្សាន្តទាំងអស់មុននិងបើកដំណើរការឡើងវិញ ត្រូវសហការជាមួយអាជ្ញាធរ ដើម្បីពិនិត្យមើលបច្ចេកទេសឱ្យបាន សមស្របព្រោះឥឡូវនេះ ជាបញ្ហាមួយជាក់ស្តែងឃើញថា បុគ្គលិកមួយចំនួនបានមកធ្វើការតេស្តសាកល្បង ហើយបើសិនជាគាត់លួចបើក មានភ្ញៀវចូលមិនដឹងជាគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ុណ្ណានោះទេ។
យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង៤នាក់រួមមាន៖ ១.ឈ្មោះអ៊ឹង ស៊ីម ភេទប្រុស អាយុប្រហែល៤២ ឆ្នាំ រស់នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល មុខរបរសន្តិសុខក្លឹបអេលីត បានស្លាប់ពេលដឹកមកដល់មន្ទីរពេទ្យខេត្ត , ២. ឈ្មោះ ប្រាក់ សុភ័ណ្ឌ ភេទប្រុសអាយុ៤១ឆ្នាំ រស់នៅបន្ទប់ជួលភូមិតាភុល មុខរបរ DJ ក្លឹបអេលីត រងរបួសកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត , ៣. ឈ្មោះ ឈឿន សំណាង ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មុខរបរអ្នកចំរៀង បានស្លាប់ និង ៤. ឈ្មោះ ធី មេសា ហៅចិត្ត ភេទប្រុសអាយុ៣៦ឆ្នាំ រស់ភូមិកន្រ្តក់ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរសន្តិសុខ បានស្លាប់។
សូមបញ្ជាក់ថាហេតុការណ៍បានកើតឡើងនៅចំណុច ភោជនីយដ្ឋាន (អេលីត) ស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប វេលាម៉ោងប្រមាណជិត៨យប់ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។ បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យនេះដោយសារឆ្លងចរន្ដអគ្គិសនី ខណៈពេលដែលបុគ្គលិកកំពុងធ្វើការហាត់សមត្រៀម ដើម្បីត្រៀមបើកដំណើរការឡើងវិញ៕SRP