ខេត្តសៀមរាប៖លោកតេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្របត្តិការរយៈពេលកន្លងមក ជាពិសេសចំពោះការផ្តល់នូវសម្ភារៈកំព្យុទ័រទំនើបចំនួន ៤គ្រឿង និងកាម៉ារ៉ាថតរូបទំនើប ចំនួន ៤គ្រឿង។ លោកស្នងការក៏បានស្នើសុំអោយនគរបាលសហព័ន្ធអូស្ត្រាលីជួយពង្រឹងសមត្ថភាពនគរបាលខេត្តសៀមរាប អោយបានច្រើនថែមទៀត ទាំងជួយបណ្តុះបណ្តាលពីវិធីសាស្រ្ត និងជួយសម្របសម្រួលជាជំនួយផ្នែកសម្ភារ: មធ្យោបាយ បច្ចេកទេស ដល់នគរបាលខេត្ត ដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងការជួញដូរលើកុមារ និងការលាងលុយកខ្វក់។
លោកតេង ច័ន្ទណាត បានលើកឡើងពីលទ្ធផលនៃការអនុវត្តន៍ការងារកន្លងមកនឹងខិតខំប្រឹងប្រែងបន្តក្នុងកិច្ចសហប្រតិបត្តិការរវាងនគរបាលទាំងពីរ ឲ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពថែមទៀតផងដែរ។
លោកតេង ច័ន្ទណាត មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃទី១៤ ខែវិច្ឆិកា ម្សិលមិញ ក្នុងឱកាស អញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល ពិភាក្សាការងារ និងទទួលសម្ភារបច្ចេកវិទ្យា ជាមួយ លោក អែនធើនី មឹកក្វាយ (Anthony Maguire) នាយនគរបាលជាន់ខ្ពស់ នគរបាលសហព័ន្ធអូស្ត្រាលី និងលោក សារុំ សីលា ជំនួយការស៊ើបអង្កេត និងជាមន្ត្រីសម្របសម្រួល នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ឆ្លៀតក្នុងឱកាសនោះ លោក អែនធើនី មឹកក្វាយ (Anthony Maguire) ក៏បានរៀបរាប់ពីប្រវត្តិសង្ខេបការងាររបស់លោកកន្លងមក និងកិច្ចសហការសម្របសម្រួល កន្លងមកជាមួយនគរបាលកម្ពុជា ក្នុងការផ្លាស់ប្តូរព័ត៌មាន ដើម្បីបង្ក្រាបបទល្មើសពាក់ព័ន្ធ នឹងគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធ ទៅនឹងការប្រយុទ្ធប្រឆាំងការជួញដូរលើកុមារ ហើយក៏បានផ្លាស់ប្តូរបទពិសោធន៍លើការងារជំនាញការលាងលុយកខ្វក់ផងដែរ៕SRP