ភ្នំពេញ៖លោកហ៊ុយ វណ្ណ: ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសរសេរនូវអត្ថបទមួយឆ្លុះបញ្ចាំងពីការដឹកនាំអតីតរបស់ខ្មែរក្រហម។
លោកហ៊ុយ វណ្ណ: បានសរសេរសំណេរលើនៅទំព័រអាខោនហ្វេសប៊ុកផ្ទាល់ខ្លួន ថាកំហុសរបស់ ខ្មែរក្រហម គឺលើសពីគ្រប់គ្រាន់ដែលអាចឆ្លុះបញ្ចាំងបាន ហើយកម្ពុជាកុំខុសម្តងទៀត។ បើនរណាដើរតាមផ្លូវខ្មែរក្រហម ខ្ញុំឲ្យងារថាជាបីសាច ឬ ប្រែត៖
១- «មនោគមន៍វិជ្ជា»៖ ការបំផុសឲ្យស្អប់គ្នានេះគឺគ្រោះថ្នាក់ណាស់! មនុស្សចាប់មនុស្សយកទៅវៃចោលផុយ អន់ជាងសត្វធាតុ ក្រោមហេតុផលចោទថាជា «ខ្មាំង» របស់អង្គការ។ មនោគមន៍វិជ្ជា វាបណ្តុះឲ្យមនុស្សបែងចែកគ្នា នេះទាបជាង នេះអន់ជាង នេះមិនស៊ីវិល័យ… ហើយបណ្តុះការច្រណែន ប្រមាថ។ បើពួកនរក មានអំណាច វាអារ-ក អ្នកដែលវាស្អប់។ អ៊ីចឹងហើយ ដែលខ្ញុំតែងជំទាស់មនោគមន៍វិជ្ជាបរទេស។
២- «អំណាចក្នុងដៃជនអវិជ្ជា»៖ គឺស្មើឲ្យអំណាចទៅមនុស្សឆ្កួត។ នេះគឺគ្រោះថ្នាក់បំផុត។ វារាយការណ៍ យកមនុស្សទៅវៃចោល គ្មានអាសូរ។ បើវាខុស វារាយការណ៍ទៅថ្នាក់លើផ្សេង អ្នកទន់ខ្សោយងាប់ដដែល។ តែនៅឆ្នាំ១៩៧៩ ក្រោយ ប៉ុល ពត ដួលរលំ គឺប្រជាជន បានចាប់ពួកឈ្លប សន្តិសុខ ដែលគេហៅថា ពួកដៃដល់ យកទៅបាញ់ចោលមួយចំនួន។
៣- «សម្លាប់កុមារ និងការស្រាវជ្រាវក្រុមគ្រួសារយកទៅសម្លាប់បន្ត»៖ ពេលចូលអតីតគុកទួលស្លែង ខ្ញុំទទួលយកចំណុចនេះមិនបាន ជាពិសេសការសម្លាប់មនុស្ស ក្រោមពាក្យស្លោក «ជីកស្មៅ ត្រូវជីកទាំងឫស»។ លើសពីនេះ ស្រាវជ្រាវសាច់ញាតិ អ្នកពាក់ព័ន្ធសម្លាប់បន្តបន្ទាប់ ក្រោមគោលការណ៍ «សម្លាប់ខុស ប្រសើរជាងលែងខុស» ឬ «ទុកមិនចំណេញ ដកចេញមិនខាត»។
៤- «ការបន្តុះភាពអាត្មានិយម»៖ ប៉ុល ពត និយាយពីការកសាងសមូហភាព សហករណ៍គំរូ ប៉ុន្តែដោយសារក្នុងបរិបទសង្គមទាំងមូលគឺ «មនុស្សភ័យខ្លាច» ក្រោមភាពអវិជ្ជា ព្រៃផ្សៃយង់ឃ្នង មនុស្សក៏ទៅជា «អាត្មានិយម»។ ថែមខ្មែរក្រហម «ឲ្យដាំដើមគរ» គឺផ្នត់គំនិតមនុស្សក្លាយទៅជា «សក់នរណា ក្បាលអ្នកហ្នឹង»។
៥- «ការបែងចែកអ្នកចាស់ អ្នកថ្មី»៖ នេះគឺជាការបង្កើតឲ្យមាន«ទំនាស់»ជាស្វ័យប្រវត្តិក្នុងសង្គមមួយ ដែលគ្មានប្រព័ន្ធយុត្តិធម៌ ហើយមនុស្សសម្លាប់គ្នានៅតាមមូលដ្ឋាន ការដ្ឋាន សហករណ៍ ឃុំ ស្រុក តំបន់ ភូមិភាគ មជ្ឈិម តាមតែហេតុផលរៀងៗខ្លួន។
៦- របប ប៉ុល ពត ធ្វើរឿងខុសឆ្គងច្រើនទៀត ទាំងការធ្វើឲ្យបាត់ភាពជាមនុស្ស និងនាំសង្គមមួយបាក់ស្បាត ដើរត្រឡប់ក្រោយ ចុះនរកលោកីយ៍។ មនុស្សហូបមិនឆ្អែត គ្រាន់តែចាប់ក្តាម រកអាហារស៊ីថែម បែរជាចោទគ្នាខ្មាំងយកទៅវៃចោលដែរ។ ចាប់គ្រួសារគ្នាយកទៅវៃចោល បែរជាហាមមិនឲ្យគ្នាតក់ស្លុត ហាមមិនឲ្យយំស្តាយស្រណោះ… សង្គមវាឆ្កួតព្រៃផ្សៃ គ្មានមនោសញ្ចេតនាអស់អ៊ីចឹងទៅ។ ទីបំផុត «គុណបុណ្យ ៧មករា» ជាតិបានរស់ឡើងវិញ ចាកចេញផុតពីរបបឆ្កួតបែបនេះ។ កម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ត្រូវរៀនសូត្រពីដំណើរប្រវត្តិសាស្ត្រជាតិរបស់យើង។ កុំដើម្បីមុខមាត់ឬចង់បានអំណាច ធ្វើនយោបាយផ្លូវកាត់។ កុំប្រមាថស្នាដៃមនុស្សជាន់មុន ដែលធ្វើពលិកម្មគ្រប់បែបយ៉ាង ទម្រាំកម្ពុជាបានដូចសព្វថ្ងៃ ខណៈខ្លួនមិនទាន់ធ្វើអ្វីថ្មីបាន។ ចូលរួម «រក្សាមុំ៣» ឲ្យនៅគង់វង្សជាមួយគ្នាគឺ ជាតិ សាសនា ព្រះមហាក្សត្រ៕SRP
