ខេត្តសៀមរាប៖ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត បានសិក្សារៀនសូត្រ និងទទួលបានចំណេះដឹងខ្ពស់មានជំនាញ ពិតប្រាកដ សម្រាប់ចូលរួមអភិវឌ្ឍប្រទេសនៅថ្ងៃអនាគត់ នៅថ្ងៃទី២៥ខែមករាឆ្នាំ២០២១ នេះ សាកលវិទ្យាល័យអង្គរខេត្តសៀមរាប បានបើការប្រឡង យកអាហាររូបករណ៍លើជំនាញ គិលានុបដ្ឋាកនិងជំនាញ វិសកម្មនិងស្ថាបត្យកម្ម។
ការប្រឡងនេះ មានបេក្ខជន បេក្ខនារី ចូលរួមចំនួន២៩៩នាក់ ក្នុងនោះជំនាញគិលានុបដ្ឋាកមានចំនួន២០១នាក់ និងជំនាញវិសកម្ម និងស្ថាបត្យកម្មចំនួន៩៨នាក់។
លោក សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអង្គរខេត្តសៀមរាប បានថ្លែងថា អាហារូបករណ៍ ដែលសិស្សានុសិស្ស ត្រូវប្រឡងយកនៅពេលនេះ គឺមានជំនាញ
គិលានុបដ្ឋាក អាហារូបករណ៍១០០% ចំនួន៥០កន្លែង ដែលផ្តល់ដោយប្រទេសជប៉ុន សម្រាប់សិស្ស ដែលប្រឡងជាប់ អាហារូបករណ៍នេះនិងទទួលបានថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ឧបត្ថម្ភ ក្នុង១ខែចំនួន៨០ដុល្លារអាមេរិក និងអាហារូបបករណ៍១០០% លើជំនាញវិសកម្ម និងស្ថាបត្យកម្មចំនួន១៥កន្លែង ដែលផ្តល់ដោយឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាប ដោយទទួលបានថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ឧបត្ថម្ភក្នុង១ខែចំនួន៨០ដុល្លារ ដូចគ្នាដែរ។
លោកសុខ តុញ ក៏បានបន្តថា នេះជាឱកាសដ៏ល្អសម្រាប់ប្អូនៗ ចាប់យកឱ្យបាន ព្រោះវានិងផ្តល់ចំណេះដឹង ចំណេះធ្វើ ជាពិសេសនិងជួយធ្វើឱ្យជីវភាពគ្រួសាររបស់ប្អូនៗ ធូរធាជាងមុន។
ការសិក្សាជំនាញទាំងពីរនេះ មិនត្រឹមតែបានសិក្សា នៅក្នុងសាកលវិទ្យាល័យអង្គរ ប៉ុណ្ណោះទេ ប្អូនៗសិស្សានុសិស្ស និងមានឱកាសទៅសិក្សាបន្ត នៅបណ្តាប្រទេសផ្សេងៗ ដែលជាដៃគូ របស់សាកលវិទ្យាល័យអង្គរផងដែរ។ ជាពិសេសអ្នករៀនជំនាញគិលានុបដ្ឋាក ក៏មានឱកាសចូលទៅធ្វើការ នៅមន្ទីរពេទ្យគន្ធបុប្ផា ផងដែរ ដោយសារតែសាលានិងមន្ទីរពេទ្យ នេះ បានចុះកិច្ចព្រមព្រៀងនិងគ្នារួចហើយ។
បើតាម លោក ម៉ួង ណារិន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ធនធានមនុស្ស ផ្នែកគិលានុបដ្ឋាក គឺកំពុងតែមានត្រូវការច្រើន ហើយសម្រាប់ នៅក្នុងខេត្តសៀមរាប នេះ គឺមានតែសាកលវិទ្យាល័យអង្គរ ទេ ដែលបានបើកបង្រៀនផ្នែកនេះ ដូច្នេះប្អូនៗ ត្រូវខិតខំឱ្យអស់ ពីសមត្ថភាព ដើម្បីទទួលបានអាហាររូបករណ៍ សិក្សា ព្រោះវាជាឱកាសដ៏ល្អសម្រាប់ប្អូនៗ ផងដែរ៕SRP