ខេត្តសៀមរាប៖មន្ត្រីបានថ្លែងនៅរសៀលថ្ងៃនេះថា ករណីជម្លោះពាក្យសម្តីរហូតឈានដល់វាយតប់គ្នា ទៅវិញទៅមករវាងអ្នកលក់លក់នំប៉័ងនិងអ្នកលក់ពេជ្រ នៅក្រុងសៀមរាប សមត្ថកិច្ចនឹងបញ្ជូនសំណុំរឿងទៅដៃតុលាការ។
មន្ត្រីនគរបាលបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ករណីហិង្សាដោយចេតនានេះ ( វ៉ៃគ្នាទៅមក ) រវាងឈ្មោះលាំង តារា ភេទប្រុស អាយុ៥២ឆ្នាំមុខរបរជាម្ចាស់ហាងនំបុ័ងយីហោនាគព័ន្ធ ស្នាក់នៅភូមិកើតហេតុនឹងឈ្មោះឌឿន សារឿន ភេទប្រុស អាយុ២៨ឆ្នាំមុខរបរជាអ្នកគ្រប់គ្រងហាងពេជ្រយីហោ មុន្និន១៦៨ ដោយមានថៅកែឈ្មោះឈិវ មុន្និន ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិកើត។
មន្ត្រីបានថ្លែងបញ្ជាក់ថា មូលហេតុបង្កឲ្យមានករណីខាងលើ គឺឈ្មោះឌឿន សារឿន បានឮសម្លេង របស់ឈ្មោះលាំង តារា និយាយដៀមដាមដោយឈ្មោះឌឿន សារឿន ថាការនិយាយខាងលើគឺសំដៅទៅលើថៅកែរបស់ខ្លួន ទើបមានការប្រតាយប្រតប់នឹងគប់គ្នាតែម្តង។ មន្ត្រីបានបញ្ជាក់ថាករណីនេះកម្លាំងនគរបាលរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។
បើតាមមន្ត្រីបានបញ្ជាក់ថាជុំវិញហេតុការណ៍នេះ សមត្ថកិច្ចហាក់ពិបាកក្នុងការស៊ើបអង្កេតដោយសារខាងថៅកែលក់នំប៉័ង បានមកប្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំ។ ចំណែកភាគី ខាងម្ចាស់ហាងលក់ពេជ្របានទៅដាក់ពាក្យបណ្តឹងនៅអាវុធហត្ថខេត្ត។ ដូច្នោះហើយបានជាសមត្ថកិច្ចមានការពិបាកប្រមូលវត្ថុតាង ទើបត្រូវបញ្ជូនទៅតុលាការ ទុកឲ្យអ្នកកាត់ក្ដីតែម្ដង។
សូមបញ្ជាក់ថាហេតុការណ៍ជម្លោះនេះបានកើតឡើងនៅវេលាម៉ោង១២និង១៥នាទីថ្ងៃទី០៨ខែមិថុនាម្សិលមិញនៅចំណុចហាងពេជ្រយីហោ មុន្និន១៦៨ និងហាងនំបុ័ងយីហោនាគព័ន្ធ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប៕SRP