ខេត្តព្រះវិហារ៖ករណីគ្រឿងចក្រ វាយកម្ទេចព្រៃស្រោងជាង៧ហិកតា គ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ នៅក្នុងភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ សមត្ថកិច្ចបានកំណត់មុខជនពាក់ព័ន្ធអស់ហើយ។
លោក វុធ សាវី ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានថ្លែងថា ចំពោះអ្នកពាក់ព័ន្ធក្នុងករណីនេះ សមត្ថកិច្ចជំនាញកំណត់បានអត្តសញ្ញាណអស់ហើយ ដោយស្ថាប័នតុលាការនៅរងចាំតែសំណុំរឿងពីខាងជំនាញបញ្ជូនមកតែប៉ុណ្ណោះ។ លោក វុធ សាវី ក៏បានសម្តែងនូវការសោកស្តាយចំពោះព្រៃឈើធំៗ ដែលជាប្រភេទព្រៃស្រោងជាច្រើនហិកតា ដែលត្រូវបានបាត់បង់ដោយស្នាដៃក្រុមឈ្មួញទុច្ចរិតទាំងអស់នោះ។ ដូច្នេះហើយក្នុងនាមតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ នឹងប្តេជ្ញាបន្តនីតិវិធី អនុវត្តវិធានការតាមច្បាប់ជាធរមាន ដោយមិនឲ្យឧក្រិដ្ឋកម្មបំផ្លាញព្រៃទាំងនោះរួចខ្លួនជាដាច់ខាត។
ទាក់ទងនឹងករណីបំផ្លាញព្រៃឈើនៅចំណុចខាងលើនេះ លោក នួន សុខុមនាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារបានលើកឡើងថា ក្រោយពីការចុះត្រួតពិនិត្យ និងកំណត់ផែនទីទិន្នន័យជាក់ស្តែងនៅក្នុងទីតាំងដីព្រៃ ដែលក្រុមឈ្មួញប្រើប្រាស់គ្រឿងចក្រ វាយបំផ្លិចបំផ្លាញ នៅប៉ុន្មានថ្ងៃថ្មីៗនេះ មានទំហំជាង៧ហិកតា ដែលជាប្រភេទព្រៃស្រោងគ្រប់គ្រង ដោយរដ្ឋបាលព្រៃឈើខេត្តព្រះវិហារពិតប្រាកដមែន។
លោក នួន សុខុម បានបន្ដថា បុគ្គលដែលប្រព្រឹត្តទង្វើផ្ទុយនឹងមាត្រា៩៧ ច្បាប់ ស្តីពីព្រៃឈើ លោកនឹង រៀបចំឯកសារដាក់ទៅថ្នាក់លើ និងបញ្ជូនសំណុំរឿងទៅកាន់តុលាការឆាប់ៗនេះ ដោយបច្ចុប្បន្នមន្រ្តីជំនាញកំណត់បានមុខសញ្ញាជនសង្ស័យអស់ហើយ ចំពោះក្រុមឧក្រិដ្ឋជន ដែលនៅពីក្រោយខ្នង នៃបទល្មើសបំផ្លិចបំផ្លាញព្រៃឈើនេះ។
សូមរំលឹកថាលោក វុធ សាវី នឹងលោកចក់សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០១ បានចុះទៅទីតាំងឈូសឆាយដីព្រៃដោយខុសច្បាប់ នៅភូមិសាស្រ្តភូមិក្តាក់ ឃុំត្បែង២ ស្រុកគូលែន ខេត្តព្រះវិហារ ដោយពិនិត្យឃើញថា ពិតជាមានករណីឈូសឆាយដីព្រៃនេះពិតប្រាកដមែន។
ក្នុងពេលចុះពិនិត្យនេះលោកព្រះរាជអាជ្ញា បានឃាត់ដកហូតទូរស័ព្ទនឹងសោ ហើយបានហៅអ្នកបើកគ្រឿងចក្រមកសាកសួររ ស្រាប់តែមានបក្ខពួក ក្រុមជនល្មើសមួយក្រុម ប្រដាប់ដោយដំបងនឹងដុំដែក បានផ្ទុះហិង្សា តាមប្រើអំពើហិង្សាទៅលើ លោកព្រះរាជអាជ្ញា រួមទាំងអ្នកសារព័ត៌មាន រហូតមានការផ្ទុះអាវុធមួយគ្រាប់បាញ់ឡើងលើ ពីមន្រ្តីនគរបាលប៉ុស្តិ៍ ដើម្បីការពារលោកព្រះរាជអាជ្ញា កុំឲ្យក្រុមជនល្មើសប្រើអំពើហិង្សាទៅលើរូបលោកនឹងក្រុមការងារ។
ជុំវិញការឈូសឆាយបំផ្លាញព្រៃឈើនេះ ប្រភពបានទម្លាយថាពួកឈ្មួញអាចឃុបឃិតគ្នាជាមួយអាជ្ញាធរជំនាញមូលដ្ឋាន ទើបពួកគេហ៊ានយកគ្រឿងចក្រឈូសបំផ្លាញដោយគ្មានកោតខ្លាចបែបនេះ។ ទោះជាយ៉ាងណាគេរំពឹងថាតុលាការខេត្តព្រះវិហារនិងស្រាវជ្រាវចាប់ខ្លួនជនដែលបានប្រព្រឹត្តយកមកផ្ឌន្ទាទោសតាមផ្លូវច្បាប់ជាក់ជាពុំខាន៕SRP