ខេត្តកំពង់ចាម៖លោក មី វ៉ាន់ ប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់ជាតិ ចុះជួយស្រុកកងមាស និងលោកស្រី អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ បាននាំយកអំណោយសប្បុរសធម៌ ចុះចែកជូនបងប្អូនប្រជាពលរដ្ឋ ក្រីក្រប្រភេទ១ ចំនួន៥១៦គ្រួសារ នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម ព្រមទាំងបានធ្វេីការផ្សព្វផ្សាយអំពីវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ផងដែរ។
ក្នុងឱកាសចុះចែកអំណោយនោះដែរ លោក មី វ៉ាន់ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ នូវការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្ដ ហ៊ុន ម៉ាណែត ដែលលោកតែងតែមានការគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពណ៍សម្បុរ ពូជសាសន៍ និងនិន្នាការនយោបាយអ្វីឡើយ។
លោក ក៏បានក្រេីនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ អំពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងដល់សហគមន៍របស់យើង គឺត្រូវមានការចូលរួមទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យ លាងដៃនឹងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ ត្រូវពាក់ម៉ាស ឬប្រើប្រាស់ក្រម៉ាជាប្រចាំ ស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកបានបន្តថា ទោះបីជារយៈពេលប៉ុន្មានថ្ងៃមកនេះ ពិតមែនតែក្រសួងសុខាភិបាលពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តការប្រយ័ត្នជាប់ជានិច្ច ដោយការធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា និងមិនចេញក្រៅផ្ទះបេីគ្មានការចាំបាច់ទេនោះ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តការឆ្លងរាតត្បាតនៃមេរោគ កូរ៉ូណា វីរុសប្រភេទថ្មី ឬកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។
គួរបញ្ជាក់ផងដែរថា អំណោយដែលត្រូវចែកជូន បងប្អូនប្រជាពលរដ្ឋ នាឱកាសនោះ រួមមាន ឃុំព្រែកក្របៅ ចំនួន២២៩គ្រួសារ ឃុំអង្គរបាន ៥០គ្រួសារ ឃុំខ្ចៅ២០០គ្រួសារ ឃុំស្តៅ៣០គ្រូសារ និងឃុំរកាគយ៧គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ០១យួរ សាប៊ូ០៤ដុំ និងម៉ាសការពារ០២ដុំ ដោយឡែកក្រុមយុវជនឃុំ ក៏បានទទួលការឧបត្ថម្ភ ជាអាល់កុល ក្រម៉ា និងថវិកាមួយចំនួនផងដែរ៕SRP