ខេត្តកំពង់ចាម៖លោកស្រីប៉ាងដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម តំណាងលោកអ៊ុនចាន់ដាអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមរួមដំណើរដោយ លោក លោកស្រីសមាជិកសមាជិកាគណៈកម្មាធិការសាខា និងអនុសាខាស្រុកនៅថ្ងៃម្សិលមិញបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមខេត្តទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកព្រៃឈរចំនួន៩គ្រួសារ ដោយសរុបរួមប្រជាពលរដ្ឋដែលរងគ្រោះទាំង៥២គ្រួសារ។
ក្នុងឱកាសនោះដែរលោកស្រីប៉ាងដានីបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកអ៊ុនចាន់ដាប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ«ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។ ជាមួយគ្នានោះលោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយការលាងសំអាតដៃ ,ប្រើប្រាស់ម៉ាស់ ឬក្រម៉ាឱ្យបានត្រឹមត្រូវនិងត្រូវថែរក្សា សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានជាប្រចាំផងដែរ ។
គួររំលឹកផងដែរថានៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាមកាលពីយប់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០២០វេលាម៉ោង៣.៣០នាទីមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់និងរន្ទះបណ្តាលឲ្យរលំផ្ទះ៤ខ្នង និងរបើកដំបូលចំនួន៤៨ខ្នងក្នុងនោះ៖នៅស្រុកបាធាយរលំផ្ទះ១ខ្នងនិងរបើកដំបូលផ្ទះ២១ខ្នង,ស្រុកព្រៃឈររលំផ្ទះ១ខ្នងនិងរបើកដំបូលផ្ទះ៨ខ្នង,ស្រុកជើងព្រៃរលំផ្ទះ២ខ្នងនិងរបើកដំបូល៣ខ្នងនិងស្រុកចំការលើរបើកដំបូល១៦ខ្នង៕SRP