ខេត្តកំពង់ចាម៖លោក អឿន សុធាលី អភិបាលរងស្រុកកងមាស បានអះអាងថា ការធ្វើសំណង់លេីដីចំណីព្រែក ស្ថិតនៅក្នុងភូមិអន្លង់គគីរ ឃុំស្ដៅ ស្រុកកងមាស រដ្ឋបាលស្រុក បានធ្វើកិច្ចសន្យា ជាមួយម្ចាស់សំណង់ ដោយការធ្វើនេះ ដេីម្បីបម្រើដល់ប្រយោជន៍រួម មិនមែនជាប្រយោជន៍បុគ្គលទេ ព្រោះក្នុងកិច្ចសន្យាគាត់បានអះអាងដែរថា ការធ្វើនេះក្នុងករណីថ្ងៃក្រោយបើធ្វើឱ្យប៉ះពាល់ ដល់សោភ័ណភាពសណ្ដាប់ធ្នាប់សាធារណៈ បរិស្ថាន និងការពង្រីកផ្លូវ គាត់សុខចិត្តប្រគល់ជូនអាជ្ញាធរចាត់ចែងវិញ ពោលគឺ ការអនុញ្ញាតឱ្យគាត់សាងសង់នេះ គឺយោងលើកិច្ចសន្យា ដែលគាត់បម្រើដល់ផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ រួមមានឃុំស្ដៅ ឃុំព្រែកកុយ និងឃុំរាយប៉ាយ។
លោកអភិបាលរងស្រុកកងមាស បានឱ្យដឹងថា ដើមឡើយសំណង់នេះមានការសាងសង់ដែរ ប៉ុន្តែមិនបានធ្វើទំហំធំដូចនេះទេ ព្រោះការសាងសង់បំណងនេះគឺមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ចំណុចសំខាន់ទី១ គឺក្នុងនាមអាជ្ញាធរមិនបានអនុញ្ញាត ឬក៏លើកទឹកចិត្តឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់នេះសាងសង់ជាសំណងនោះទេ ប៉ុន្តែទាក់ទងនឹងសំណងមួយនេះ ដោយមានការស្នើសុំផ្ទាល់ពីម្ចាស់សំណង់ គាត់បានស្នើសុំសាងសង់ហ្នឹងគ្រាន់តែក្នុងនាមបម្រើជាប្រយោជន៍រួមទីមួយ ទីពីរដីរបស់គាត់នៅជិតហ្នឹង កាលណាបើសិនជាគាត់បានសាងសង់ទៅអាចជួយការពារកុំឱ្យបាក់ដាច់ផ្លូវសាធារណៈ និងអាចបាក់ដល់ផ្ទះគាត់ផងដែរ។
បើតាម លោក ឡាយ សេងហុង មេឃុំស្តៅ បានឱ្យដឹងថា ផ្លូវមាត់ព្រែកនោះធ្លាប់រកនូវការបាក់ស្រុតចាប់តាំងពីឆ្នាំ ២០០២ មកម្លេះ ។ ជាមួយគ្នានោះអាជ្ញាធរឃុំ ធ្លាប់បានជួយចាក់ដីមាត់ព្រែកនោះរាប់រយឡានផងដែរ ប៉ុន្តែនៅតែទប់មិនឈ្នះ។
លោកមេឃុំបញ្ជាក់ថា ប្រសិនបើគ្មានសំណង់ទប់ដីនោះទេ ផ្លូវនោះនឹងត្រូវបាក់ស្រុតទាំងអស់ និងត្រូវផ្អាកចរាចរណ៍ទាំងស្រុង បណ្ដាលឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងមកពីតំបន់ផ្សេងៗ ឆ្លងកាត់លែងបាន។
ដោយឡែក លោក ឡេះ ប៊ុល ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ស្រុកកងមាស បានឱ្យដឹងថា នេះគឺជាសំណង់ដែលសាងសង់នៅលើដីចំណីព្រែក ដែលអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញមិនបានចេញលិខិតអនុញ្ញាតឱ្យសាងសង់នោះទេ ប៉ុន្តែសំណងនេះពិតជាមានផលប្រយោជន៍បម្រើដល់សាធារណៈ ដែលមិនមែនពេលធ្វើរួចហើយម្ចាស់យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទេ តាមដែលខ្ញុំមកកាន់ជាប្រធានភូមិបាលស្រុកហ្នឹង គឺសំណង់នេះសាងសង់ ចំនួន ៣លើករួចមកហើយ នេះជាលើកទី៣ ព្រោះកាលពីលើកមុនៗ គឺវាមានលក្ខណៈតូច ហើយក៏បាក់ចូលទៅក្នុងចំណីព្រែកបាត់ទៅ លេីកនេះសាងសង់មានលក្ខណៈរឹងមាំ ព្រោះមានវិស្វករត្រឹមត្រូវ ប៉ុន្តែរដ្ឋបាលយើងមិនបានចេញលិខិតអនុញ្ញាតផ្តល់ជូនគាត់ទេ ហេីយយើងក៏បានធ្វើលិខិតមួយ ដើម្បីផ្អាកការសាងសង់របស់គាត់ ប៉ុន្តែដោយសារមូលដ្ឋានត្រូវការជាចាំបាច់ផ្ទប់ចំណីផ្លូវមិនឱ្យមានការបាក់ស្រុត ឬក៏ដាច់ផ្លូវ ដែលបម្រើឱ្យប្រជាពលរដ្ឋចំនួន ៣ឃុំ នៅផ្នែកខាងក្រោម គឺសំណងនេះត្រូវតែធ្វើ ដើម្បីទប់ដីកុំឱ្យបាក់បន្តទៀត ហើយសំណងហ្នឹងគឺតាមពិតទៅគឺ ដូចជាសាលាឆទានអ៊ីចឹង ប្រជាពលរដ្ឋគាត់អាចមកជ្រក មកស្នាក់អាស្រ័យបានពេលមានភ្លៀង ពេលក្តៅ ទោះជាយ៉ាងណាជំនាញយេីងមិនបានចេញលិខិតអនុញ្ញាតជូនគាត់ទេ៕