ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២៤ ម្សិលមិញ
បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន៦៩គ្រួសារ នៅស្រុកស្រីសន្ធរ។
នាឱកាសនោះដែរលោក អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ ផងដែរ។
លោកអភិបាលខេត្តក៏បានថ្លែងដល់ពលរដ្ឋឲ្យបន្តការប្រុងប្រយ័ត្នចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ គឺត្រូវធ្វើអនាម័យជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ព្រមទាំងចូលរួមគោរពច្បាប់ចរាចរឲ្យបានខ្ជាប់ខ្ជួនផងដែរ។ លោកថា ការថែទាំសុខភាព ចៀសផុតពីជំងឺដង្កាត់ផ្សេងៗ និងការចូលរួមគោរពច្បាប់ចរាចរណ៍ ព្រមជាមួយការបេីកបរដោយប្រយ័ត្នខ្ពស់ ក៏ជាការរួមចំណែកកាត់បន្ថយភាពក្រីក្របានយ៉ាងល្អប្រសើរផងដែរ។
អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលត្រូវចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលមានចាស់ជរាគ្មានទីពឹង ជនពិការភាព ស្រ្តីម៉េម៉ាយមានកូនច្រើន អ្នកជំងឺរាំរ៉ៃ ចំនួន៦០គ្រួសារ ដោយក្នុង១ គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ,ទឹកសុីអុីវ១យួរ,ទឹកត្រី១យួរ,ត្រីខកំប៉ុង១យួរ, ម៉ាស់៥ និងថវិកា២០,០០០រៀល។
ដោយឡែក ប្រជាពលរដ្ឋដែលរុះរើផ្ទះដោយការបាក់ស្រុតច្រាំងទន្លេចំនួន៩គ្រួសារ នៅឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ដោយក្នុង០១គ្រួសារទទួលបាន តង់០១ អង្ករ៥០គីឡូក្រាម មី២កេស ត្រីខកំប៉ុង២យួរ ទឹកស៊ីអុីវ២យួរ ទឹកត្រី២យួរ ថវិកា២០ម៉ឺនរៀល និងប្រគេនបច្ច័យ៤០ម៉ឺនរៀល ដល់វត្តក្រូចសេីច ផងដែរ៕SRP
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២០