ភ្នំពេញ៖សម្ដេចស ខេងបានមានប្រសាសន៍ថាសព្វថ្ងៃនេះគ្រឿងញៀនកំពុងវាយលុកសង្គមកម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយទាមទារឱ្យមានការស្វែងរកមូលហេតុនៃបញ្ហានេះ ក្នុងនោះការរកឃើញជាបឋម គឺបញ្ហាគ្រឿងញៀនឆ្លងកាត់តាមព្រំដែន ចូលមកកម្ពុជា និងការនាំចូលគ្រឿងញៀនសំយោគ។ សម្ដេចបានចាត់ទុកបញ្ហាគ្រឿងញៀនសំយោគនេះថាជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភបំផុតសម្រាប់កម្ពុជា និងបានស្នើឱ្យរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធយកចិត្តទុកដាក់ឱ្យបានខ្ពស់។
សម្ដេចបានសង្កត់ធ្ងន់ទៀតថា«សូមឯកឧត្តមរដ្ឋមន្ត្រីពាក់ព័ន្ធមើលបញ្ហាហ្នឹង បើមិនដូច្នេះឯកឧត្តមនឹងជាប់ជំពាក់ការទទួលខុសត្រូវចំពោះសង្គមកម្ពុជា ទាក់ទងនឹងបំផ្លាញសុខភាពសាធារណៈ ហើយអាជ្ញាធរគ្រឿងញៀនក៏ដូចគ្នាដែរ ត្រូវតែមើលរឿងហ្នឹងឱ្យបានច្បាស់លាស់»។
សម្ដេចបានណែនាំគ្រប់ភាគីសហការផ្ដល់ព័ត៌មានឱ្យគ្នាក្នុងការត្រួតពិនិត្យដំណើរការនាំចូលសាធាតុផ្សេងៗ ដើម្បីតាមដាន និងសិក្សាបន្ថែម ថាតើសាធាតុនោះអាចត្រូវបានប្រើប្រាស់សំយោគជាគ្រឿងញៀនឬយ៉ាងណា?
សម្ដេចក៏បានមានប្រសាសន៍អំពីស្ថានភាពចរាចរណ៍នៅកម្ពុជាដែរ ដែលក្នុងរយៈកាលចុងក្រោយនេះ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ហាក់មានការហក់ឡើងវិញ ដោយសារកំណើននៃការធ្វើដំណើរតាមដងផ្លូវ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ។ សម្ដេចក៏បានបង្ហើបឱ្យដឹងថា ក្រសួងមហាផ្ទៃកំពុងធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ដោយមិនបន្តធ្វើវិសោធនកម្មនោះទេ ហើយថាច្បាប់ថ្មីនេះ មានលក្ខណៈតឹងរឹងជាងមុន ដើម្បីធានាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
សម្ដេចក៏បានឆ្លៀតមានប្រសាសន៍ដល់ការធ្វើបាតុកម្មតវ៉ានៃក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ផងដែរ។ សម្ដេចបានអំពាវនាវឱ្យអាជ្ញាធរ ក្រុមបាតុករ និងក្រុមហ៊ុន រក្សាភាពអត់ធ្មត់ ខិតខំរកវិធីបញ្ចប់បញ្ហាឱ្យបានឆាប់ ដោយមិនគួរបែរខ្នងដាក់គ្នានោះទេ។
សម្ដេចក៏បានផ្ដល់ការណែនាំឱ្យកងកម្លាំងនគរបាលទាំងអស់ត្រូវត្រៀមលក្ខណៈចូលរួមគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ពិសេសការបង្កលក្ខណៈឱ្យគ្រប់គណបក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយអាចធ្វើសកម្មភាពស្របទៅតាមច្បាប់ និងដោយគ្មានការរំខាន។
សម្ដេចក៏បានណែនាំឱ្យត្រៀមលក្ខណៈសម្រាប់ការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសដែលនៅឆ្នាំ២០២២នេះកម្ពុជាត្រូវដឹកនាំកិច្ចប្រជុំអាស៊ាន ព្រមទាំងបន្តត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍បោះឆ្នោត និងព្រឹត្តិការណ៍កីឡា ឆ្នាំ២០២៣។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកមិញ៕SRP