ភ្នំពេញ៖ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ទៀ សីហា ជាឧត្តមសេនីយ៍ឯក។ នេះបើយោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់ ចុះថ្ងៃទី ៧ ខែមករាឆ្នាំ ២០២២។
តើលោក ទៀ សីហា ជានរណា?
លោក ទៀ សីហា កូនប្រុសប្រមុខការពារជាតិកម្ពុជា គឺសម្តេចពិជ័យសេនា ទៀ បាញ់ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ជំនួសលោកឃឹម ប៊ុនសុង។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨។
តើលោក ទៀ សីហា ជានរណា? មានជីវប្រវត្តិ ឬការសិក្សាដល់កម្រិតណាដែរ? លោក ទៀ សីហា កើតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៨០ នៅរាជធានីភ្នំពេញ ជាមន្ត្រីបម្រើការក្នុងកងយោធពលខេមរភូមិន្ទ មានឋានន្ដរស័ក្ដិថ្នាក់ឧត្តម។ លោកជាកូនប្រុសទី២ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្ក្រសួងការពារជាតិ។
សម្រាប់ការសិក្សាវិញ កាលពីកុមារភាព លោក ទៀ សីហា បានសិក្សានៅសាលាបឋមសិក្សាចតុមុខ ក្នុងខណ្ឌដូនពេញ រាជាធានីភ្នំពេញ។ លុះចូលដល់វ័យជំទង់ និងត្រូវចូលរៀនកម្រិតមធ្យមសិក្សា លោក ទៀ សីហា ត្រូវបានឪពុកម្តាយបញ្ជូនឲ្យទៅសិក្សានៅសាលា Lycée Passy Saint-Honoré ប្រទេសបារាំង រហូតប្រឡងចូលមហាវិទ្យាល័យនៅទីនោះ។
ក្នុងរយៈពេល១០ឆ្នាំ នៃការស្នាក់នៅ ដើម្បីបន្តការសិក្សានៅក្នុងប្រទេសបារាំង លោក ទៀ សីហា បានបញ្ចប់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម ពីមហាវិទ្យាល័យ Passy Saint-Honoré នាទីក្រុងប៉ារីស ប្រទេសបារាំង នៅឆ្នាំ២០០១។ នៅក្នុងដំណាក់កាលនោះ លោក ទៀ សីហា បានចូលសិក្សារយៈពេលពេញមួយឆ្នាំនៅសាលាទាហាន ឈ្មោះ École Spéciale Militaire de Saint-Cyr ដែលជារាជបណ្ឌិត្យសភាយោធារបស់ប្រទេសបារាំង។
ក្រោយពេលបញ្ចប់ការសិក្សា លោក ទៀ សីហា បានវិលត្រឡប់មកកាន់មាតុភូមិវិញនាឆ្នាំ២០០១ រួចចូលបម្រើការជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងពេលបំពេញការងារជាមន្ត្រីយោធានេះ លោកបានឆ្លៀតពេលបង្កើនសមត្ថភាពផ្នែកគ្រប់គ្រង នៅរាជបណ្ឌិត្យសភារដ្ឋបាលជាន់ខ្ពស់នាឆ្នាំ២០០៧-២០០៨។
នៅឆ្នាំ២០១០-២០១៣ ស្របពេលវិវាទដីធ្លីកំពុងតែកើតឡើង រាជរដ្ឋាភិបាលបានបង្កើតក្រុមនិស្សិតស្ម័គ្រចិត្តវាស់វែងដីធ្លីនៅទូទាំងប្រទេស ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ។ លោក ក៏ត្រូវបានចាត់តាំងជាប្រធានក្រុមយុវជនស្ម័គ្រចិត្តខេត្តសៀមរាប ដែលនៅក្នុងដំណាក់កាលនោះ លោកត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបផងដែរ។
លោក ទៀ សីហា ជានាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០១៩៨៦៤ ទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី ដោយព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១១ និងទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ ដោយព្រះរាជក្រឹត្យចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤។ នឹងត្រូវបានដំឡើង តម្លើងឋាន្តរស័ក្តិ ជាឧត្តមសេនីយ៍ឯក ចុះថ្ងៃទី ៧ ខែមករាឆ្នាំ ២០២២នេះ។
បច្ចុប្បន្ន លោក ទៀ សីហា មានមុខតំណែងជាអភិបាលខេត្តសៀមរាប នឹងជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។ ក្រៅពីបំពេញការងារជានាយទាហានជាន់ខ្ពស់ នៃកងយោពលខេមរភូមិន្ទ និងការងារផ្នែកសង្គមនៅតាមបណ្ដាមូលដ្ឋាននានា ជាមួយក្រុមយុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជា លោក ទៀ សីហា តែងតែអមដំណើរក្នុងបំពេញបេសកកម្មនៅក្រៅប្រទេសរបស់សម្ដេចពិជ័យសេនា ទៀ បាញ់។
លោក ទៀ សីហា ក៏មានតួនាទីជាសមាជិកអចិន្ត្រៃយ៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលទើបនឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តក្នុងមហាសន្និបាតនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨៕SRP