ខេត្តព្រះវិហារ៖ប្រជាពលរដ្ឋក្នុងស្រុកគូលែន ខេត្តព្រះវិហារ ជាច្រើនគ្រួសារ បានចោទប្រកាន់ថា យោធាដឺបេ ពាក់ស័ក្ត៣ម្នាក់ឈ្មោះក្រូច ប៊ុនគីម ហៅហែម បូរិន ប្រើអំណាច ដោយអោយកូនប្រុសរបស់ខ្លួន យកគ្រឿងចក្រទៅឈូសឆាយលើដីពួកគាត់ និងដីព្រៃរបស់រដ្ឋច្រើនរយហិកតាទាំងកំរោល។
ដីរបស់អ្នកភូមិនិងដីព្រៃរបស់រដ្ឋ ដែលបុគ្គលពាក់ស័ក្ត៣ឈ្មោះក្រូច ប៊ុនគីម កំពុងឈូសឆាយ ស្ថិតនៅចំណុច ត្រពាំងផ្លុង និងអូរខ្សាច់ ក្នុងភូមិសាស្ត្រភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។
ការដាក់គ្រឿងចក្រចូលទៅឈូសឆាយដីព្រៃ ពីសំណាក់បុគ្គលក្រូច ប៊ុនគីម នេះ មិនមែនទើបតែម្សិលមិញនោះទេ បុគ្គលនេះបានចូលទៅឈូសឆាយតាំពីឆ្នាំ២០១៨ មកម្លេះ តែសកម្មភាពរបស់គេ ហាក់មិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធនោះឡើយ។
ពលរដ្ឋបានអោយដឹងទៀតថា លោកស័ក្ត៣ក្រូច ប៊ុនគីម ហៅហែម បូរិន ជាមន្ត្រីយោធាដឺបេពាក់ស័ក្ត៣ នៅការិយាល័យទី២ យោធភូមិភាគទី៤ កងទ័ពជើងគោក។
ស្ត្រីឈ្មោះគុណ សុឃន់ នៅថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០២២នេះ បានផ្តល់បទសម្ភាសន៍ថា ដីរបស់គាត់ និងអ្នកភូមិ២នាក់ទៀតដែលស្ថិតនៅក្នុងភូមិឃុំខាងលើមានលិខិតកាន់កាប់តាំងពីឆ្នាំ២០០៧មកម្លេះ។ នៅឆ្នាំ២០២០ ពួកគាត់បានទៅបោះបង្គោលរបង ហើយឈ្មោះក្រូច ប៊ុនគីម បានដកបង្គោលរបងពួកគាត់ជា បន្តបន្ទាប់។ លុះថ្ងៃទី១៤ ខែ១១ ឆ្នាំ២០២១ ពួកគាត់បានដាក់ពាក្យប្តឹងនៅសាលាឃុំ ដោយចោទ ឈ្មោះក្រូច ប៊ុនគីម ពីបទបំផ្លាញទ្រព្យសម្បត្តិ។ នៅពេលបន្ទាប់សាលាឃុំ បានហៅដោះស្រាយ តែឈ្មោះក្រូច ប៊ុនគីម មិនដែលចូលដោះស្រាយឡើយ ផ្ទុយទៅវិញបុគ្គលរូបនេះ បានយកគ្រឿងចក្រទៅឈូសឆាយដីពួកគាត់ ហើយដាំដំឡូងនិងចេកទាំងបំពានថែមទៀតផង។
ស្ត្រីដដែលបញ្ជាក់ថា ថ្មីៗនេះ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ពេលពួកគាត់ទៅដាក់បង្គោលនិងឈូសក្រវ៉ាត់ព្រំ ក៏ត្រូវបុគ្គលឈ្មោះក្រូច ប៊ុនគីម បញ្ជាអោយកូនប្រុសរបស់ខ្លួន២នាក់ មករារាំងជេរប្រមាថនិងអះអាងថា ដីទាំងនោះ ជារបស់ឪពុកគេ (ក្រូច ប៊ុនគីម)។
លោកគុណ សុឃន់ បញ្ជាក់ថា ករណីនេះពួកគាត់កំពុងរៀបចំឯកសារប្តឹង ទៅថ្នាក់ស្រុក និងខេត្ត ដើម្បីផ្តន្ទាទោសឈ្មោះក្រូច ប៊ុនគីម តាមផ្លូវច្បាប់។ ម៉្យាងវិញទៀត បើពួកគាត់ចូលទៅមើលដី ឬអាស្រ័យផល ហើយមានករណីបង្ករបួសស្នាម ទោះបង្ហាញមុខឬលាក់មុខក៏ដោយ គឺពួកគាត់ចោទប្រកាន់លើបុគ្គលក្រូច ប៊ុនគីម ទាំងស្រុង។
ចំណែកស្ត្រីឈ្មោះឈិន វៀន បានផ្តល់បទសម្ភាសន៍ថា រូបគាត់រួមទាំងអ្នកភូមិជាង១០គ្រួសារ ទៀត ក៏កំពុងរងការគំរាមកំហែងនិងរំលោភបំពានយកដី ពីសំណាក់ បុគ្គល ឈ្មោះក្រូច ប៊ុនគីម ដូចគ្នា។ បុគ្គលរូបនេះ ក្រៅពីរំលោភបំពានយកដីពួកគាត់ច្រើនហិកតា ក៏បានឈូសឆាយឃ្លុំព័ទ្ធដីព្រៃរបស់រដ្ឋជាង២០០ហិកតាទៀត លក់អោយឈ្មួញម្នាក់ឈ្មោះជំទាវ ចន្ទ្រា ដោយបានទទួលលុយកក់ជិត៣ម៉ឺនដុល្លាររួចហើយ។ ចំពោះ រឿងនេះបើសិនឈ្មោះក្រូច ប៊ុនគីម មិនព្រមប្រគល់ដីដល់ពួកគាត់វិញទេ ពួកគាត់នឹងប្តឹងទៅស្ថាប័នច្បាប់រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយទៀត ព្រោះបុគ្គលនេះ បំផ្លាញដីព្រៃរបស់រដ្ឋ រាប់រយហិកតា គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប។
ជុំវិញការចោទប្រកាន់ថា ទៅលើឈ្មោះក្រូច ប៊ុនគីម ថាបានប្រើអំណាចរំលោភយកដីរបស់អ្នកភូមិ និងឈូសឆាយដីព្រៃ របស់រដ្ឋរាប់រយហិកតា លក់អោយឈ្មួញនឡ ក្រុមសារព័ត៌មានមិនអាចស្វែងរកជួបដើម្បីសុំការបំភ្លឺពីលោកបានទេនៅឡើយទេ។ ប៉ុន្តែកាលពីថ្ងៃទី ២២ខែមករាឆ្នាំ២០២២ កន្លងទៅនេះ លោកក្រូច ប៊ុនគីម ហៅហែម បូរិន មន្ត្រីយោធាដឺបេ ការិយាល័យទី២ យោធភូមិភាគទី៤ កង ទ័ពជើងគោក ធ្លាប់បានបកស្រាយថា ពុំមែនជាការពិតនោះទេ។ នេះជាព័ត៌មាន ដែលក្រុមពលរដ្ឋផ្តល់ដោយគ្មានមូលដ្ឋានពិតប្រាកដ។
ការបកស្រាយបែបនេះ បន្ទាប់ពីព័ត៌មានច្រើនបានចុះផ្សាយថា លោកក្រូច ប៊ុនគីម បានយកគ្រឿងចក្រឈូសដីព្រៃរបស់រដ្ឋ ត្រង់ចំណុចត្រពាំងផ្លុង និងអូរខ្សាច់ ក្នុងភូមិសាស្ត្រភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារជិត ២០០ហិកតាលក់អោយឈ្មួញ។ ប្រជាពលរដ្ឋរំពឹងថា អាជ្ញាធរមានសមត្ថ កិច្ចក្នុងខេត្តព្រះវិហារ នឹងបើកការស្រាវជ្រាវ ដើម្បីរកការពិតជាក់ជាពុំខានឡើយ៕SRP