ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យគោលដៅការហាមឃាត់ អ្នកធ្វើដំណើរ ឆ្លងកាត់ខេត្ត។
ការចុះត្រួតពិនិត្យ នៅថ្ងៃទី០៨ ខែមេសា ព្រឹកមិញនេះ នៅក្រុងកំពង់ចាម និងស្រុកបាធាយ ដោយអនុវត្តសេចក្តីសម្រេច លេខ ៤៤សសរ របស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍។
លោកអ៊ុន ចាន់ដា បានថ្លែងថា ការអនុវត្តសេចក្តីសម្រេចនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក បានរៀបចំផែនការ ចាប់ពីម៉ោងសូន្យ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅតាមគោលដៅព្រំប្រទល់ខេត្ត និងខេត្ត ក្នុងគោលបំណងចូលរួម ជាមួយរាជរដ្ឋាភិបាល ដេីម្បីទប់ស្កាត់ការឆ្លងរីករាលនៃជម្ងឺកូវីដ-១៩។ ពិសេស ការកាត់ផ្តាច់ខ្សែចម្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ តាមរយៈការចរាចរណ៍ពីតំបន់មួយ ទៅកាន់តំបន់មួយ ដែលមានហានិភ័យខ្ពស់។
លោកក៏បានណែនាំ ឲ្យគ្រប់គោលដៅទាំងអស់ ត្រូវហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ប៉ុន្តែត្រូវអនុញ្ញាតឲ្យធ្វើដំណើរ ចំពោះអ្នកដែលមានលិខិតបញ្ជាក់ពីមូលហេតុចាំបាច់មួយចំនួន តែត្រូវវាស់ស្ទង់កម្តៅឲ្យបានត្រឹមត្រូវ។
ក្ក្នុងឱកាសនេះដែរលោក ក៏បានផ្តល់អំណោយជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ដែលកំពុងឈរជើងនៅក្នុងគោលដៅទាំង ២៣កន្លែង ដោយក្នុង ១គោលដៅ ទទួលបាន ម៉ាសចំនួន ១.០០០ម៉ាស ជែលលាងដៃ ១០ដប មី៥កេស ទឹកសុទ្ធ ៥កេស អង្ករ ១០០គ.ក្រ ប្រដាប់វាស់កំដៅ ១គ្រឿង និងថវិកា ចំនួន ១លានរៀល។
គួរបញ្ជាក់ថា ផ្អែកតាមផែនការរួម របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម គឺបានកំណត់គោលដៅត្រួតពិនិត្យ ចំនួន២៣គោលដៅ នៅក្នុងក្រុង-ស្រុកចំនួន៨ ពោលគឺ ជាគោលដៅ ដែលមានព្រំប្រទល់ ជាប់ខេត្តផ្សេងៗ ក្នុងនោះមាន៖ ក្រុងកំពង់ចាម មានចំនួន ១គោលដៅ ស្រុកបាធាយ មានចំនួន ២គោលដៅ ស្រុកជើងព្រៃ មានចំនួន ១គោលដៅ ស្រុកស្រីសន្ធរ មានចំនួន ៥គោលដៅ ស្រុកកងមាស មានចំនួន ២គោលដៅ ស្រុកកោះសូទិន មានចំនួន ២គោលដៅ ស្រុកចំការលើ មានចំនួន ៤គោលដៅ និងស្រុកស្ទឹងត្រង់ មានចំនួន ៥គោលដៅ។ លោកក៏បានចាត់ឲ្យឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យនៅតាមគោលដៅផ្សេងៗ និងផ្ដល់ជាអំណោយផងដែរ៕SRP