ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅថ្ងៃទី១៧ ខែមេសា ព្រឹកមិញនេះ បានចុះសួរសុខទុក្ខមន្ត្រីជួរមុខ និងកងកំលាំងប្រចាំការ ជាពិសេសការគិតគូរចំពោះការហូបចុក និងបញ្ហាសុខភាពរបរបស់ពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដេីម្បីបង្កើនលទ្ធភាព បង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
លោក អ៊ុន ចាន់ដា បានធ្វេីការណែនាំដល់មន្រ្ដីពាក់ព័ន្ធ ឲ្យរក្សាបរិស្ថានស្អាត និងអនាម័យជាប្រចាំ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដាន ឲ្យបានម៉ត់ចត់ អំពីតម្រូវការចាំបាច់នានា របស់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយនូវកង្វះខាត ឬបញ្ហាប្រឈម ជូនដល់ពួកគាត់ឲ្យបានទាន់ពេលវេលា។ ដោឡែកក្នុងករណីមិនអាចដោះស្រាយបាន ត្រូវរាយការណ៍ទៅថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ដេីម្បីសុំគោលការណ៍អន្តរាគមន៍ ឲ្យទាន់ពេលវេលា។
អភិបាលខេត្ត ក៏បានអំពាវនាវដល់ពលករចំណូលស្រុក ក៏ដូចជាប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័ក ធ្វើយ៉ាងណាត្រូវតាមដានសុខភាពជាប្រចាំ បេីមានបញ្ហាសុខភាពមិនស្រួល ត្រូវរាយការណ៍មកសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការនៅទីនេះជាបន្ទាន់ ដេីម្បីឲ្យក្រុមការងារជួយអន្តរាគមន៍ទាន់ពេលវេលា។ ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមប្រសាសន៍ណែនាំរបស់ សម្តេច ហ៊ុន សែន នូវវិធានការ ៣ការពារ ៣កុំ ដើម្បីចៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ៕SRP