ខេត្តកំពង់ចាម៖ការកែលម្អ អតីតសណ្ឋាគារមេគង្គ ទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ក្នុងក្របខ័ណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ សម្រេចបាន៨០%ហើយ។
ក្នុងដំណើរចុះត្រួតពិនិត្យ នៅព្រឹកមិញនេះ លោកអ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ ដែលកំពុងធ្វើការកែលម្អអតីតសណ្ឋាគារមេគង្គ ធ្វេីយ៉ាងណាត្រូវពន្លឿនការងារនេះឲ្យបានឆាប់រួចរាល់ ទាំងមានគុណភាព និងសោភណភាព ក្នុងនោះត្រូវរៀបចំបន្ទប់សម្រាប់បុគ្គលិកពេទ្យប្រចាំការ និងបន្ទប់សម្រាប់អ្នកជំងឺ ដោយមានការរៀបចំបណ្តាញទឹក និងភ្លើងថ្មីឡេីងវិញ ព្រមទាំងសំអាតបរិស្ថានក្នុងអគារ និងទីធ្លានៅខាងក្រៅ ឲ្យបានស្អាតល្អ ដេីម្បីប្រែក្លាយសណ្ឋាគារមេគង្គនេះ ឲ្យក្លាយទៅជាមន្ទីរពេទ្យ ប្រកបដោយជំនឿនិងការជឿទុកចិត្ត សម្រាប់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
គួរបញ្ជាក់ថា បន្ទាប់ពីព្រឹត្តិការណ៍២០កុម្ភៈ បានរីករាលដាលដល់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមសម្តេច ហ៊ុន សែន បានណែនាំដល់រដ្ឋបាលខេត្តកំពង់ចាម ឲ្យយកទីតាំងធ្វើចត្តាឡីស័កនៃសណ្ឋាគារមេគង្គ ដែលមានចំនួន៧១បន្ទប់ ធ្វើជាមន្ទីរពេទ្យ សម្រាប់ព្យាបាល អ្នកវិជ្ជមានជំងឺកូវីដ-១៩។ ដោយឡែកពលករចំណូលស្រុក និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងសណ្ឋាគារមេគង្គនេះ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កបន្ត នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាមវិញ៕SRP