ខេត្តកំពង់ចាម៖ប៉ូលិសស្រុកព្រៃឈរ បានចាប់ខ្លួនជនជាតិចិន ចំនួន៥នាក់ បន្ទាប់ពីធ្វើដំណើរមកពីរាជធានីភ្នំពេញ។
ការចាប់ខ្លួនធ្វើឡើងនៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមេសា ម្សិលមិញ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងភូមិ ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ដោយកម្លាំងជំនាញផែនការងារ អន្តោប្រវេសន៍អធិការដ្ឋាននគរបាល ស្រុកព្រៃឈរ។
សមត្ថកិច្ចបានឲ្យដឹងថាជនជាតិចិនទាំង៥នាក់
1. ឈ្មោះ PANG SHENG WEN ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 14-12-1988 ( ចូលមក ប្រទេស កម្ពុជា ក្នុង ខែ 3 ឆ្នាំ 2018)
2. ឈ្មោះ GONG HAN RUI ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 28-07-1995
3. ឈ្មោះ PENG CHAO ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 8-9-1995
4. ឈ្មោះ YONG SHEAG FOOG ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 15-12-1995
5. ឈ្មោះ WANG DANG ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 14-07-1997។
សមត្ថកិច្ចបានបញ្ជាក់ថា អ្នកទាំង៥នាក់នេះ បានធ្វើដំណើរ មកពីរាជធានី ភ្នំពេញ តាមរយៈរថយន្តតាក់ស៊ី ( មិន ស្គាល់ ស្លាក លេខ និង ពណ៌ រថយន្ត ) ដែលរថយន្តនោះ មិត្តភក្កិ ដែលជាជនជាតិចិនដូចគ្នា រស់នៅខេត្តកំពង់ចាម ( មិន ស្គាល់ឈ្មោះ ) ជាអ្នករៀបចំឲ្យធ្វើដំណើរ ចេញពីភ្នំពេញ កាលពីព្រឹក ថ្ងៃ២៣ ខែមេសា នេះ ហើយមកដល់ចុះនៅចំណុចស្តុប ផ្សារព្រៃទទឹង នៅវេលាម៉ោង ៩ ព្រឹក និងដើររកទិញ ចំណីហូប បន្ទាប់មក ក៏ទាក់ទងមិត្តភក្ដិមិនបាន រួចពួកគេទាំង ៥នាក់ ខាងលើ បានមកសម្រាកនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង តែម្ដង។ គោលបំណង ដើម្បី មកលេង មិត្តភក្ដិ ដែលជាជនជាតិចិនដូចគ្នា រស់នៅខេត្តកំពង់ចាម។
ជាមួយគ្នានេះដែរ នគរបាលខេត្តកំពង់ចាម បានកំពុងធ្វើការស្រាវជ្រាវរករថយន្តដែលបានដឹកជនជាតិចិនទាំង៥នាក់ផងដែរ។
សូមជម្រាបថាជនជាតិចិនទាំង៥នាក់ មិនមាន លិខិតឆ្លងដែននោះទេ ក្រោយឃាត់ខ្លួនសាកសួររួចអាជ្ញាធរស្រុក សហការជាមួយក្រុមគ្រូពេទ្យបានធ្វើតេស្តពិនិត្យ ដោយលទ្ធផលអវិជ្ជមានកូវីដ-១៩ ក៏បញ្ជូនទៅធ្វើចត្តាឡីស័កនៅគរុកោសល្យភូមិភាគខេត្តកំពង់ចាម៕SRP

