ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៨ ខែឧសភា នេះ បានទទួលអំណោយ ថវិកានិងសម្ភារពីសប្បុរសជននានា។
លោកអ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបាននាំយកអំណោយមនុស្សធម៌ មកជួយឧបត្ថម្ភដល់រដ្ឋបាលខេត្ត សម្រាប់យកទៅ ជួយសម្រួលដល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងប្រេីប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសការផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋដែលប្រឈមនឹងការខ្វះខាត និងពលករចំណូលស្រុក ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
អភិបាលខេត្ត ក៏បានជូនពរ និងសង្ឃឹមជឿជាក់ថា បងប្អូនសប្បុរសជន ឬម្ចាស់ក្រុមហ៊ុននានា នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ជាបន្តផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងពិធីប្រគល់ និងទទួលអំណោយនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានទទួលការឧបត្ថម្ភគាំទ្រពី ស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម នូវថវិកា ចំនួន ១៦លាន ៨០ម៉ឺនរៀល។ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភថវិកា ចំនួន ២០លានរៀល។ លោក សុីម គង់ អភិបាលស្រុកស្រីសន្ធរ ឧបត្ថម្ភថវិកា ចំនួន ៦ ៦៦៥ ០០០រៀល។
ដោយឡែក គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានទទួលការឧបត្ថម្ភពីព្រះមន្ត្រីសង្ឃ នូវអង្ករ ចំនួន ១តោន និងទឹកបរិសុទ្ធ ចំនួន ៣២០៥យួរ។ សមាគមកាតូលិកភូមិភាគកំពង់ចាម ឧបត្ថមម៉ាស ចំនួន ៥ម៉ឺនម៉ាស។ ធនាគារវឌ្ឍនៈ ឧបត្ថម្ភម៉ាស ចំនួន ២០កេស និងអាល់កុល ៣កាន។សាខាក្រុមហ៊ុនដឹកជញ្ជូនវីរះប៊ុនថាំខេត្តកំពង់ចាម ឧបត្ថម្ភ ថវិកាចំនួន ៤០ម៉ឺនរៀល ទឹកបរិសុទ្ធ៥០យួរ និងម៉ាសចំនួន ១កេស៕SRP
