ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកមិញនេះបានអញ្ជើញចុះពិនិត្យស្ថានភាពបិទខ្ទប់ផ្ទះប្រជាពលរដ្ឋ ចំនួន៥៤ខ្នង នៅក្នុងភូមិចំនួន១១ ស្ថិតក្នុងឃុំព្រែករំដេង រួមទាំងការផ្អាកអាជីវកម្មលក់ដូរក្នុងផ្សារព្រែករំដេង និងផ្សារអូរលែង ស្ថិតក្នុងភូមិអូឡេង ឃុំព្រៃរំដេង ស្រុកស្រីសន្ធរ។
ក្នុងដំណើរអញ្ជើញចុះពិនិត្យស្ថានភាពបិទខ្ទប់ និងផ្អាកអាជីវកម្មផ្សារខាងលេី លោក អ៊ុន ចាន់ដា បានដាក់ចេញនូវផែនការមួយចំនួន ដល់មន្ត្រីពាក់ព័ន្ធ ត្រូវរៀបចំចងខ្សែហ៊ុំព័ទ្ធឲ្យបានត្រឹមត្រូវតាមខ្នងផ្ទះ ហើយត្រូវស្រាវជ្រាវរកកម្មករ កម្មការីនី ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩ ដេីម្បីធ្វេីការពិត្រួតនិត្យសំណាក ហេីយបញ្ជួនពួកគាត់ទៅព្យាបាលឲ្យទាន់ពេលវេលា។
អភិបាលខេត្ត បានដាក់ចេញនូវផែនការចំពោះការបិទខ្ទប់ផ្ទះ ត្រូវមានការអនុវត្តឲ្យបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ក៏ដូចជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដោយឡែកការផ្អាកអាជីវកម្មគ្រប់ប្រភេទនៅផ្សារ គឺត្រូវបិទទាំងស្រុង ដោយមិនត្រូវអនុញ្ញាតឲ្យមានការលក់ដូរ តាមការយល់ឃើញថា អ្នកគ្មានជំងឺ ឬមានជំងឺនោះទេ។
អភិបាលខេត្ត បានបញ្ជាក់ថា ចំពោះការធ្វេីចត្តាឡីស័កយេីងសុខចិត្តអនុវត្តខុសមុខសញ្ញា តែប្រសើរជាងយើងបណ្តែតបណ្តោយឲ្យជំងឺកូវីដ-១៩ ឆ្លងរាតត្បាតទៅដល់ប្រជាពលរដ្ឋយើងក្នុងសហគមន៍។អភិបាលខេត្ត ក៏បានអំពាវនាវដល់ពលរដ្ឋ ឲ្យអនុវត្តតាមវិធានការ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនផងដែរ៕SRP