ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះបាននាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចំនួន៤០០គ្រួសារ នៅឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ។
លោក អ៊ុន ចាន់ដា បានថ្លែងថា ជំងឺកូវីដ១៩ នេះ មានផលប៉ះពាល់ ច្រើនណាស់ ដល់ប្រជាពលរដ្ឋ ដូចជា ប៉ះពាល់ដល់សុខភាពធ្វើទុក្ខក្នុងរាងកាយ និងអាចឈានទៅបាត់បង់អាយុជីវិត ដែលជាក់ស្ដែងខេត្តកំពង់ចាម មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងជាបន្តបន្ទាប់។ ម្យ៉ាងវិញទៀត ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់បងប្អូន ព្រោះនៅពេលដែលប្រជាពលរដ្ឋ យើងមានឆ្លងជំងឺនេះ ត្រូវសម្រាកព្យាបាល រីឯអ្នកប៉ះពាល់ផ្សេងទៀត ត្រូវយកទៅធ្វើចត្តាឡីស័ក ហើយក្នុងរយៈពេលព្យាបាល និងធ្វើចត្តាឡីស័ក គឺពួកគាត់មិនអាច ចេញទៅខាងក្រៅ ដើម្បីប្រកបរបរចិញ្ចឹមជីវិតបានឡេីយ ដែលប្រការនោះធ្វើឲ្យជីវភាពជួបនូវការខ្វះខាត។
អភិបាលខេត្ត ក៏បានរំលឹកដល់ពលរដ្ឋ ឲ្យបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួន ឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈពាក់ម៉ាសនៅគ្រប់ទីសាធារណៈ លាងសម្អាតដៃជាមួយសាប៊ូ អាកុល ឬជែល និងរក្សាគម្លាត។
គួរបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋ ទាំង៤០០គ្រួសារ ក្នុង ១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងមី ១កេស៕SRP