Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២៤

ខេត្តសៀមរាប៖ឆ្លើយតបទៅនឹងការផ្តាំផ្ញើរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាបទើបតែងតាំងថ្មី បានប្តេជ្ញាយ៉ាងមុតមាំដូចតទៅ៖

១- ប្តេជ្ញា! ស្មោះត្រង់អស់មួយជីវិត និងចូលរួមការពារ ជាតិ សាសនា ព្រះមហាក្សត្រ ​ ឱ្យបានស្ថិតស្ថេរគង់វង្ស ជាដាច់ខាត!

២- ប្តេជ្ញា! ចងចាំជានិច្ច និងចូលរួមការពារ ជាដាច់ខាត នូវសន្តិភាពដែលទទួលបានមកដោយលំបាក ដោយផ្តើមចេញ ពីវីរភាព របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលសម្តេច ហ៊ានយកជីវិតធ្វើដើមទុន ស្វែងរកការសង្គ្រោះជាតិ រហូតអាចជួយ ប្រជាជនកម្ពុជា ឲ្យរួចជីវិតផុតពី របបខ្មៅងងឹត ប៉ុល ពត ក្នុងថ្ងៃ៧មករា ១៩៧៩ និងបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ បញ្ចប់ អង្គការចាត់តាំងនយោបាយនិងយោធា ខ្មែរក្រហមទាំងស្រុង នាំមកនូវ សន្តិភាព និងការឯកភាពជាតិ ពេញលេញ ជាពិសេសក្នុងកាលៈទេសៈប្រឈមជាមួយ សភាពការណ៍រាតត្បាត នៃជំងឺឆ្លងកូវីដ-១៩ សម្តេចតេជោ បានដាក់ចេញ នូវវិធានការ អន្តរាគមន៍ជាច្រើន និងមានប្រសិទ្ធិភាព ក្នុងការប្រឆាំង កូវីដ- ១៩ បានស្តារនូវស្ថានភាព កម្ពុជា ឲ្យវិលមករក ភាពប្រក្រតីយ៉ាងឆាប់រហ័ស ជួយសង្គ្រោះ អាយុជីវិតប្រជាជនកម្ពុជាទូទាំងប្រទេសជាលើកទី២ បន្ទាប់ពីថ្ងៃ ៧មករា ១៩៧៩។

៣-​ ប្តេជ្ញា! ចូលរួមការពារនិងអនុវត្ត នូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ក្លៀវក្លា ឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ ជាដាច់ខាត!

៤- ប្តេជ្ញា! គោរពប្រតិបត្តិ និងអនុវត្តតាម រាល់អនុសាសន៍ បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឱ្យបានជាដាច់ខាត!

៥- ប្តេជ្ញា! រិតចំណងសាមគ្គីភាពផ្ទៃក្នុង កិច្ចសហការល្អជាមួយបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សំដៅពង្រឹងប្រសិទ្ធិភាពការងារ ឱ្យបានជាដាច់ខាត។

សូមជម្រាបថានៅថ្ងៃសុក្រ ទី១៦ ខែសីហា ម្សិលមិញ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប មានការរៀបចំប្រារព្ធ ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាបថ្មី ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស  និងមានការអញ្ជើញចូលរួមពី អ្នកមុខអ្នកការ មន្ត្រីរាជការក្នុងខេត្ត ក្រៅខេត្ត ព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ  លោក លោកស្រី ភ្ញៀវកិត្តិយស ជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនាពេលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើដល់មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ទើបតែងតាំងថ្មីយ៉ាងដូច្នេះថា៖

– អំពីការគ្រប់គ្រងផ្ទៃក្នុងកងរាជអាវុធហត្ថ ទី១គឺការគ្រប់គ្រងមនុស្ស សូមយកចិត្តទុកដាក់អប់រំបងប្អូនជាប្រចាំ។ ទី២ការគ្រប់គ្រងថែរក្សាមធ្យោបាយគ្រឿងបំពាក់ សូមបង្កាការឆេះខូចឬបាត់បង់។ ទី៣ ការកសាងអង្គភាព សូមថែក្សាអចលនទ្រព្យដែលមានស្រាប់និង កែលម្អរឬសាងសង់ថ្មីទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

– អំពីរបៀបរបបធ្វើការងារ ទី១ ត្រូវគ្រប់គ្រងឲ្យជាប់នូវព័ត៌មាន ទី២ត្រូវមានផែនការការងារ ទី៣មានផែនការត្រូវចាត់តាំងអនុវត្ត និងមានការត្រួតពិនិត្យដើម្បីកែតម្រូវ ហើយមានការលើកទឹកចិត្ត។

– ការអនុវត្តតួនាទីមន្ត្រីនគរបាលយុត្តិធម៌ សូមយកចិត្តទុកដាក់ផ្នែកនិតិវិធី និងរៀបំកន្លែងឃាត់ខ្លួនបណ្តោះអាសន្នត្រូវតាមស្តង់ដា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 6.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២៤

ខេត្តសៀមរាប៖រដ្ឋាករទឹកស្វយ័តសៀមរាប បានអះអាងថាខ្លួន បានពិនិត្យឃើញថា ស្ថានភាពទឹកបឹងទន្លេសាបកាន់តែស្រកចុះ ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប៉ះពាល់ដល់គុណភាពទឹក និងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប ហើយប្រភពទឹកពីបឹងទន្លេសាប អាចប្រឈមនឹងការរីងហួត បណ្តាលឱ្យខ្វះប្រភពទឹកសម្រាប់ផលិត និងផ្គត់ផ្គង់ទឹកស្អាតនាពេលអនាគត។

រដ្ឋាករទឹកស្វយ័តសៀមរាបបានបន្ថែមថា ដោយមើល ឃើញបញ្ហាប្រឈមទាំងនេះ រដ្ឋាករទឹកស្វយ័តសៀមរាប បានសិក្សាកំណត់តំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹកពីបឹងទន្លេសាប ក្នុងគោលបំណង៖ ១) ការពារគុណភាពទឹក និងប្រភពទឹកពីសកម្មភាពនានា ២) ធ្វើការអភិវឌ្ឍដោយពង្រីក ប្រវែងប្រឡាយ ក្នុងករណីផ្ទៃបឹងទន្លេសាបរួមតូចហួសចុងប្រឡាយបង្ហូរទឹកបច្ចុប្បន្ន និង ៣) ធ្វើការអភិវឌ្ឍដោយស្តារ បាតប្រភពទឹកពីបឹងទន្លេសាបធ្វើជាអាងស្តុកទឹកនៅរដូវប្រាំង។

រដ្ឋាករទឹកស្វយ័តសៀមរាប បានបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តសៀមរាប បានសិក្សានិងកំណត់ តំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹកពីបឹងទន្លេសាបដូចខាងក្រោម៖
១. កំណត់ផ្ទៃប្រភពទឹកពីបឹងទន្លេសាប (មានព្រៃលិចទឹក)៖ ចំនួន ១.០០៧.១៦៨ ម៉ែត្រការ៉េ ជាតំបន់ការពារ ប្រភពទឹក
២. កំណត់ផ្ទៃប្រភពទឹកពីបឹងទន្លេសាប (ចាប់ពីព្រៃលិចទឹកទៅផ្ទៃបឹង)៖ ចំនួន ៦.៨៩៧.៧៦៩ ម៉ែត្រការ៉េ ជាតំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹក។ ក្នុងករណីនេះ តម្រូវឱ្យធ្វើការស្តារបាតបឹងជម្រៅ ២,៩ម៉ែត្រ នៅនីវ៉ូដក ២ ម៉ែត្រ ធៀបនឹងនីវ៉ូសមុទ្រ ហើយផ្ទៃបឹងនេះអាចស្តុកទឹកបានប្រមាណ ១៦.៤៦២.៩០០ម” ដែលអាចប្រើប្រាស់បានរយៈពេល ៥,៧ខែ សម្រាប់តម្រូវការទឹករហូតដល់ឆ្នាំ២០៣៥ និងបានត្រឹមតែរយៈពេល ៣ខែ សម្រាប់តម្រូវការទឹករហូតដល់ ឆ្នាំ២០៥០ ចំពោះករណីបឹងបច្ចុប្បន្នមានការរីងហួតនៅរដូវប្រាំង។

សូមជម្រាបថា នៅបន្ទប់ប្រជុំរដ្ឋាករទឹកស្វយ័តសៀមរាប មានកិច្ចប្រជុំពិគ្រោះយោបល់ និងស្វែងយល់ជាមួយរដ្ឋាករទឹកស្វយ័តសៀមរាប ពាក់ព័ន្ធនឹងការស្នើសុំកំណត់តំបន់ការពារ និងអភិវឌ្ឍប្រភពទឹកស្ថិតនៅក្នុងអាង នៃបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសៀមរាប និងតំបន់ជុំវិញ។

កិច្ចប្រជុំនៅថ្ងៃសុក្រនេះ ក្រោមវត្តមាន លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប  ដោយមានការងារចូករួមពីថ្នាក់ដឹកនាំ ក្រុមការងាររបស់រដ្ឋាករទឹកស្វយ័តសៀមរាប ថ្នាក់ ស្រុក និងឃុំមួយចំនួន ដែលជាប់ពាក់ព័ន្ធផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២៤

ខេត្តសៀមរាប៖មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានថ្លែងថា ក្នុងសម័យបដិវត្តឧស្សាហកម្ម៤.០ វិស័យព័ត៌មានកាន់តែមានភាពទំនើប ហើយប្រជាជនគ្រប់រូបសុទ្ធតែមានប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។ ប៉ុន្តែសម្រាប់អ្នកសារព័ត៌មានអាជីព ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះការពារខ្លួនយើងឲ្យមានសុវត្ថិភាព កិត្តិយស និងសេចក្តីថ្លៃថ្នូរ ។ ដូច្នេះការគោរពបាននូវក្រមវិជ្ជាជីវៈនេះ គឺជាការផ្តល់តម្លៃដល់អាជីពរបស់យើង។ សម្រាប់ខេត្តសៀមរាប ជាគោលដៅដំបូងគេបង្អស់ ដែលក្រសួងព័ត៌មាន បានរៀបចំធ្វើការផ្សព្វផ្សាយពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បន្ទាប់ពីបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។

 

លោកជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃសុក្រនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មាន កងកម្លាំង និងមន្ទីរ អង្គភាពជុំវិញខេត្ត នៅសាលាខេត្តសៀមរាប។

 

លោកបន្ថែមថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះដែរ ឯកវាជាគោលការណ៍មូលដ្ឋានគ្រឹះ នៃក្រមវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដែលនឹងជួយឱ្យអ្នកសារព័ត៌មាន និងសាធារណជនទូទៅ យល់កាន់តែច្បាស់ ពីសិទ្ធក្នុងការផ្សព្វផ្សាយព័ត៌មាន និង ចៀសវាងការផ្សាយព័ត៌មាន ទាំងឡាយណាមិនច្បាស់លាស់ ដែលអាចបង្កឲ្យមានចលាចលសង្គម។

 

មានប្រសាសន៍ ពិធីសំណេះសំណាល បិទកម្មវិធី លោក ង៉ូវ សេងកាក់ អភិបាលរង តំណាងអភិបាលខេត្តសៀមរាប បញ្ជាក់ថា ពិធីនេះ ជាស្ពានចម្លងសម្រាប់ជំនួប រវាងអាជ្ញាធរ ជាមួយអ្នកសារព័ត៌មាន ក្នុងខេត្ត ដើម្បីជំរុញឲ្យមានកិច្ចសហការល្អ រវាងគ្នា ក៏ដូចជាធ្វើការបញ្ជ្រាបបន្ថែមពីសេរីភាពសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ដែលត្រឹមត្រូវ ព្រមទាំងមានប្រភពច្បាស់លាស់។

អភិបាលរងខេត្តរូបនេះ ក៏បានថ្លែងកោតសរសើចំពោះ មន្ទីរព័ត៌មានខេត្ត ក៏ដូចជាអ្នកសារព័ត៌មាន ក្នុងខេត្តសៀមរាប ដែលកន្លងមក តែងបានធ្វើការផ្សព្វផ្សាយនូវព័ត៌មានវិជ្ជមាននានា ដើម្បីលើកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាជាសេដ្ឋកិច្ចក្នុងខេត្តទាំងមូលផងដែរ។

យោងតាមរបាយការណ៍របស់ លោក សេង ផល្លី ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ស្តីទី បានឲ្យដឹងថា សម្រាប់ខេត្តសៀមរាប ២០២៤ គឺជាឆ្នាំដ៏មមាញឹកនៃការរៀបចំព្រឹត្តិការណ៍តូច ធំ ថ្នាក់ជាតិ និងអន្តរជាតិ ដែលនេះជាការគិតគូរយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល រួមមាន “ឆ្នាំទស្សនាសៀមរាប” “ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” ព្រមជាមួយការចូលរួមបង្កើតព្រឹត្តិការណ៍លំដាប់ជាតិ អន្តរជាតិ ជាច្រើនទៀត ដើម្បីបង្កើនចលនាទេសចរណ៍ ដែលជាចរន្តសេដ្ឋកិច្ចអាទិភាពរបស់ខេត្ត។

ទន្ទឹមនោះ ក្រសួងព័ត៌មាន ក៏ដូចជារដ្ឋបាលខេត្ត បានខិតខំយ៉ាងសស្រាក់ស្រាំ ក្នុងការផ្សព្វផ្សាយពីការអភិវឌ្ឍ និងផលិតផលទេសចរណ៍ក្នុងខេត្ត តាមគ្រប់រូបភាព លើសពីនោះ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកសារព័ត៌មាន សូមចូលរួមផ្សព្វផ្សាយដំណឹងល្អៗក្នុងខេត្តទាំងអស់នោះ ដើម្បីជាការទាក់ទាញទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ។ បន្ថែមលើនេះ មន្ទីរព័ត៌មានរាជធានីខេត្តនិយាយជារួម និងនិយាយដោយឡែក មន្ទីរព័ត៌មានខេត្តសៀមរាប បានទទួលនូវការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលក្រៅពីភារកិច្ចប្រមូល និងចែកចាយព័ត៌មាន មន្ទីរព័ត៌មាន ក៏ជាសេនាធិការចម្បងរបស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តកិច្ចការសាធារណមតិ និងបុរេសកម្ម ក្នុងភូមិសាស្ត្ររបស់ខ្លួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២៤

ខេត្តសៀមរាប៖សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានបង្ហាញពីសមិទ្ធិផលប្រព័ន្ធធារាស្រ្ត ស្ថិតក្នុងភូមិសាស្ត្រ ស្រុកស្រីស្នំ ខេត្តសៀមរាប។

សម្ដេចនាយករដ្ឋមន្ត្រីបានអះអាងថា ទំនប់បង្វែរចរន្តទិសទឹកស្ទឹងស្រែង ដែលមានការជីកព្រែកសិប្បនិម្មិតប្រវែង ៤៥០ម៉ែត្រ និងទំនប់ស្ទាក់ស្ទឹងប្រវែង ១០០ម៉ែត្រ ស្ថិតនៅក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

សម្ដេចធិបតីបានបន្តថា ស្ទឹងស្រែង មានតួនាទីទទួលយកទឹកពីប្រភពទឹកជួរភ្នំដងរែក និងមួយផ្នែកទៀត ពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មកធ្វើការស្រោចស្រព បន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំរួមផ្សំ និងការប្រើប្រាស់សម្រាប់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅតាមបណ្ដោយស្ទឹង។

សម្ដេចថា កន្លងមក ដីច្រាំងស្ទឹងស្រែងបានបាក់ និងហូរច្រោះ ជាច្រើនកន្លែង ដោយសារឥទ្ធិពលជំនន់ទឹកភ្លៀងរដូវវស្សា ដែលហូរមកពីជួរភ្នំដងរែក និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ជួបការលំបាកកង្វះទឹកសម្រាប់ស្រោចស្រពបន្ថែមលើការងារបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។

សម្ដេចនាយករដ្ឋមន្ត្រីបន្តទៀតថា ចរន្តទឹកស្ទឹងស្រែង បានយាយី ទៅលើប្រឡាយមេបេតុងខាងកើត នៃប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែងជំហាន១ ដែលជាប្រភពទឹកដ៏ធំចេញពីអាងទឹកស្ទឹងស្រែង យកទៅស្រោចស្រព នៅខេត្ដឧត្ដរមានជ័យ និងតំបន់មួយចំនួននៅខេត្តសៀមរាប។

ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងជំហាន១ ស្ថិតនៅក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាប្រព័ន្ធដ៏ធំគ្របដណ្តប់លើស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងស្រុកចំនួន២ របស់ខេត្តសៀមរាប គឺស្រុកស្រីស្នំ និងស្រុកក្រឡាញ់ និងបានដើរតួនាទីយ៉ាងសំខាន់បម្រើដល់ការងារបង្កបង្កើនផលទាំងរដូវប្រាំង និងរដូវវស្សា ព្រមទាំងការប្រើប្រាស់សម្រាប់វិស័យផ្សេងៗទៀត។

ប្រព័ន្ធនេះបញ្ជូនទឹកពីទិសខាងជើងទៅទិសខាងត្បូង តាមប្រឡាយមេបេតុង ២ខ្សែ គឺប្រឡាយមេខាងកើត និងប្រឡាយមេខាងលិច រួមជាមួយទំនប់សណ្ដស្ទឹង ១ខ្សែ ប្រវែង ២៩៨៤ម៉ែត្រ។ ប្រឡាយមេខាងកើតមានប្រវែង ៣៨០៥៩ម៉ែត្រ នាំទឹកពីផ្នែកខាងលើ និងពីអាងស្តុកទឹកមកស្រោចស្រពលើផ្ទៃដី ១២០០០ហិកតា ក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ខេត្តសៀមរាប។ ប្រឡាយមេខាងលិច មានប្រវែង ៤២៩៦៩ម៉ែត្រ នាំទឹកពីផ្នែកខាងលើ និងពីអាងស្តុកទឹកឆ្លងកាត់ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យមកស្រោចស្រពលើផ្ទៃដី ១៣០០០ហិកតា ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

នាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ចាប់ពីខែឧសភា ឆ្នាំ២០២៤មក ក្រុមការងារនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្ដើមអនុវត្តការសាងសង់ទំនប់បង្វែរចរន្តទឹកស្ទឹងស្រែង ដើម្បីការពារប្រព័ន្ធប្រឡាយមេបេតុងខាងកើតដ៏មានសារសំខាន់សម្រាប់ការស្រោចស្រពក្នុងខេត្តឧត្ដរមានជ័យ និងខេត្តសៀមរាប។ ការងារសាងសង់រួមមាន៖ ជីកព្រែកសិប្បនិម្មិតប្រវែង ៤៥០ម៉ែត្រ ដែលមានទំហំមាត់លើ ៦០ម៉ែត្រ ទំហំបាតក្រោម ២០ម៉ែត្រ ដើម្បីប្ដូរចរន្តទឹក និងសាងសង់ទំនប់ស្ទាក់ស្ទឹងប្រវែង ១០០ម៉ែត្រ។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសាងសង់សម្រេចបានប្រមាណជាង ៧០ភាគរយ។

បើតាមនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត៖ ក្រោយពេលជីកព្រែកសិប្បនិម្មិត បង្វែរចរន្តទិសទឹក និងសាងសង់សំណង់បេតុងបង្វែរទិសទឹកស្ទឹងស្រែង បានរួចរាល់ ប្រជាពលរដ្ឋប្រមាណ ១៤៩០គ្រួសារ ក្នុងឃុំចុងកាល់ និងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប នឹងទទួលបានប្រភពទឹកមកធ្វើការស្រោចស្រព បន្ថែមលើការងារបង្កបង្កើនផលកសិកម្ម ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម។ មិនតែប៉ុណ្ណោះ កសិករនឹងអាចបង្កើនរដូវដាំដុះដំណាំកសិកម្ម ២​ ទៅ ៣ ដងក្នុងមួយឆ្នាំលើផ្ទៃដីដដែល ដោយទទួលបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រសើរជាងមុន ថែមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍ និងថែរក្សាធនធានធម្មជាតិក្នុងមូលដ្ឋានផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 4.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ សីហា ២០២៤

ខេត្តសៀមរាប៖មេព្រៃខេត្តសៀមរាបបានធ្វើការបដិសេធមិនពាក់ព័ន្ធជាមួយទីតាំងសិប្បកម្មឈើមួយកន្លែង។

នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោក ម៉ុង ប៊ុនលីម បានបដិសេធ ថា មិនពាក់ព័ន្ធ ជាមួយឈ្មោះ លីន ម្ចាស់រោង សិប្បកម្មកែឆ្នៃឈើនោះទេ។

ការបដិសេធបែបនេះបន្ទាប់ពីមាន សារព័ត៌មានមួយចំនួនផ្សាយថា នាយខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ត្រីរបស់លោកមួយរូបទៀត ពាក់ព័ន្ធជាមួយម្ចាស់សិប្បកម្ម កែផ្លែឈើ ឈ្មោះលីន ទើបមិនមានការបង្ក្រាប។

នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបន្តថា ចំពោះអត្ថបទចុះផ្សាយថា រោងសិប្បកម្មខ្នាតយក្ស មួយកន្លែងនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ដែល មានថៅកែឈ្មោះ លីន បើកដំណើរការ រាប់ឆ្នាំ មកហើយនោះ កន្លងមក រដ្ឋបាលព្រៃឈើ ក៏បានចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព កាលពីថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០២៤ ហើយ អ្នកសារព័ត៌មាន ទើបតែចុះផ្សាយ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។

នាយខណ្ឌរដ្ឋបាលព្រៃឈើ បានបញ្ជាក់ទៀតថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើ បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងទីតាំងរោងសិប្បកម្ម ឈ្មោះ លីន ឃើញថា ស្ថានភាពរោងសិប្បកម្ម ចាស់និងពុំមានកម្មករ សម្រាប់ ដំណើរការរោងសិប្បកម្ម នៅទីនោះឡើយ។ ចំណែករូបភាព ដែល សារព័ត៌មាន បានផ្សាយគឺជារូបភាព ដែលពួកគាត់កំពុងរុះរើសម្ភារៈចេញតែប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២៤

ខេត្តសៀមរាប៖លោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានសន្យាថា នឹងប្រឹងប្រែងដោះស្រាយបញ្ហា របស់ប្រជាពលរដ្ឋ ជាច្រើន ដែលកំពុងតែរស់នៅក្នុងតំបន់ការពាររមណីយដ្ឋានអង្គរ ឱ្យទទួលបានផលប្រយោជន៍ជាមួយជីវភាពប្រសើរផង និងការពារនូវប្រាសាទបុរាណនានា ដែលជាកេរ្តិ៍ដំណែល របស់ដូនតាខ្មែរ ឱ្យគង់វង្ស និងមានតម្លៃលេចធ្លោ ជាសកលនៅលើពិភពលោកផងដែរ។

លោកថ្លែងសន្យាបែបនេះ នៅក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក (អង្គរ) នៅខេត្តសៀមរាប នាថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា ចាប់តាំងតែពីថ្ងៃទី១២ខែសីហា មក ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានរៀបចំធ្វើសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការគ្រប់គ្រងតំបន់ រមណីយដ្ឋានបេតិកភណ្ឌពិភពលោក(អង្គរ) ដោយមានមន្ត្រីអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ព្រមទាំងព្រះសង្ឃនិងប្រជាពលរដ្ឋ មកចូលរួមផងដែរ។

បច្ចុប្បន្ននេះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា គឺតែងតែអនុវត្តន៍ច្បាប់ជាប្រចាំលើការទប់ស្កាត់ការទន្ទ្រានដីធ្លីធ្វើជាកម្មសិទ្ធិឯកជន និងទប់ស្កាត់ការកើនឡើងនូវសំណង់ខុសច្បាប់មិនឱ្យរីករាលដាល។ ក៏ប៉ុន្តែជាញឹកញាប់ ប្រជាពលរដ្ឋខ្លះ តែងបង្ហាញការមិនសប្បាយចិត្ត ជាមួយវិធានការរបស់អាជ្ញាធរជាតិអប្សរា ទេដោយសារតែពេលពួកគាត់ចង់សាងសង់ផ្ទះបន្ថែម ការធ្វើរបងការពារផលដំណាំនិងធ្វើ ផ្លូវចូលផ្ទះមិនបានជាដើម។

រដ្ឋមន្ត្រីសាយ សំអាល់ មានប្រសាសន៍ថា លោកទទួលស្គាល់ថា ការៀបចំ ដើម្បីការពាររមណីយដ្ឋានអង្គរ គឺមានបញ្ហាជាច្រើនជាមួយនិងប្រជាពលរដ្ឋ ខ្លះ ដែលរស់នៅក្នុងតំបន់ការពារ ទាំងនោះ ក៏ប៉ុន្តែទោះបីជាយ៉ាងណា គឺត្រូវតែការពារប្រាសាទបុរាណទាំងឡាយ ដែលជាកេរ្តិ៍មត៌ដូនតាខ្មែរ ឱ្យបានគង់វង្សបានយូរអង្វែងនិងមានសោភ័ណភាព។

លោកសាយ សំអាល់ បានសុំពេលមួយរយៈ ដើម្បីដោះស្រាយចំពោះបញ្ហាប្រឈមនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នេះ ធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋអាចទទួលបានផលប្រយោជន៍ផង ហើយកិច្ចការពារតំបន់អង្គរ ឱ្យមានប្រសិទ្ធិភាព ក្នុងការទប់ស្កាត់ការរុករានដីធ្លី និងការរីករាលដាលនៃសំណង់ខុសច្បាប់ ក្នុងតំបន់ការពារបេតិកភណ្ឌ របស់ពិភពលោក បានដោយជោគជ័យផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ សីហា ២០២៤

ខេត្តសៀមរាប៖លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានចេញសេចក្ដីសម្រេចបង្កើត ក្រុមលេខាធិការដ្ឋានសណ្ដាប់ធ្នាប់ ដែលជាសេនាធិការសំរាប់ចុះ រៀបចំ អនុវត្តគោលការណ៍ សណ្ដាប់ធ្នាប់។

តាមសេចក្ដីសម្រេចបានបង្ហាញថា៖ ១.ត្រូវរៀបចំសណ្ដាប់ធ្នាប់ នឹងរបៀបរៀបរយសាធារណៈ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប គឺត្រូវធ្វើយ៉ាងណា ឲ្យក្រុងសៀមរាបមានសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ដើម្បីធានាឲ្យបាននូវនិរន្តរភាពវិស័យទេសចរណ៍ មានគុណភាព និងភាពទាក់ទាញ នៅក្នុងតំបន់ ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ ស្របតាមគោលបំណងនៃ (ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ,យុទ្ធនាការសៀមរាបផ្ទះខ្ញុំ និងផែនទីចង្អុលផ្លូវទីក្រុងឆ្លាតវៃនៃខេត្តសៀមរាប)។

២.រៀបចំការដាក់តាំងលក់ដូរដែលគ្មានសណ្ដាប់ធ្នាប់ អោយមានរបៀបរៀបរយតាមការចង្អុលបង្ហាញរបស់គណៈកម្មាធិកា ឬលេខាធិការដ្ឋានទៅលើទីតាំងមួយចំនួន។

៣.រៀបចំណែនាំម្ចាស់លំនៅដ្ឋាន ផ្សារឲ្យរៀបចំអនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់ឲ្យល្អប្រសើរ ណែនាំឲ្យចូលរួមសម្អាតបរិវេណ និងទីធ្លាមុខទីតាំងរបស់ខ្លួនជាប្រចាំ ករណីមិនអនុវត្តតាមការណែនាំក្រុមការងារអាចអនុវត្តវិធានរដ្ឋបាល។

៤.ការលក់ដូរនៅលើចំណីផ្លូវសាធារណៈត្រូវបានហាម លើកលែងទីតាំងមួយចំនួនដែលក្រុមការងារត្រួតពិនិត្យនឹងធ្វើការរៀបចំអនុញ្ញាតហើយត្រូវតែចុះឈ្មោះស្ដាប់ការណែនាំរបស់ក្រុមការងារ ងាយស្រួលក្រុមការងារធ្វើការគ្រប់គ្រង។

៥.ត្រូវរៀបចំចំណតសំរាប់យានយន្ដ និងម៉ូតូនៅតាមតំបន់មួយចំនួនចៀសវាងការចតគ្មានសណ្ដាប់ធ្នាប់ នៅតាមផ្សារ ឬកន្លែងកំសាន្តមួយចំនួន។

គណៈកម្មាធិការ និងលេខាធិការដ្ឋានសណ្ដាប់ធ្នាប់ក្រុងសៀមរាប សូមអំពាវនាវជូនប្រជាពលរដ្ឋ និងសាធារណជន ឲ្យមានការចូលរួមស្ដាប់ការណែនាំរបស់ក្រុមការងារ ដែលចុះទៅអនុវត្ត ដើម្បីឲ្យក្រុងសៀមរាបយើងទទួលបានសណ្ដាប់ធ្នាប់ល្អ របៀបរៀបរយសាធារណៈ បរិស្ថាន អនាម័យល្អ និងជាពិសេសឲ្យសាកសមជាខេត្តទេសចរណ៍បេតិកភណ្ឌ វប្បធ៌ម ប្រវត្តិសាស្រ្ត និងកាន់តែទាក់ទាញភ្ញៀវទេសចរ វិនិយោគិនឲ្យមកបណ្តាក់ទុន និងពន្យាពេលស្នាក់ក្នុងក្រុងសៀមរាប យើងដែលនាំមកនូវកំណើនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ខេត្តសៀមរាបទាំងមូល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២៤

ខេត្តសៀមរាប៖សាលាដំបូងខេត្តសៀមរាបបានសម្រេចចោទប្រកាន់ ទៅលើជនសង្ស័យ ជាក្មេងទំនើងចំនួន 10 នាក់ ករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ ប្រព្រឹត្តនៅចំណុចការ៉ាស់សាំងស៊ូគីម៉ិច។

សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី 2 ខែសីហាឆ្នាំ 2024 ម្សិលមិញ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្រុមក្មេងទំនើងចំនួន ០៦នាក់ និងបក្ខពួក។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន ឲ្យបានជ្រាបថា៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចាត់ការ លើសំណុំរឿងព្រហ្មទណ្ឌលេខ ១០៥៦ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ទាក់ទងនឹងក្រុមក្មេងទំនើង ចំនួន ២ក្រុម ដោយក្រុមទី១ មានគ្នាចំនួន ៣នាក់ និងក្រុមទី២ មានគ្នាចំនួន ៧នាក់ សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យសរុបចំនួន៦នាក់ និងបក្ខពួក៤នាក់ផ្សេងទៀត បានរត់គេចខ្លួន បានវាយគ្នាទៅវិញទៅមក មានគ្នាច្រើន បណ្តាលឱ្យរងរបួសចំនួន ២នាក់ បែកក្បាលដេរចំនួន ៥ផ្ទេរ និងបែកមាត់ចេញឈាម។

ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យចំនួន ៦នាក់ និងបក្ខពួក៤នាក់ទៀត ពីបទ ហិង្សាដោយ ចេតនាមានស្ថានទម្ងន់ (វាយគ្នាទៅវិញទៅមកមានគ្នាច្រើន) ប្រព្រឹត្តនៅចំណុចការ៉ាស់សាំងស៊ូគីម៉ិច (ស្តុបឡាបប៉េ) ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ១៦៤៤ អយង ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ បញ្ជូន ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កក្កដា ២០២៤

ខេត្តសៀមរាប៖មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានថ្លែងណែនាំប្រាប់អាជ្ញាធរសមត្ថកិច្ចក្នុងខេត្តសៀមរាបឲ្យបន្តពង្រឹងបន្ថែមទៀតអំពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

នៅមុខមន្ត្រីសមត្ថកិច្ច ចំនួន ៣២០នាក់ លោក សួស អង្គារ៍ រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩​ បានថ្លែងយ៉ាងដូច្នេះថា –ត្រូវបន្តកិច្ចសហការអនុវត្តវិធានការច្បាប់ឱ្យបានតឹងរឹងម៉ឺងម៉ាត់បន្ថែមទៀត
-បន្តតាមដាន ក្ដាប់មុខសញ្ញា គ្រប់គ្រងសភាពការណ៍និងចាត់ប្រធានការបង្ក្រាបទប់ស្កាត់បទល្មើសនានាក្នុងគោលដៅរក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយសាធារណ: និងស្ថេរភាពសន្តិភាពក្នុងខេត្តសៀមរាប ប្រកបដោយប្រសិទ្ធភាព មិនទាន់ពេលវេលា
-ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ និងបង្ការមុខសញ្ញាសង្ស័យ ការលួចលាក់ ប្រើប្រាស់ និងកែច្នៃអាវុធជាតិផ្ទុះ ការញុះញង់ប្រមូលផ្ដុំកម្លាំងចលនាដែលអាចជាបង្កអំពើអសន្តិសុខក្នុងខេត្តសៀមរាប
-ត្រូវបន្ត និងពង្រឹងផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ឱ្យបានទូលំទូលាយ
-ស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងវិធានការអនុវត្ត និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បង្ការ ការទប់ស្កាត់បទល្មើស បញ្ហាគ្រោះថ្នាក់គ្រឿងញៀន ក្មេងទំនើង នៅមូលដ្ឋាន និងសាលារៀនជាប្រចា
-ស្ដាប់ និងទទួលយកសំណើរសំណូមពរ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងដាក់ពិធានការជួយដោះស្រាយឲ្យចំដៅ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ ក៏បានជំរុញដល់គណៈបញ្ជការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
-ត្រូវពិនិត្យរៀបចំធ្វើបច្ចុប្បន្នភាព សមាជិកភាព ពង្រឹងការអនុវត្តនូវតួនាទីប្រចាំថ្ងៃ និងគណៈបញ្ជាការ ឯកភាពក្នុងការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ឱ្យកាន់តែមានប្រសិទ្ធភាព
-ត្រូវរៀបចំផែនការការពារ និងពិនិត្យបញ្ហាប្រឈមរបស់ខ្លួន និងតម្រូវការប្រជាពលរដ្ឋ នៅមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការ នៅវត្តសមស្រប និងទាន់ពេលវេលា ក្នុងគោលបំណងរក្សា ឱ្យបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងគោលដៅមូលដ្ឋានរបស់ខ្លួន
-ត្រូវណែនាំដល់ប្រជាការពារ ឱ្យយល់ដឹងអំពីច្បាប់និងតួនាទីភារកិច្ចក្នុងការអនុវត្តការងារ របស់ខ្លួន ស្របតាមសេចក្តីណែនាំលេខ០៣៧​ ស្ដីពីការពង្រឹងចលនាប្រជាការពារ របស់ក្រសួងមហាផ្ទៃ
-ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ស្របតាមសេចក្តីណែនាំលេខ ០១៣ សណន ចុះថ្ងៃទី០៦ ខែតុលាឆ្នាំ២០១៧ ស្ដីពីការចាប់អនុវត្តការងារនគរបាលនិងសហគមន៍។

លោកថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ ឆមាសទី១ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប នាថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៤​ នៅសាលប្រជុំធំសាលាខេត្តសៀមរាប ដោយមានការចូលរួម ពីសំណាក់ លោកប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រាជអាជ្ញាអមសាលាដំបូងខេត្តឯកឧត្តមប្រធានសាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្តបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសិស្សរងសៀមរាប មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក មេឃុំចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសង្កាត់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កក្កដា ២០២៤

ខេត្តសៀមរាប៖លោកលី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជម្រុញដល់មន្ត្រីជំនាញពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន គឺមានការទទួលខុសត្រូវ ក្នុងការការដោះស្រាយវិវាទទាំងឡាយ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើមី្បកុំឲ្យមានភាពស្មុកស្មាញ ដល់ថ្នាក់លើ ព្រមទាំងបានលើកឡើងពី នីតិវិធីរដ្ឋាបាល មួយចំនួនដល់មន្ត្រីរាជការផងដែរ។

លោកក៏បានរំលឹកថ្នាក់ដឹកនាំ ត្រូវតែខិតខំយកចិត្តទុកដាក់ ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវរាល់ផែនការសកម្មភាព ដែលរាជរដ្ឋាភិបាល បានកំណត់ ក៏ដូចទិសដៅរបស់រដ្ឋបាលខេត្តផងដែរ។

លោកស្នើបែបនេះ នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២៤

សម្ដេចនាយករដ្ឋមន្ត្រីអធិបតីហ៊ុន ម៉ាណែត ទៅព្រឹកថ្ងៃចន្ទទី 22 ខែកក្កដា ឆ្នាំ 2014 នេះ បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចាយក្រដាសប្រាក់ដុល្លារ សភាពចាស់ ឬប្រឡាក់។

សំណេរលើបណ្ដាញទំនាក់ទំនងផ្លូវការ ប្រព័ន្ធតេឡេក្រាម សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅព្រឹកនេះ បានសរសេរថា៖

ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះ លោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញនូវគោលការណ៍ពាក់ព័ន្ធ នឹងការសម្រួលលក្ខ័ណ្ឌ សម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប។

សម្ដេចអធិបតីបានបន្តថា៖ បញ្ហាលំបាកពាក់ព័ន្ធ នឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូរ របស់ ប្រជាពលរដ្ឋ នៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់ខ្ញុំផ្ទាល់ ពេលដែលខ្ញុំចុះទៅ Pub Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ។

សម្ដេចហ៊ុន ម៉ាណែត បានបន្តថា៖ ខ្ញុំសង្ឃឹមថាចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលប់បំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូរ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ ដែលទស្សនាខេត្តសៀមរាបផងដែរ។

ក្នុងសំណេររបស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ក៏បញ្ជាក់ផងដែរថា៖ ខ្ញុំសូមឱ្យសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បណ្ដាធនាគារឯកជន ទាំងអស់ នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដាអាជីវកម្មឯកជន និងបងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មី របស់ ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា ដើម្បីកុំឲ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២៤

ខេត្តសៀមរាប៖ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តសៀមរាប លោក គង់ សំអឿន បានធ្វើការបដិសេធថាខ្លួនមិនបានប្រព្រឹត្តអំពើពុករលួយដូចការចុះផ្សាយរបស់សារព័ត៌មាននោះទេ។

ការបដិសេធនេះធ្វើឡើង បន្ទាប់ពីមាន សារព័ត៌មានក្នុងស្រុកបានចុះផ្សាយលាតត្រដាងនូវអំពើពុករលួយរបស់ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប រូបនេះ តាមរយៈកិបកេងថវិកាជាតិរាប់រយលានរៀល។

សារព័ត៌មានក្នុងស្រុកនោះបានចេញផ្សាយ ជាសាធារណៈ កាលនៅថ្ងៃសុក្រ ទី ២៨ ខែមិថុនា ២០២៤។ ខាងក្រោមនេះជាលិខិតបំភ្លឺរបស់ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page26 Page27 Page28 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចតេជោ ផ្ដល់អំណោយផ្ទះមួយខ្នងជូនអតីតយុទ្ធមិត្តរស់នៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប សម្ដេចតេជោ ផ្ដល់អំណោយផ្ទះមួយខ្នងជូនអតីតយុទ្ធមិត្តរស់នៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ក្រុមមន្ត្រីក្រសួងចុះពិនិត្យផ្លូវមួយខ្សែ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ក្រុមមន្ត្រីក្រសួងចុះពិនិត្យផ្លូវមួយខ្សែ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
តំណាងរាស្ត្រសៀមរាប ផ្ដល់អំណោយ ជូនពលរដ្ឋ ៣០០គ្រួសារ ក្នុងសង្កាត់ស្រង៉ែ តំណាងរាស្ត្រសៀមរាប ផ្ដល់អំណោយ ជូនពលរដ្ឋ ៣០០គ្រួសារ ក្នុងសង្កាត់ស្រង៉ែ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×