ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានអាជីវករនិងសន្តិសុខឃាត់ខ្លួន ប្រគល់ឱ្យនគរបាល បន្ទាប់ពីបានធ្វើសកម្មភាពលួចលុយពីស្ត្រីម្នាក់។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី ស្ថិតនៅចំណុចក្នុងបរិវេណក្នុងផ្សារក្រោមភូមិវិហាចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ឯកណុប សារ៉ាក់អធិការនគរបាលក្រុងសៀមរាបបានដឹងថាជនសង្ស័យឈ្មោះយស់ ស្រីម៉ៅ ភេទស្រី អាយុ៤៣ឆ្នាំមុខរបរពុំពិតប្រាកដ រស់នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀនរាប ពាក់ព័ន្ធករណីអំពើលួច (យកប្រាក់)។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ បន្តថានៅម៉ោងកើតហេតុជនសង្ស័យ បានដើរទៅផ្សារក្រោម គោលបំណងទៅទិញម្ហូប ពេលដើរទៅដល់កន្លែងលក់ចានឆ្នាំងស្រាប់តែឃើញមានស្រ្តីចំណាស់ម្នាក់ដើរចេញពីកន្លែងលក់ចានឆ្នាំបានបន្តិច កន្លែងនោះចង្អៀតមានមនុស្សច្រើន ខ្លួនក៏បានដើរតាមពីក្រោយហើយយកដៃស្ដាំលូកយកប្រាក់នៅហោប៉ៅខាងឆ្វេងរបស់ជនរងគ្រោះ មានទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានលុយចំនួន៥០ដុល្លារ និងប្រាក់ខ្មែរចំនួន២៨៤០០០រៀល។
លោកអធិការបន្តថាជនសង្ស័យក្រោយពីធ្វើសកម្មភាពលួចរួច ជនរងគ្រោះ ក៏ចាប់បានភ្លាម ហើយក៏មានសន្តិសុខផ្សារនាំយកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដើម្បីសាកសួរ។ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចពិតប្រាកដមែន។ករណីនេះដល់នគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

