ត្រីជាច្រើនក្បាល បានងាប់ ដោយសាររីងទឹកអស់ ក្នុងកសិណ ប្រាសាទបាគង

0

ខេត្តសៀមរាប៖ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ដោយសារតែឃើញត្រីជាច្រើនក្បាល បានងាប់ជាបន្តបន្ទាប់ដោយសាររីងទឹកអស់ក្នុងកសិណប្រាសាទបាគង។ហេតុការណ៍ប្រទះឃើញនេះកើតឡើងនៅរសៀលថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅកសិណប្រាសាទបាគង ក្នុងងភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រជាពលរដ្ឋដែលប្រទះឃើញត្រីនោះបានរៀបរាប់ថា ត្រីដែលងាប់នោះគឺមានដូចជាត្រីប្រា ចំនួន១២ក្បាល ដែលក្នុងមួយក្បាលមានទម្ងន់ជាង២០គីឡូក្រាម និងក្នុងនោះមានត្រីជាច្រើនមុខទៀត មានតូចមានធំ។

ប្រជាពលរដ្ឋបន្តថា ដោយមានការអាណិតអាសូរត្រី ពលរដ្ឋនិងព្រះសង្ឃបាននាំគ្នាយកទៅកប់ មិនហ៊ានយកទៅហូបទេព្រោះខ្លាចបាប។ត្រីប្រាទាំងនេះត្រូវបានគេប្រទះឃើញប្រហែលជាជាង២០ឆ្នាំមកហើយ ដោយគ្មាននរណាហ៊ានចាប់វាទេ។បើតាមពលរដ្ឋបន្តថា មិនគួរដដែលអ្នកទទួលបន្ទុកថែរក្សាកសិណប្រាសាទ នេះទុកឲ្យទឹករីងបែបនោះទេ។

ពាក់ព័ន្ធករណីនេះគេនៅមិនទាន់ឃើញជំនាញទទួលបន្ទុកលើការងារនេះចេញសេចក្ដីបំភ្លឺនៅឡើយទេ។ ប៉ុន្តែមន្ត្រីអាជ្ញាធរស្រុកប្រាសាទបាគង បានឲ្យដឹងថា ពិតជាមានករណីត្រីប្រាងាប់មែន។មន្ត្រីថា ការដែលត្រីនេះងាប់គឺដោយសារតែរីងទឹកក្នុងកសិណអស់ជាច្រើនថ្ងៃ។ត្រីប្រាដែលងាប់នោះមានចំនួន១២ក្បាល ហើយត្រូវបានយកទៅកប់។ចំណែកត្រីមួយចំនួនទៀតត្រូវបានអាជ្ញាធរបូមទឹកយកជួយសង្គ្រោះផងដែរ៕SRP