បង្ក្រាបទីតាំងជល់មាន់ នៅស្រុកព្រៃឈរ ឃាត់ខ្លួន​​មនុស្ស១៣នាក់​

0

ខេត្តកំពង់ចាម៖សង្វៀន​ជល់មាន់​បេីក​លេង​ដោយ​លួចលាក់​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​ភូមិ​គៀន​កេស​ ឃុំ​មៀន​ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឆ្មក់​ចុះ​បង្ក្រាប​កាលពី​វេលាម៉ោង​២និង​៤០នាទី​រសៀល​ថ្ងៃ​ទី​៦​ខែមិថុនា​ឆ្នាំ​២០២០​។សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ការចុះបង្រ្កាបករណី​បេីក​លេង​ល្បែង​ស៊ីសង​ដោយ​ខុសច្បាប់​នេះ ដោយ​ទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកំលាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។​ ដែល​ឈាន​ទៅ​ដល់​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​១៣នាក់​ ព្រមទាំង​ដកហូតបាន​ម៉ូតូ​ ​ចំនួន​១០គ្រឿង​ ទូរស័ទ្ទដៃ១១គ្រឿង ប្រាក់រៀលចំនួន២,២៦២,០០០រៀល (បីលានពីរសែនប្រាំមួយម៉ឺនពីរពាន់រៀល) ប្រាក់ដុល្លា ចំនួន១៥៥០ដុល្លា(មួយពាន់ប្រាំរយហាសិបដុល្លាអាមេរិក)​ កន្ត្រក​ចំនួន០២​ និង​ស្កុតរុំជើងមាន់ ចំនួន០៥ផងដែរ​។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី​ច្បាប់​៕SRP