លោកអ៊ុន ចាន់ដា៖ ខេត្តកំពង់ចាម កសិករប្រើប្រាស់ គ្រឿងយន្តកសិកម្ម មានប្រមាណជា​៩១% នៃការភ្ជួររាស់

0

ខេត្តកំពង់ចាម៖លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ វិស័យកសិកម្មក៏កំពុងមានការប្រែប្រួលថ្មី តាមរយៈការយល់ដឹង​ ការប្រែប្រួលទម្លាប់អន់ថយការធ្វើស្រែតាមយកផល ការផលិតសម្រាប់តែផ្គត់ផ្គង់គ្រួសារ ទៅជាការផលិតកម្មតាមបែបវប្បកម្ម សម្រាប់ការធ្វើជំនួញ​ និងបម្រើការនាំចេញ។​
លោកអ៊ុន ចាន់ថា ថាសព្វថ្ងៃការភ្ចួររាស់ដោយគ្រឿងយន្ត​កសិកម្ម ដូចជាត្រាក់ទ័រគោយន្ត។ល។ មានប្រមាណជា​៩១%នៃការភ្ជួររាស់សរុប។​ បច្ចុប្បន្នទូទាំងខេត្តមានត្រាក់ទ័រសរុបចំនួន៨២១គ្រឿង គោយន្តចំនួន៧​ ៩៤៣គ្រឿង ម៉ាស៊ីនច្រូតកាត់៥៤៣គ្រឿង។
លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា​ ពាក់ព័ន្ធដល់ធ្វើបង្ហាញផលិតកម្មស្រូវដោយប្រើប្រាស់គ្រឿងយន្ត​និងបច្ចេកទេសដាំដុះទំនើប នាពេលនេះ​ ពិតជាមានសារៈសំខាន់ ក្នុងកាលៈទេសៈដែលកម្លាំងពលកម្មមនុស្សក្នុងវិស័យកសិកម្មថយចុះ ជាពិសេសបានធ្វើអោយថ្លៃដើមផលិតថយចុះតាមរយៈកាត់បន្ថយពូជ និងពេលវេលា កសិករ​នឹង​បានយល់ដឹងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតនៅក្នុងផលិតកម្មស្រូវ​។
លោកបានបញ្ជាក់យ៉ាងដូច្នេះនៅព្រឹកមិញនេះក្នុងពេលអមដំណើរជាមួយលោកវេង សា​ខុន​ រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​​ធ្វើបង្ហាញផលិតកម្មស្រូវដោយប្រើប្រាស់គ្រឿងយន្ត​ និងបច្ចេកទេសដាំដុះទំនើបដល់ប្រជាកសិករ​ នៅឃុំផ្តៅជុំ ស្រុកជើងព្រៃ​ ខេត្តកំពង់ចាម​ ក្រោម​វត្តមាន​លោក​ Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំប្រទេសកម្ពុជា។
ក្នុងឱកាសនោះដែរលោក​​ វេង សាខុន បាន​ថ្លែង​ថា កម្មវិធីនេះ គឺជានិមិត្តរូបនៃការចាប់ផ្តើមរដូវដាំដុះស្រូវ រដូវវស្សាឆ្នាំ២០២០ និងជាការបង្ហាញអំពីការវិវឌ្ឍរីកចម្រើន នៃវិស័យផលិតកម្មដំណាំស្រូវ ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្ស និងសត្វពាហនៈ មកប្រើប្រាស់គ្រឿងយន្តជំនួសវិញ។​ ទាំង​នេះស្តែងចេញពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយ ជំរុញកំណើនផលិតកម្មកសិកម្ម ដើម្បីជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច តាមរយៈការធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជំរុញការនាំចេញ ដោយការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបទាន់សម័យធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច បរិយាប័ន នរវានុវត្តន៍ និងការប្រែប្រួលអាកាសធាតុ។
តាមរយៈកម្មវិធីជំនួយឧបត្ថម្ភដ៏ធំធេងនេះ រដ្ឋមន្ត្រី វេង សាខុន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ ដល់ប្រជាជន និងរដ្ឋាភិបាលប្រទេសអូស្រ្តាលី និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម នៅកម្ពុជានាពេលកន្លងមក ហើយពិតណាស់ជំនួយនេះ បានចូលរួមចំណែក យ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដើម្បីចូលរួមសម្រេច ឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០និង២០៥០​៕SRP