តុលាការខេត្តសៀមរាប សម្រេចប្រកាសសាលក្រម នៅថ្ងៃទី១៧ខែមិថុនា រឿងក្តី ទារសំណង១២០ម៉ឺនដុល្លារ

ខេត្តសៀមរាប៖សំណុំរឿងព្រហ្មទណ្ឌ ដែលដើមបណ្តឹងប្តឹងទាមទារសំណង ១២០ម៉ឺនដុល្លារតុលាការសម្រេចប្រកាសសាលក្រមខាងមុខនេះ។
អង្គសវនាការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០២០ ដែលមានលោកមុយ សុភក្ត្រ័ ចៅក្រមជំនំុជម្រះ លោកស្រេង វុទ្ធា តំណាងអយ្យការនិងលោកទី សុខណាង ជាក្រឡាបញ្ជី ព្រមទាំងវត្តមានគូរភាគី។
ឆ្លងកាត់ការសាកសួររបស់តុលាការ និងផ្តល់សិទ្ធិដល់មេធាវីទាំងសងខាង ក្នុងការចោទប្រកាន់ដាក់ បន្ទុក និងឆ្លើយដោះបន្ទុក ដែលមានរយ:ពេលពេញមួយព្រឹករួចមក តុលាការបានសម្រេចប្រកាសសាល ក្រមនៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០ខាងមុខនេះ។
ដើមបណ្តឹង នៃសំណុំរឿងព្រហ្មទណ្ឌលេខ១១៦ ចុះថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០១៩មានឈ្មោះស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប។ ចំណែកចុងបណ្តឹងមានឈ្មោះគង់ មង្គល ប្រធានសហគមន៍បឹងពារាំង រួមនិងមន្ត្រីសហគមន៍០៤នាក់ទៀត។
លោកស៊ីម ឈីវឈានពិសិដ្ឋ ដើមបណ្តឹង បានថ្លែងតាមទូរស័ព្ទនារសៀលថ្ងៃទី៣ខែមិថុនានេះថា អង្គសវនាការបានចប់ហើយ។ តុលាការនឹងប្រកាសសាល ក្រមនៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០ខាងមុខនេះ។
លោកបន្តថា ក្នុងបណ្តឹង រូបលោកបានប្តឹងពីបទ (ឃាតកម្មដោយគុំនុំ គិតទុកជាមុន)។ ប៉ុន្តែ តុលាការបានចោទប្រកាន់ពីបទ(ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ។ មាត្រា២១៨នៃក្រមព្រហ្មទណ្ឌនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ តែតុលាការបែជាមិនចាប់ក្រុមជនដៃដល់ផ្តន្ទាទោសនោះទេ។ ផ្ទុយទៅវិញ បែជាផ្តល់សិទ្ធិក្នុងការឆ្លើយដោះបន្ទុកថែមទៀត។ លោក ពិ សិដ្ឋ បានបន្ថែមថា មិនចំពោះថាយ៉ាងណានោះទេ នៅថ្ងៃទី១៧ខែមិថុនាខាងមុខនេះ ប្រសិនបើសាល ក្រមចូលជាស្ថាពរ ដែលបានប្រកាសនោះ វាសាកសមអោយរូបលោកទទួលយកបាន លោកនឹងទទួលយក តែបើមិនអាចទទួលយកបាន(អយុត្តិធម៌)លោកនិងបន្តប្តឹងទៅសាលាឧទ្ធណ៍បន្តទៀត។
ដើមបណ្តឹងរូបនេះបញ្ជាក់ថា នៅតុលាការខេត្តសៀមរាបគឺប្តឹងទាមទារសំណង ១.២០០.០០០ដុល្លារតែបើបន្តប្តឹងទៅឧទ្ធណ៍ទៀត ត្រូវគិតរយ:ពេល។ក្នុង ១ខែទាមទារ២០.០០០ដុល្លារបន្ថែម គិតចាប់ពីថ្ងៃប្តឹង ចឹងទេបើមានរយ:ពេល១ឆ្នាំទើបចប់២០.០០០ដុល្លារគុណ១២ខែ។ ត្បិតពួកគេ(ក្រុមលោក គង់ មង្គល ) ព្រួតគ្នាវ៉ៃមកលើរូបលោកយ៉ាងព្រៃផ្សៃ កាលពីម៉ោង ជាង ៧យប់ ថ្ងៃទី២៦ខែមករាឆ្នាំ២០១៩ កន្លងទៅ ក្នុងខណ:ដែលរូបលោកចុះទៅថតរូបភាពបទល្មើសនៅតំបន់បឹងពារាំង។
ដោយឡែកលោកគង់ មង្គល ប្រធានសហគមន៍បឹងពារាំង ក៏បានផ្តល់បទសម្ភាសន៍តាមទូរសព្ទ័ នៅព្រលប់ថ្ងៃនេះផងដែរថា អង្គសវនាការបានចប់ហើយ នៅថ្ងៃទី១៧ខែមិថុនាខាងមុខនេះ តុលាការនឹងប្រកាសសាលក្រម។ លោកបន្តថា ក្នុងអង្គសវនាការ មេធាវីខាងដើមបណ្តឹង សំណូមពរអោយតុលាការផ្តន្ទាទោសរូបលោកនិងមន្រីសហគមន៍០៤រូបទៀត។តែក៏ត្រូវបានមេធាវីរបស់លោក ស្នើសុំដល់តុលាការ អោយទម្លាក់ការចោទប្រកាន់នេះផងដែរ។ ការស្នើសុំនេះដោយសាដើមចម ដែលបណ្តាលអោយមានហិង្សាគឺ កាលពីអំឡុងចុងខែមករា ឆ្នាំ២០១៩ វេលាម៉ោងជាង៧យប់ លោកពិសិដ្ឋដែលជាដើមបណ្តឹង បានចូលទៅកាន់បឹងពារាំង ជាតំបន់ដែលការពារត្រីមេពូជ សត្វស្លាបនិងសត្វល្មូន ដោយសហគមន៍ ដោយមិនមានការសុំសហការ។ គ្រានោះលោកពិសិដ្ឋ បានថត ឆ្នាំងបាយ និងកន្លែងដេករបស់មន្ត្រីសហគមន៍។ ក្រៅពីនោះក៏បានប្រកាស ប្រាប់មន្ត្រីសហគមន៍ថា រូបគេមកនេះគឺ បានការអនុញាតិពីអាជ្ញាធរក្រុង និងខេត្ត ដើម្បីមកប្រកាសរំលាយសហគមន៍ បឹងពារាំងចោល។ បន្ទាប់ពីឮពាក្យដូច្នេះ មន្ត្រីសហគមន៍ សួររកឯកសារដែលត្រូវរំលាយសហគមន៍ ហើយក៏មានការប្រកែករហូតផ្ទុះជាហិង្សាវាយតប់គ្នាតែម្តង។ចឹងទេការប្តឹងទារសំណងជាសិទ្ធិរបស់បុគ្គល តែរូបលោកជឿជាក់ទៅលើការស៊ើប អង្កេត និងការសម្រេចរបស់តុលាការ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់សវនាការ នាថ្ងៃទី០៣ខែមិថុនា លោកស៊ីម ឈីវឈានពិសិដ្ឋ ដែលជាដើមបណ្តឹង  បានធ្វើការឡាយវីដេអូ នៅមុខតុលាការ ជេរប្រមាថ និងដាក់បណ្តាសារ ទៅលោកគង់ មង្គល យ៉ាងចាស់ដៃ។ប៉ុន្តែ គេមិនទាន់ឃើញការប្រតិកម្ម ឆ្លើយតប ដោយជេរប្រមាថ ពីគូរភាគីវិញនោះឡើយ។ ចឹងទេយ៉ាងណានោះ មហាជនដែលកំពុងតាមដានរឿងដ៏ក្តៅគគុកមួយនេះ ទន្ទឹងរងចាំមើលថា តើភាគីមួយណា មានវាសនាល្អជាង៕SRP