លោកអ៊ុន ចាន់ដា ដាក់ចេញគោលការណ៍ ០៤ចំណុច ដេីម្បីការពារដីសហគមន៍ នៅស្រុកបាធាយ

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តនៅព្រឹកមិញបានបើកកិច្ចប្រជុំពិនិត្យស្ថានភាពដីធ្លីនៅ តំបន់ខុនមាស ស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ។
កិច្ចប្រជុំនេះធ្វើនៅរដ្ឋបាលខេត្តដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុកបាធាយ និងតំណាងប្រជាពលរដ្ឋជាម្ចាស់បណ្តឹងផងដែរ។

សូមបញ្ជាក់ថាជាលទ្ធផលលោក អ៊ុន ចាន់ដា បានដាក់ចេញគោលការណ៍ ០៤ចំណុច ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងសហគមន៍។

ទី០១៖ ចាត់តាំង លោក កែវ នាឬទ្ធិ អភិបាលរងខេត្ត ជាតំណាង អភិបាលខេត្ត ដឹកនាំក្រុមការងារមួយ ចូលរួមដោយមន្ទីរជំនាញ ដោយមានវត្តមានប្រធានមន្ទីរ និងអាជ្ញាធរស្រុក ឃុំ សហការ ជាមួយព្រះរាជអាជ្ញា និងកម្លាំងមានសមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្ដែង ថាតើតំបន់នោះជាដីមេទឹកពិតប្រាកដឬអត់? ហើយមាននៅក្នុងផែនទីក្រសួងធនធានទឹកដែរឬទេ? មានទំហំប៉ុន្មាន? ត្រូវកំណត់ឲ្យច្បាស់និងរាយការណ៍មករដ្ឋភិបាលខេត្តវិញ។ ក្នុងករណីដីខាងលើនេះជាដីមេទឹក សូមរក្សាទុកជាសម្បត្តិរបស់រដ្ឋ។ តែបើពិនិត្យឃើញថា ដីខាងលើនេះមិនមានក្នុងផែនទី ថាជាដីមេទឹកទេ ត្រូវផ្ដល់ជូនដល់ប្រជាពលរដ្ឋទាំង១៨គ្រួសារ។

ទី០២៖ ចំពោះអ្នកទាំង៤០គ្រួសារផ្សេងទៀត នៅពេលក្រុមការងារសម្រេចយ៉ាងណាហើយនោះ គឺអ្នកទាំងនោះមិនមានសិទ្ធិមកកាងដីខាងលើនោះទៀតបានទេ។ ប្រសិនបើមានអ្នកណាមកកាងដីនេះទុកឲ្យឈ្មួញ អាជ្ញាធរខេត្តនឹងអនុវត្តតាមផ្លូវច្បាប់ដោយត្រូវឃាត់ខ្លួនតែម្ដង។ តែបើអ្នកទាំង៤០ គ្រួសារនោះការពារដីខាងលើទុកជាសម្បត្តិរបស់រដ្ឋ អាជ្ញាធរខេត្តសូមគាំទ្រទាំងស្រុង។

ទី០៣៖ ត្រូវមានការចូល និងការសហការពី ព្រះរាជអាជ្ញា និងកងកម្លាំងមានសមត្ថកិច្ច មុនចុះអនុវត្តការងារ។

ទី០៤៖ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សហគមន៍ឡើយ៕SRP