ខេត្តកំពង់ធំ៖មនុស្សចំនួនបីនាក់ត្រូវបានរន្ទះបាញ់សម្លាប់នៅខេត្តកំពង់ធំក្នុងករណី០៣ផ្សេងគ្នា។ អាជ្ញាធរបានរាយការណ៍ថាករណីទី០១នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០វេលាម៉ោង១២និង២៥នាទីរសៀល នៅចំណុច អូរតាញ៉ែម ភូមិសាស្រ្ត ភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុកខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះមី ម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរកសិករនៅភូមិ ត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុកខេត្តកំពង់ធំ។មុនពេលកើតហេតុជនរងគ្រោះបានកំពុងភ្ជួរស្រែនៅពេលមេឃកំពុងតែមានភ្លៀង ត្រូវបានរន្ទះ បាញ់ស្លាប់ភ្លាមៗម្តង។
ករណីទី០២នៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០វេលាម៉ោង១៩និង៣០នាទីចំណុចខាងត្បូងវាលបុស្សលៀបស្ថិតនៅភូមិ ត្រាចជ្រុំឃុំ សំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។ជនរងគ្រោះឈ្មោះស៊ត ប្រាក់ ភេទប្រុស អាយុ៤៩ឆ្នាំជនជាតិខ្មែររស់នៅភូមិ ស្រីរងិត ឃុំ ចំណាក្រោម ស្រុកស្ទោង។តាមការបំភ្លឺរបស់កូនប្រុសថាឪពុករបស់ខ្លួនបានចេញទៅឆ្លុះកង្កែបពេលមេឃកំពុងភ្លៀង ដើរបានចម្ងាយប្រហែល២៥ម៉ែត្រ ស្រាប់តែរន្ទះបានបាញ់ តែម្ដង។
ករណីទី០៣នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០វេលាម៉ោង១៤និង៤៥នាទីរស់នៅភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ជនរងគ្រោះឈ្មោះ កែ មីន ភេទប្រុស អាយុ៤១ឆ្នាំរស់នៅភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។មូលហេតុជនរងគ្រោះទៅភ្ជួរស្រែនៅខាងកើតភូមិ ទួលតាហៀង៕SRP