ខេត្តប៉ៃលិន៖លោកឧត្ដមសេនីយ៍ទោសេង សុគន្ធស្នងការនគរបាលខេត្តប៉ៃលិនបានថ្លែងផ្ដាំផ្ញើចំពោះមន្រ្តីនគរបាល ដែលទើបទទួលបានការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ប្រកបដោយសេចក្ដីសុខសាន្ដបន្ថែមទៀត និងបន្តការចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។
លោកឧត្ដមសេនីយ៍ ស្នងការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ដើម្បីអោយមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក។
លោកឧត្ដមសេនីយ៍ទោសេង សុគន្ធ ថ្លែងយ៉ាងដូច្នេះនៅរសៀលថ្ងៃទី២៩ខែឧសភាម្សិលមិញក្នុងពេលអញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
សូមបញ្ជាក់ថាពិធីនេះធ្វើនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដោយប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ ចំនួន៧៥នាក់ ៖
ថ្នាក់នាយផ្នែក១១នាក់ ។
ថ្នាក់នាយរងផ្នែក២០នាក់ ។
ថ្នាក់នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល០៤នាក់ ។
ថ្នាក់នាយរងផ្នែក០៣នាក់។
បំពាក់ឋានន្តរស័ក្ដិថ្នាក់ អនុសេនីយ៍ទោ៥៦នាក់។
បំពាក់ឋានន្តរស័ក្ដិថ្នាក់ អនុសេនីយ៍ត្រី១២នាក់៕SRPវ៉ន ដារ៉ា