ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេច ស ខេង នៅព្រឹកមិញនេះនាឱកាសអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ បានថ្លែងអំពីដំណើរការនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយសម្ដេចបានសង្កត់ធ្ងន់ថាចាប់តាំងពីថ្ងៃទី១ខែឧសភារហូតមកដល់ថ្ងៃនេះ មានអ្នករិះគន់ប្រមាណមិនដល់១ភាគរយទេដែលបានយល់ខុសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងនគរបាលចរាចរណ៍។ សម្ដេចបានបញ្ជាក់ជាថ្មីទៀតថាប្រសិនបើពលរដ្ឋអ្នកដំណើរមិនប្រព្រឹត្តខុសអ្វីពេលកំពុងបើកបរ គឺគ្មានសមត្ថកិច្ចណាឃាត់សួរនាំរកឯកសារនោះទេ។
សម្ដេចបានបង្ហាញភាពរីករាយចំពោះអត្រាធ្លាក់ចុះនៃគ្រោះថ្នាក់ចរាចរណ៍ គិតត្រឹមរយៈពេល២៦ថ្ងៃកន្លងមក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ និងធៀបនឹងខែមេសាឆ្នាំ២០២០។ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ គឺគ្រោះថ្នាក់បានថយចុះ១១២លើក ស្មើនឹង៣៨ភាគរយ, អ្នកស្លាប់បានថយចុះ៣៤នាក់ ស្មើនឹង២៦ភាគរយ,អ្នករបួសថយចុះ១៦៥នាក់ ស្មើនឹង៣១ភាគរយ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីខែមេសាកន្លងទៅ មានអ្នកស្លាប់ថយចុះ៧នាក់ រងរបួសបានថយចុះរហូតដល់៨២នាក់។
សម្ដេចបានមានប្រសាសន៍ថាពេលនេះការគោរពច្បាប់ចរាចរណ៍នៅកម្ពុជាបានដើរដល់របត់ថ្មីមួយហើយ ហើយនេះគឺជាកិត្តិយសរបស់ជាតិ និងជាការការពារអាយុជីវិត និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ ដែលយើងត្រូវតែបន្តបេសកកម្មនេះដោយគ្មានការដកថយ។
សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថាវិធានការនេះនឹងមិនត្រូវដកថយជាដាច់ខាត គឺសមត្ថកិច្ចត្រូវបន្តធ្វើ និងប្រកបដោយការយកចិត្តទុកដាក់ក្នុងការគោរពសីលធម៌វិជ្ជាជីវៈ មានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដើម្បីបានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ៕SRP