ភ្នំពេញ៖លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថាកាលពីឆ្នាំ២០១៩ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានីខេត្តបានតាមដាន ស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបចំនួន១៦៩លើ១៣៤ករណី កើន៣៥ករណី ស្មើនឹង២៦,១១ភាគរយ ឃាត់ខ្លួនជនសង្ស័យបាន២២៩លើ២២៤នាក់ ធៀបនឹងឆ្នាំ២០១៨ និងបានសង្គ្រោះជនរងគ្រោះចំនួន៤៥៦នាក់លើ២៣០នាក់ ព្រមទាំងបានផ្ដន្ទាទោសជនល្មើសបានជាច្រើនកររណីទៀត។
លោកជំទាវ ជូ ប៊ុនអេង ក៏បានគូសបញ្ជាក់អំពីស្ថានភាពប្រឈមនៃអំពើជួញដូរមនុស្សនាពេលចុងក្រោយនេះ ដែលកើតឡើងដោយសារការនាំពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ពិសេសឆ្លងដែនពីកម្ពុជាចូលទៅកាន់ប្រទេសថៃនៅក្នុងពេលប្រទេសថៃបានរឹតបន្តឹងទាំងផ្ទៃក្នុងប្រទេស និងតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលទាមទារឱ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមថ្មីនេះជាចាំបាច់។
លោកជំទាវ ថ្លែងបញ្ជាក់យ៉ាងដូច្នេះនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកមិញ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមវត្តមានរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះលោកជំទាវក៏បានបញ្ជាក់ផងដែរថា អំពីលទ្ធផលការងារប្រយទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ពាក់ព័ន្ធនឹងការងារច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការបង្ការទប់ស្កាត់ ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស កិច្ចការពារជនរងគ្រោះ និងការផ្ដល់សេវាគាំទ្រ ការលើកកម្ពស់សមត្ថភាពគាំទ្រ ទាំងនៅក្នុងកម្រិតផ្ទៃប្រទេស និងក្រៅប្រទេស៕SRP