រដ្ឋមន្ត្រីមហាផ្ទៃ បង្ហាញការគាំទ្រ ចំពោះយុទ្ធនាការ ដោះស្រាយ ការកកស្ទះសំណុំរឿង ដែលបាន និងកំពុងដឹកនាំ ដោយរដ្ឋមន្ត្រីថ្មី នៃក្រសួងយុត្តិធម៌

រដ្ឋមន្ត្រីមហាផ្ទៃ បង្ហាញការគាំទ្រ ចំពោះយុទ្ធនាការ ដោះស្រាយ ការកកស្ទះសំណុំរឿង ដែលបាន និងកំពុងដឹកនាំ ដោយរដ្ឋមន្ត្រីថ្មី នៃក្រសួងយុត្តិធម៌

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បង្ហាញការគាំទ្រជាថ្មីទៀតចំពោះយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងដែលបាន និងកំពុងដឹកនាំដោយរដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌។

រដ្ឋមន្ត្រីមហាផ្ទៃបានចាត់ទុកយុទ្ធនាការនេះថាជាការឈានទៅដោះស្រាយភាពអសកម្មមួយចំនួន ដូចជាភាពចង្អៀតណែនក្នុងពន្ធនាគារ ដែលនាំឱ្យខាតបង់ថវិកាជាតិផង នាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកជាប់ឃុំផង និងនាំឱ្យមានការរិះគន់ពីអង្គការ និងសហគមន៍អន្តរជាតិផង។
ពាក់ព័ន្ធនឹងយុទ្ធនាការដែលអាចឈានទៅដោះលែងអ្នកជាប់ឃុំមួយចំនួន ដូចជាជនដែលអនុវត្តទោសបានជិតរួលរាល់ ឬមានទោសក្នុងកម្រិតស្រាលជាដើមនោះ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថារាជរដ្ឋាភិបាលបានគិតគូរជាមុនហើយអំពីលទ្ធភាពនៃការគ្រប់គ្រង និងតាមដានអ្នកទាំងនោះ ពោលគឺប្រសិនបើពួកគេបន្តប្រព្រឹត្តល្មើសបន្ទាប់ពីមានសេរីភាព នោះការទទួលខុសត្រូវផ្លូវច្បាប់នឹងកាន់តែមានទំងន់ធ្ងន់ជាងមុន។

សម្ដេចបានថ្លែងទទួលស្គាល់ថាអាចនឹងមានការរិះគន់បន្តទៀតចំពោះការងារនេះ ប៉ុន្តែសម្ដេចបានថ្លែងលើកទឹកចិត្តឱ្យក្រសួងយត្តិធម៌ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធខិតខំបំពេញភារកិច្ចឱ្យបានល្អ ត្បិតថាកាលពីពន្ធនាគារចង្អៀតណែនយើងបានរងការរិះគន់រួចមកហើយ ហើយពេលមានការអនុវត្តនីតិវិធីដោះលែងអ្នកទោសខ្លះនេះ យើងក៏នឹងអាចទទួលរងការរិះគន់ទៀតដែលនេះគឺជារឿងធម្មតានៃសង្គមប្រជាធិបតេយ្យ ពោលគឺអ្វីដែលសំខាន់យើងត្រូវធ្វើទៅតាមច្បាប់ឱ្យបានត្រឹមត្រូវ។

សម្ដេច ស ខេង ថ្លែងយ៉ាងដូច្នេះនៅព្រឹកមិញនាឱកាសអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ៕SRP