ស្នងការ​ខេត្តកំពង់ចាម ចុះ​សួរ​សុខទុក្ខ​ បុរសម្នាក់ ធ្លាក់ខ្លួនពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍

0

ខេត្តកំពង់ចាម៖លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២ខែឧសភា​ ម្សិលមិញបាន​អញ្ជើញ​នាំយកអំណោយ របស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ប្រគល់​ជូន​ប្រជាពលរដ្ឋ​ ​​ជួប​ទុក្ខ​លំបាក០១គ្រួសារ ដែល​មាន​ឈ្មោះ ឈុន រិន ភេទប្រុស អាយុ៤៤ឆ្នាំ ពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ (ពោះម៉ាយ) មានកូនប្រុសអាយុ៨ឆ្នាំម្នាក់នៅមើលថែទាំ និងស្នាក់នៅជាមួយម្ដាយបង្កើត ដែលមានសមាជិកគ្រួសារចំនួន៨នាក់ នៅ​ភូមិតាប៉ោង៣ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។
លោកស្នងការក៏បានធ្វេីការទំនាក់ទំនងទៅមន្ទីរពេទ្យ ដេីម្បីពិគ្រោះបញ្ហាជំងឺរបស់គាត់ ក្រែងអាចមានវិធីជួយសម្រួលដល់ការព្យាបាលឲ្យបានល្អប្រសេីរជាងនេះ​ផងដែរ​។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានថ្លែងថាពិតជាគួរឲ្យ​សង្វេគ​ណាស់ ពេលខ្ញុំ​បានទៅជួបផ្ទាល់​ ជាមួយ​ប្អូន​ប្រុស​ ពិការ​ភាព​​ ដើរមិនរួច​ ដោដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ហើយ​ជីវភាព​ក៏មានការផ្លាស់ប្ដូរ ប្រពន្ធក៏ដាច់ចិត្តចាកចេញ​ បន្សល់​ទុកកូនប្រុសអាយុ៨ឆ្នាំ​ គ្មានលទ្ធភាពសូម្បីបញ្ជូនកូនទៅសាលារៀន​ និងត្រូវនៅជួយមេីលថែទាំ​ឪពុករបស់​ខ្លួន​ទៀត​។
លោក​ ឈុន​ រិន​ ដែលជាជនពិការភាព​ ក៏បានគោរពថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​ ពិសេស​ នាយឧត្តមសេនីយ៍​​ សន្តិបណ្ឌិត អគ្គ​ស្នង​នគរបាល​ជាតិ​ លោកឧត្តមសេនីយ៍ស្នងការ​នគរបាលខេត្តកំពង់ចាម និងសហការី​ ដែលបានអញ្ជេីញដោយផ្ទាល់​ និងបាននាំយកថវិកា សម្ភារប្រេីប្រាស់ គ្រឿងឧបភោគបរិភោគមួយចំនួន​ ដេីម្បីជួយសម្រួលដល់ការលំបាករបស់ខ្លួន​។
ឆ្លៀត​ក្នុងឱកាសនោះដែរ​ លោក​ឧត្តមសេនីយ៍​ស្នងការ​ ក៏បាន​ធ្វើ​ការ​អំពាវនាវដល់​សាធារណជន​ បងប្អូន​ប្រជាពលរដ្ឋ​​ទាំងអស់​ ដែលបានធ្វេីចរាចរណ៍តាមដងផ្លូវ ត្រូវចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបានគ្រប់ៗគ្នា ព្រោះ​ការ​ចូលរួមការពារ ប្រសេីរជាងព្យាបាល​។
​គួរ​បញ្ជាក់​ផង​ដែរថា​ អំណោយ​ដែល​ត្រូវ​ប្រគល់​ជូន​នាឱកាស​នោះ​ រួមមាន ថវិកា ចំនួន៨០០,០០០រៀល, អង្ករ ០២បេ (១០០គីឡូ), មី ០៤កេស, ទឹកសុទ្ធ ០២កេស, ទឹកផ្លែឈើ ០២កេស, ទឹកត្រី ០២យួរ, ទឹកស៊ីអុីវ ០២យួរ, ត្រីខ ០២យួរ, ក្រម៉ា ០៥, ម៉ាស់៥០ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត សរុបជាថវិកាចំនួន១,៦២០,០០០រៀល​ ផងដែរ​៕SRP