អាជ្ញាធរ៖ ករណីគ្រោះធម្មជាតិ សម្រាប់​​ខេត្តកំពង់ចាម មានក្រុង-ស្រុក​ ចំនួន០៦ បានទទួលរងផលប៉ះពាល់

0

ខេត្តកំពង់ចាម៖លោក ហេង​ វណ្ណនី​ អភិបាល​រង​ខេត្ត​ បាន​ឲ្យដឹងថា ពាក់ព័ន្ធ​នឹង​ករណី​គ្រោះ​ធម្មជាតិ​ សម្រាប់​​ខេត្តកំពង់ចាម មានក្រុង-ស្រុក​ ចំនួន០៦​ លើ១០ក្រុង-ស្រុក ដែលទទួលរងផលប៉ះពាល់​ ដោយសារការបាក់ស្រុតច្រាំងទន្លេ​ ជារៀងរាល់ឆ្នាំ ដែល​ក្នុង​នោះ​រួមមាន​ ​នៅក្នុង​ស្រុកស្ទឹងត្រង់​ មានចំនួន​​៥ឃុំ ស្រុកកំពង់សៀម​ មាន​ចំនួន​៦ឃុំ​ ស្រុកកោះសូទិន​ មាន​៤ឃុំ ក្រុងកំពង់ចាម​ មាន​១សង្កាត់ ស្រុកកងមាស​ មាន​៥ឃុំ​ និងស្រុកស្រីសន្ធរ​ មាន​៥ឃុំ​។

អភិបាលរងខេត្តបាន​បញ្ជាក់​ថា​ ពាក់ព័ន្ធ​នឹង​គ្រោះ​ធម្មជាតិ​នេះដែរ​ ជាក់ស្តែងក្នុងឆ្នាំ២០១៩កន្លងទៅ ខេត្តកំពង់ចាម ទទួលរងផលប៉ះពាល់ដោយសារការបាក់ស្រុតច្រាំងទន្លេ​ មាន​ប្រវែងប្រមាណជា២២.១៧៦ម៉ែត្រ និងទទឹងចាប់ពី៥ ទៅ៣០ម៉ែត្រ បណ្តាលឲ្យរុះរើផ្ទះចំនួន១២២ខ្នង ក្នុងនោះផ្ទះចំនួន២១ខ្នង ពុំទាន់បានសាងសង់ឡើងវិញ​នៅឡើយទេ​ និងផ្ទះដែលប្រឈមនឹងការរុះរើ មាន​រហូត​ចំនួន៥៥៩ខ្នង​ និង​សាលាឃុំ១កន្លែង ហេីយ​ក៏​មាន​ការ​ប៉ះពាល់ដល់ហេដ្ឋាចរនាសម្ព័ន្ធ និងផ្ទៃដីកសិកម្ម​ របរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនផងដែរ។
លោកបញ្ជាក់បែបនេះ ដោយបានតំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អញ្ជើញចូលរួមបេីកកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ វាយតម្លៃ ការៀបចំតាំងទីលំនៅថ្មី របស់​បងប្អូន​ប្រជាពលរដ្ឋ​ ដែលរងផលប៉ះពាល់ដោយ​កត្តាធម្មជាតិ​ ការបាក់ស្រុតច្រាំងទន្លេ​ ក្នុងខេត្តកំពង់ចាម នៅរដ្ឋបាលសាលាខេត្តនា
ព្រឹកមិញនេះដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជំនាញ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ និងរដ្ឋបាលក្រុង-ស្រុកដែលពាក់ព័ន្ធផងដែរ៕SRP