សម្ដេច ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋថាមុននឹងបើកបររថយន្តត្រូវមានប័ណ្ណបើកបរពិតប្រាកដត្រឹមត្រូវ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី កម្ពុជា សម្ដេចតេជោហ៊ុន សែន បានផ្ញើសារប្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរថា៖បើកបរត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា៖ នៅពេលនេះ ការរឹតបន្តឹងច្បាប់ចរាចរណ៍គឺកំពុងដំណើរការនៅទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន មុននឹងបើកបររថយន្តត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗអោយបានត្រឹមត្រូវមុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ។

ការរឹតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។ យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើយ។

សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមកដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស៕SRP