ខេត្តសៀមរាប៖អាជ្ញាធរខេត្តនៅថ្ងៃម្សិលមិញបានកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការងារបញ្ហាការជីករណ្តៅយកអាចម៍ដីទីលានចាក់សំរាមបណ្តោះអាសន្នសម្រាប់ឆ្នាំ២០២០។
កិច្ចប្រជុំនេះ បានសម្រេចលទ្ធផលដូចខាងក្រោម៖
០១.ក្រុមហ៊ុនត្រូវបំពេញកាតព្វកិច្ចក្នុងការចាក់អាចម៍ដីរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណទីលានចាក់សំរាមចាស់ឲ្យបានរួចរាល់ មុនយកអាចម៍ដីចេញពីទីលានចាក់សំរាម និងត្រូវបំពេញតាមនីតិវិធីច្បាប់ លិខិតបទដ្ឋានគតិយុត្តដែលមានការពាក់ព័ន្ធនឹងការជីករណ្តៅដែលបានស្នើសុំ
០២.ក្រុមហ៊ុនត្រូវរៀបចំផែនការ និងរាយការណ៍អំពីបញ្ហាប្រឈមដែលក្រុមហ៊ុនជួបប្រទះ ដើម្បីរាយការណ៍មករដ្ឋបាលខេត្ត បានជ្រាប និងពិនិត្យលើកិច្ចការទាំងនោះ ព្រមទំាងពិនិត្យ ណែនាំបុគ្គលិករបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្ន និងយកទុកដាក់ក្នុងការប្រមូលសំរាម និងដឹកជញ្ជូនសំរាមឲ្យបានស្អាត និងជាប្រចាំ
០៣.រដ្ឋបាលខេត្ត នឹងរៀបចំក្រុមការងារ ដើម្បីពិនិត្យ តាមដាន ការប្រមូលសំរាម និងការងារផ្សេងៗ ពាក់ព័ន្ធនឹងបញ្ហាសំរាមក្នុងក្រុងសៀមរាប។
ការប្រជុំនេះក្រោមវត្តមានលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ស្ដីពីបញ្ហាការជីករណ្តៅយកអាចម៍ដីទីលានចាក់សំរាមបណ្តោះអាសន្នសម្រាប់ឆ្នាំ២០២០ របស់ក្រុមហ៊ុន ហ្កាអុីយ៉ា ដោយមានការអញ្ជេីញចូលរួមពីសំណាក់លោក នាយករងរដ្ឋបាលសាលាខេត្ត លោក ប្រធានមន្ទីរបរិស្ថានខេត្ត លោក ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោក នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត តំណាងសាលាក្រុងសៀមរាប សាលាស្រុកប្រាសាទបាគង មន្រ្តីជំនាញពាក់ព័ន្ធនានា និងតំណាងក្រុមហ៊ុន ហ្កាអុីយ៉ា ផងដែរ៕SRP
អាជ្ញាធរខេត្តថា នឹងរៀបចំក្រុមការងារ ដើម្បីពិនិត្យ តាមដាន ការប្រមូលសំរាម នៅក្រុងសៀមរាប