មន្ត្រីជាន់ខ្ពស់លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីវិស័យសុខាភិបាលទាំងអស់ ត្រូវបំពេញការងារស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងមានទំនួលខុសត្រូវ
ថ្លែងក្នុងសន្និសីទប្រចាំឆ្នាំលើកទី១០ របស់មន្ទីរពេទ្យកុមារអង្គរ ស្ដីពីសុខភាពកុមារ ក្រោមប្រធានបទ “បច្ចុប្បន្នភាពជំងឺកុមារ ៧” នៅខេត្តសៀមរាប នាថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្នុងវិស័យសុខាភិបាលទាំងរដ្ឋ និងឯកជន ឱ្យយកចិត្តទុកដាក់ស្វ័យសិក្សាដោយខ្លួនឯងជាប្រចាំ និងចូលរួមក្នុងការស្រាវជ្រាវនានា ដើម្បីពង្រឹងសមត្ថភាពក្នុងការផ្ដល់សេវា។
ឯកឧត្តម បានណែនាំឱ្យរៀបចំផែនការសកម្មភាពការងារបណ្តុះបណ្តាលបន្តឱ្យបានទៀងទាត់ ទៅតាមផែនការដែលអាចធ្វើបាន និងត្រូវចូលរួមត្រៀមបង្ការនូវហេតុការណ៍នៃការប្រែប្រួលអាកាសធាតុដែលបង្កឱ្យកើតមាននូវជំងឺថ្មីៗ។ ជាមួយគ្នានេះ ក៏សូមឱ្យបន្តយកចិត្តទុកដាក់លើការព្យាបាលទាំងឡាយប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាពពោល គឺព្យាបាលជាយឺតប្រសើរជាងព្យាបាលជាឆាប់ តែអាចបង្កជាគ្រោះថ្នាក់ទៅថ្ងៃអនាគត និងសូមចាត់ទុកកុមារដែលមកស្វែងរកសេវាព្យាបាលជាកូនចៅបង្កើតរបស់យើង។
ឯកឧត្តមសាស្ត្រាចារ្យ បានបន្តថា សម្រាប់សន្និសីទថ្ងៃនេះ គឺពិតជាព្រឹត្តិការណ៍ដ៏វិសេសវិសាលមួយក្នុងការលើកកម្ពស់នូវគុណភាព ចំណេះជំនាញអ្នកផ្តល់សេវាសុខាភិបាលកម្ពុជាយើង សំដៅធ្វើឱ្យមានសុក្រិតភាពលើការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា ដែលជាធនធានចាំបាច់ក្នុងការគាំទ្រដល់ការរីកចម្រើននៃវិស័យសុខាភិបាល។ សកម្មភាពទាំងឡាយដែលមន្ទីរពេទ្យកំពុងតែធ្វើនេះ គឺស្រប និងអនុលោមទៅតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលសំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពកុមារដែលជាមុំមួយដ៏សំខាន់របស់យុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះសម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលបានផ្ដល់អាទិភាពជាយុទ្ធសាស្ត្រ៥ គឺ មនុស្ស ទឹក ផ្លូវ ភ្លើង និងនវានុវត្តន៍បច្ចេកវិទ្យា ហើយដូចដែលមន្ទីរពេទ្យបាន និងកំពុងធ្វើពេលនេះ។
លោក មួង ណារិន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍ថា សន្និសីទនេះ គឺជាប្រធានបទមួយផ្តល់នូវការចែករំលែកបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងការពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារក្នុងការចូលរួមចំណែកធ្វើឱ្យប្រសើរនូវគុណភាពនៃការថែទាំព្យាបាល និងកាត់បន្ថយអត្រាមរណភាពរបស់ទារក និងកុមារកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
លោកសាស្រ្តាចារ្យ ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បង្ហាញថា មន្ទីរពេទ្យកុមារអង្គរ ក្រោមកិច្ចសហការជាមួយក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តសៀមរាប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្នុងគោលបំណងផ្តល់ការពិនិត្យ ព្យាបាល និងថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ និងឥតគិតកម្រៃចំពោះកុមារមកពីគ្រួសារក្រីក្រ ចូលរួមពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈការបណ្តុះបណ្តាលវេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល ព្រមទាំងផ្ដល់ការអប់រំសុខភាព និងវិធានការការពារជំងឺដង្កាត់ផ្សេងៗដល់ប្រជាពលរដ្ឋ និងសាលារៀននៅក្នុងសហគមន៍។ ជារៀងរាល់ថ្ងៃមានកុមារប្រមាណ ៣០០ ទៅ ៤០០នាក់ មកទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ និងចាប់តាំងពីមន្ទីរពេទ្យបើកដំណើរការរហូតដល់ពេលបច្ចុប្បន្ននេះ យើងបានផ្ដល់ការព្យាបាលកាលដល់កុមារកម្ពុជាប្រមាណ ៣លានករណី។
សូមជម្រាបថា សន្និសីទប្រចាំឆ្នាំលើកទី១០ នាពេលនេះរៀបចំឡើងក្រោមគោលបំណង លើកកម្ពស់ការថែទាំសុខភាពប្រកបដោយក្តីមេត្តាករុណា និងផ្តោតលើអ្នកជំងឺជាអាទិភាព។ចែករំលែកលទ្ធផលស្រាវជ្រាវក្នុងស្រុកអំពីជំងឺបាតភ្នែកលើទារកកើតមិនគ្រប់ខែ នៅមន្ទីរពេទ្យកុមារអង្គរ ដើម្បីកែលម្អការពិនិត្យស្រាវជ្រាវស្វែងរកជំងឺលើទារកទើបនឹងកើត ការធ្វើអន្តរាគមន៍ទាន់ពេល និងយុទ្ធសាស្ត្របង្ការភាពពិការភ្នែកលើកុមារ។ពង្រឹងសមត្ថភាពរបស់អ្នកជំនាញសុខាភិបាលក្នុងការកំណត់ស្វែងរក វាយតម្លៃ និងគ្រប់គ្រងកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរបង្កើនចំណេះដឹងផ្នែកគិលានុបដ្ឋាក និងជំនាញគ្លីនិកក្នុងការវាយតម្លៃ និងគ្រប់គ្រងទារកដែលមានបញ្ហាលំបាកក្នុងការបំបៅ ឬផ្ដល់អាហារដោយលើកកម្ពស់ការផ្តល់អាហារូបត្ថម្ភប្រកបដោយសុវត្ថិភាព ការតាមដានប្រកបដោយប្រសិទ្ធភាព និងការថែទាំដែលផ្តោតលើគ្រួសារជាសំខាន់។ កែលម្អការវាយតម្លៃ និងការគ្រប់គ្រងដំបូងចំពោះការបាក់ឆ្អឹងលើកុមារ ។ពង្រឹងសមត្ថភាពវិភាគ និងវិនិច្ឆ័យគ្លីនិក តាមរយៈការពិភាក្សាអំពីជំងឺរលាកស្បែក និងសាច់ដុំលើកុមារដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើរោគវិនិច្ឆ័យបែងចែក និងការវាយតម្លៃជាប្រព័ន្ធ ក្នុងការគ្រប់គ្រងជំងឺកម្រជួបប្រទះលើកុមារ។ល៕SRP
អត្ថបទ៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ