លួចកាច់សោកម៉ូតូ នៅមុខព្រលានជល់ដំរី
ខណៈជនរងគ្រោះនាំគ្នាចូលមើលកម្មវិធីប្រដាល់
ខេត្តសៀមរាប៖ជនសង្ស័យចំនួន៣នាក់ត្រូវបាននគរបាលក្រុងសៀមរាបចាប់ខ្លួនពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(កាច់សោម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
នគរបាលក្រុងសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២៣ និង ៣០ នាទី សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ថា នៅចំណុចមុខព្រលានជល់ដំរី ក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប មានករណីអំពើលួចកាច់សោកម៉ូតូ ចំនួន ២គ្រឿង មានម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ បិទតំឡើងស៊េរី២០២៦ ពណ៌ខ្មៅ របស់ជនរងគ្រោះឈ្មោះវិត វឿន ភេទប្រុស និងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ របស់ជនរងគ្រោះឈ្មោះម៉ាប់ ស្រីនិច ភេទស្រី អាយុ២៣ឆ្នាំ ខណៈពេលដែលជនរងគ្រោះទាំងពីរទុកម៉ូតូចោល ហើយនាំគ្នាចូលមើលកម្មវិធីប្រដាល់។
នគរបាលបានបន្តថាក្រោយពីទទួលសេចក្តីរាយការណ៍សមត្ថកិច្ចបានចេញល្បាត លុះនៅម៉ោង០១ និង ០០នាទី អាធ្រាត្រឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ក៏ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ រួមទាំងវត្ថុតាងម៉ូតូជនរងគ្រោះចំនួន ២គ្រឿង និងម៉ូតូជនសង្ស័យចំនួន១គ្រឿង យកមកសាកសួរ ជនសង្ស័យទាំងបី បានឆ្លើយដូចគ្នាថា ពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន។
ប្រតិបត្តិការនេះដករហូតវត្ថុតាងមាន ម៉ូតូជនរងគ្រោះចំនួន២គ្រឿង និងម៉ូតូជនសង្ស័យចំនួន ១គ្រឿង សោកែច្នៃចំនួន ១គ្រាប់ សោខ្សៀលេខ៨ ចំនួន១ កូនសោម៉ូតូបញ្ឆោតមិនទាន់កែច្នៃចំនួន ១គ្រាប់ និងទូរស័ព្ទចំនួន ៣គ្រឿង។ (វត្ថុតាងបានប្រគល់ជូនជនរងគ្រោះវិញ)។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។
សូមជម្រាបថាការបង្ក្រាបនេះ ដោយលោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប សហការជាមួយ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនិងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល អនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប៕SRP