រថយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ១៥គ្រឿង ត្រូវបានក្រុមចល័តក្រសួងចុះឆ្មក់ត្រួតពិនិត្យ និងពិន័យ
ក្រសួងសាធារណការដឹកជញ្ជូនបានអះអាងថាចាប់ពីថ្ងៃទី២០ ដល់ ២១ ខែឧសភា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ឯកឧត្តម គឹម សាន់ អនុប្រធានក្រុមការងារ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុប្រធានក្រុមការងារ និងសមាជិកក្រុមការងារចល័តចម្រុះ សហការជាមួយស្ថានីយជញ្ជីងផ្លូវជាតិលេខ៥ ស្ថានីយមង្គលបុរី ស្ថានីយថ្នល់កែង និងស្ថានីយរំចេក បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានត្រួតពិនិត្យយានយន្ត និងពិន័យ សរុបចំនួន ១៥គ្រឿង ដែលលើសទម្ងន់អនុញ្ញាតចន្លោះពី ៥តោន ដល់ ២៩តោន។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ៦ឡើង ដែលក្រសួងបានណែនាំឱ្យបានត្រឹមត្រូវ។
ក្រុមការងារចល័ត នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ៕SRP

