ក្រុមហ៊ុនស្តារអាងទឹកលេខ២ ក្រោយរងការរិះគន់ថា ឆ្លៀតឱកាសឈូសឆាយបំផ្លាញព្រៃឈើ
ខេត្តពោធិ៍សាត់៖ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណអនុវត្តគម្រោងស្តារអាងស្តុកទឹក នៃទំនប់ស្ទាក់ទឹកលេខ២ ស្ថិតក្នុងតំបន់អារៃ ភូមិខ្សាច់ពូក ឃុំរកាត ស្រុកភ្នំក្រវាញ កំពុងរងការរិះគន់ យ៉ាងចាស់ដៃពីមហាជនថា បាននិងកំពុងឆ្លៀតឱកាសកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនៅតំបន់ក្បែរៗនោះ ដែលជាទង្វើបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងការតាមដានក្នុងមូលដ្ឋានបានទម្លាយឱ្យដឹងថា ក្រុមហ៊ុននេះមិនបានអនុវត្តតាមកិច្ចសន្យា ឬព្រំដែនកំណត់នោះឡើយ ប៉ុន្តែបែរជាបែងចែកសិទ្ធិបន្តទៅឱ្យថៅកែផ្សេងៗគ្នាយ៉ាងអាណាធិបតេយ្យ ដើម្បីធ្វើសកម្មភាពឈូសឆាយ និងកាប់ជម្រះយកឈើតាមប្លុកនីមួយៗ រួមមាន៖
ប្លុកទី១ (ផ្ទៃដី ១,៣០០ ហិកតា)៖ គ្រប់គ្រងដោយថៅកែឈ្មោះ បារាំង និងមានឈ្មោះ ជា ឌឿន ធ្វើជាមេការ។ បច្ចុប្បន្នកំពុងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ (ប្រភេទអាអ៊ិច SK) ចំនួន ២គ្រឿង ធ្វើសកម្មភាពឈូសឆាយបើកផ្លូវចូលទៅកាប់ និងដឹកជញ្ជូនឈើយ៉ាងគឃ្លើន។
ប្លុកទី២ (ផ្ទៃដី ៥០០ ហិកតា)៖ គ្រប់គ្រងដោយថៅកែឈ្មោះ រា និងឈ្មោះ អាន។
ប្លុកទី៣ (ផ្ទៃដី ១,០០០ ហិកតា)៖ គ្រប់គ្រងដោយថៅកែឈ្មោះ ថា។
ប្លុកទី៤ (ផ្ទៃដី ១,០០០ ហិកតា)៖ គ្រប់គ្រងដោយថៅកែរហស្សនាម បងត្រង៉ោល ដោយមានមេការបញ្ជាការឈូសឆាយផ្លូវចូលយកឈើឈ្មោះ ផា (ត្រូវបានគេស្គាល់ថាជាទាហាន) ដែលកំពុងដំណើរការសកម្មភាពយ៉ាងសកម្ម។
សកម្មភាពកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ ក្រោមរូបភាពស្តារទំនប់ទឹកនេះ កំពុងតែធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងគម្របព្រៃឈើការពារធម្មជាតិ។
ជុំវិញករណីនេះមហាជនកំពុងរង់ចាំមើលថាតើ អាជ្ញាធរដែនដី និងមន្ត្រីជំនាញពាក់ព័ន្ធនៃខេត្តពោធិ៍សាត់ នឹងមានវិធានការច្បាប់ក្តៅចំពោះក្រុមហ៊ុននិងក្រុមថៅកែទាំងនេះ ដើម្បីទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើដ៏រង្គាលនេះដែរឬទេ។
ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទល់បានការបំភ្លឺពីក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណអនុវត្តគម្រោងស្តារអាងស្តុកទឹក នៃទំនប់ស្ទាក់ទឹកលេខ២ ស្ថិតក្នុងតំបន់អារៃ និងអាជ្ញាធរជំនាញពាក់ព័ន្ធនៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

