សត្វក្តាន់ដែលជិតផុតពូជបំផុតលើលោក ១ក្បាល ត្រូវបានជួយសង្គ្រោះដោយជោគជ័យ នៅខេត្តក្រចេះ
ខេត្តក្រចេះ៖ដំណឹងដ៏រីករាយមួយសម្រាប់វិស័យបរិស្ថាននិងជីវៈចម្រុះ ដែលសត្វក្តាន់ឈ្មោលមួយក្បាល ទម្ងន់ប្រហែល ៤០គីឡូក្រាម ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុតលើពិភពលោក ត្រូវបានអាជ្ញាធរមូលដ្ឋាន មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF ព្រមទាំងអ្នកភូមិ រួមគ្នាជួយសង្គ្រោះដោយសុវត្ថិភាព បន្ទាប់ពីវាបានរត់ភ័យស្លន់ស្លោចូលក្នុងភូមិ និងជាប់របងលួស។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិក្បាលជូ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
សត្វក្តាន់ឈ្មោលមួយនេះ បានរត់ចេញពីព្រៃដីសើម និងជម្រកវាលស្មៅនៅពីក្រោយផ្ទះអ្នកស្រុក ដោយសារត្រូវបានឆ្កែចិញ្ចឹមដេញតាម។ ក្នុងស្ថានភាពភ័យស្លន់ស្លោ វាបានព្យាយាមរត់គេចខ្លួនឡើងលើផ្លូវជាតិ និងចូលទៅក្នុងផ្ទះអ្នកភូមិ ក៏ស្រាប់តែជ្រុលទៅជាប់នៅក្នុងរបងលួស។ ភ្លាមៗនោះ បងប្អូនប្រជាពលរដ្ឋបានរាយការណ៍ជូនមន្រ្តីជំនាញ ដើម្បីចុះមកអន្តរាគមន៍ចាប់ និងនាំយកមកកន្លែងសុវត្ថិភាព។
តាមការពិនិត្យ សត្វក្តាន់នេះមានស្នាមរបួសលើរាងកាយ ដោយសារការរត់គេចក្នុងហេតុការណ៍ខាងលើ។
បច្ចុប្បន្ន ក្រុមការងារបានទាក់ទងអង្គការសង្គ្រោះសត្វព្រៃកម្ពុជា (Cambodia Wildlife Care – CWC) ដើម្បីបញ្ជូនវាទៅព្យាបាល និងថែទាំនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃក្នុងរាជធានីភ្នំពេញ រហូតដល់ជាសះស្បើយ ទើបដោះលែងទៅក្នុងជម្រកធម្មជាតិវិញ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “ការរកឃើញសត្វក្តាន់រត់ចូលភូមិនេះ ជាសញ្ញាវិជ្ជមានថ្មីមួយបង្ហាញថា ប្រភេទសត្វដ៏កម្រនេះ នៅតែមានវត្តមាននៅក្នុងព្រៃធម្មជាតិរបស់កម្ពុជា និងបានផ្តល់នូវសេចក្តីសង្ឃឹមថ្មី សម្រាប់ការរស់រានមានជីវិតរបស់ពួកវា”។
សត្វក្តាន់នៅកម្ពុជា មានសល់តិចតួចបំផុតហើយត្រូវបានដាក់ឲ្យស្ថិតក្នុងបញ្ជីក្រហមនៃអង្គការ IUCN (ជិតផុតពូជបំផុតនៅលើពិភពលោក)។
តាមការសិក្សានាពេលកន្លងទៅ វត្តមានសត្វក្តាន់នៅកម្ពុជា មានប្រមាណជា ១០០ក្បាលប៉ុណ្ណោះ ដោយកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ ខេត្តក្រចេះ និងតាមតំបន់ការពារធម្មជាតិមួយចំនួនក្នុងខេត្តកោះកុង។
ក្រសួងបរិស្ថានសហការជាមួយដៃគូអភិវឌ្ឍន៍ បាននិងកំពុងរៀបចំ “ផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់២០២៥-២០៣៥” ដែលស្របទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (ភាពស្អាត ភាពបៃតង និងចីរភាព) ដើម្បីការពារសម្បត្តិធម្មជាតិដ៏មានតម្លៃនេះ។
លោក ខ្វៃ អាទិត្យា បានសង្កត់ធ្ងន់ថា សត្វក្តាន់គឺជាថនិកសត្វដ៏គួរឱ្យស្រឡាញ់ និងស្លូតបូត។ លោកបានអំពាវនាវដល់សាធារណជនឲ្យចៀសវាងការដេញបាញ់ ឬធ្វើបាប នៅពេលឃើញសត្វព្រៃរត់ចូលភូមិ ព្រោះវាអាចភ័យស្លន់ស្លោរហូតបង្កគ្រោះថ្នាក់ ឬបណ្តាលឱ្យវាស្លាប់។
លោក ខ្វៃ អាទិត្យា បានបន្តថា ប្រសិនបើជួបប្រទះសត្វព្រៃកម្រ ឬសត្វធំៗ (ដូចជា ដំរី ខ្លា ជាដើម) ដែលអាចបង្កគ្រោះថ្នាក់ សូមទាក់ទងអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីបរិស្ថានភ្លាមៗ ដើម្បីជួយសង្គ្រោះពួកវាទៅកាន់ព្រៃធម្មជាតិវិញដោយសុវត្ថិភាព និងរួមគ្នាថែរក្សាជីវៈចម្រុះរបស់មនុស្សជាតិ៕SRP

