សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីមន្ទីរអង្គភាព និងសប្បុរសជន

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីមន្ទីរអង្គភាព និងសប្បុរសជន
0

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីមន្ទីរអង្គភាព និងសប្បុរសជន

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ នៅថ្ងៃនេះ បានអញ្ជើញទទួលអំណោយជាថវិកាពីមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក វិស័យឯកជន និងសប្បុរសជន ឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងឱកាសអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ៨ ឧសភា ១៨៦៣ – ៨ ឧសភា ២០២៦ ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លៃអំណរគុណចំពោះសន្តានចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងការជួយគាំទ្រក្នុងបុព្វហេតុការងារមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់គ្រួសារ ងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ពិសេសគ្រួសារភៀសសឹកកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ថា ការចូលរួមបរិច្ចាគជាថវិកា ស្បៀងអាហារ និងសម្ភារផ្សេងៗ របស់សប្បុរសជនទាំងអស់ ជាប្រពៃណី និងវប្បធម៌នៃការចែករំលែកដ៏ប្រសើរថ្លៃថ្លារបស់ប្រជាជាតិយើង ក្នុងការលើកកម្ពស់តម្លៃមនុស្សធម៌របស់ជនរងគ្រោះស្របតាមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ថវិកាដែលសប្បុរសជនបានបរិច្ចាគនេះ នឹងក្លាយទៅជាអង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារចាំបាច់ ឬជំនួយបន្ទាន់មួយកញ្ចប់សម្រាប់ជួយដល់គ្រួសារមួយដែលកំពុងជួបការលំបាក។ លើសពីនេះទៅទៀត វាក៏ក្លាយទៅជាកម្លាំងចិត្តមួយសម្រាប់ម្ដាយម្នាក់ ដែលកំពុងបារម្ភពីកូនៗ ជាក្ដីសង្ឃឹមមួយសម្រាប់គ្រួសារភៀសសឹក ជាការលួងលោម និងលើកទឹកចិត្ត សម្រាប់គ្រួសារយុទ្ធជនពលី ឬយុទ្ធជនរងរបួស និងជាសារដ៏កក់ក្ដៅមួយ ប្រាប់ពួកគាត់ថាពួកគាត់មិនត្រូវបានបំភ្លេចចោលឡើយ។ សប្បុរសជនមិនមែនជាអ្នកដែលនៅឆ្ងាយពីប្រតិបត្តិការមនុស្សធម៌ទេ សប្បុរសជន គឺជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌នេះ ហើយជាកម្លាំងពិតនៅពីក្រោយជំនួយដែលទៅដល់ដៃអ្នករងគ្រោះ។

បើតាមរបាយការណ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានបង្ហាញថា រយៈពេល១២ខែ ឆ្នាំ២០២៥ សាខាបានបំពេញសកម្មភាពមនុស្សធម៌ដោយចែកអំណោយជូនគ្រួសាររងគ្រោះ និងងាយរងគ្រោះសរុបបានចំនួន ៧ ៤៤៧គ្រួសារ ៦វត្ត និងផ្ទះមនុស្សធម៌ចំនួន ៤ខ្នង។ ក្នុងនោះធនធានកាកបាទក្រហមកម្ពុជា ៣ ០៥០គ្រួសារ, សាខាខេត្ត ៣ ១៣៩គ្រួសារ ផ្ទះមនុស្សធម៌ ៤ខ្នង ៥វត្ត, អនុសាខា ៣៤៦គ្រួសារ ១វត្ត និងសប្បុរសជន ៩១៥គ្រួសារ។ សម្រាប់ក្នុងខែមេសា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានផ្ដល់សេវាកម្មមនុស្សធម៌ជូនអ្នកទទួលផលដោយផ្ទាល់បានចំនួន ២៩គ្រួសារ និងប្រយោលស្មើនឹង ១០៥នាក់ ក្នុងនោះធនធានសាខា ១៤គ្រួសារ និងអនុសាខា ១៥គ្រួសារ។

សូមជម្រាបថា សប្បុរសជនគ្រប់មជ្ឈដ្ឋានអាចបរិច្ចាគជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តាមរយៈក្រុមការងារបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធី រៀងរាល់ម៉ោងធ្វើការ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឬអាចបរិច្ចាគតាមរយៈគណនីធនាគារ ABA កាណាឌីយ៉ា និងធនាគារវឌ្ឍនៈ របស់សាខាគណនីឈ្មោះ CAMBODIAN RED CROSS SR៕SRP

‎អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ