អាជ្ញាធរខេត្តសៀមរាបគាំទ្រលើសំណើសុំជីកស្តារព្រែកនៅតំបន់កំពង់ផែចុងឃ្នៀស

អាជ្ញាធរខេត្តសៀមរាបគាំទ្រលើសំណើសុំជីកស្តារព្រែកនៅតំបន់កំពង់ផែចុងឃ្នៀស
0

អាជ្ញាធរខេត្តសៀមរាបគាំទ្រលើសំណើសុំជីកស្តារព្រែកនៅតំបន់កំពង់ផែចុងឃ្នៀស

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានបង្ហាញការគាំទ្រលើសំណើសុំជីកស្តារព្រែកនៅតំបន់កំពង់ផែចុងឃ្នៀសដែលអាចសម្រួលដល់ការធ្វើចរាចរទូកការណូតដឹកជញ្ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទៅទស្សនាអាងបឹងទន្លេសាប ហើយកិច្ចការងារនេះ ជាការចូលរួមអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់ចុងឃ្នៀស ដែលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចខេត្តសៀមរាបផងដែរ។

ទន្ទឹមនឹងនេះ​ អាជ្ញាធរបឹងទន្លេសាបក៏មិនបដិសេធចំពោះសំណើជីកស្តារព្រែកនេះដែរ តែស្នើឱ្យអនុវត្តកិច្ចការងារជីកស្តារត្រូវគោរពតាម បទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាការប្រើប្រាស់ព្រែកជីកនេះបានយូរអង្វែង និងមិនធ្វើឱ្យប៉ះពាល់ដល់ជីវចំរុះ។

សូមជម្រាបថានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង តំណាងក្រសួងធនធានទឹក និងអ្នកពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តសៀមរាប បានចូលរួមចុះពិនិត្យទីតាំងស្នើសុំជីកស្តារព្រែកនៅតំបន់កំពង់ផែចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។

ក្រុមការងារទាំងអស់បានចុះពិនិត្យលើទីតាំងស្នើសុំជីកស្តារព្រែក ជាក់ស្តែង និងបន្តរៀបចំកិច្ចប្រជុំពិភាក្សាលើសំណើសុំជីកស្តារព្រែក ដោយមានការចូលរួមយោបល់ពីគ្រប់ជំនាញពាក់ព័ន្ធផងដែរ៕SRP